អានតួអត្ថបទ
កម្ពុជា-ច្បាប់

គណៈកម្មការនៅតែយកវត្តចាស់ជាទីតាំងប្រារព្ធខួប១០០ថ្ងៃលោក កែម ឡី

ជំហរ​មិន​ប្រែ​ប្រួល​ទោះ​មិន​មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​ក្រុង​ក៏​ដោយ ក៏​​គណៈកម្មការ​បុណ្យ​​ខួប​គំរប់​១០០​ថ្ងៃ​លោក​កែម ឡី នៅ​តែ​យក​វត្ត​ចាស់​ជា​ទីតាំង​ប្រារព្ធ​ខួប​១០០ថ្ងៃលោក​បណ្ឌិត​កែម ឡី ដដែល។ ហើយ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ឯណេះ​វិញ​ក៏​នៅ​តែ​រក្សា​ជំហរដាច់ណាត់​មិន​ឲ្យ​មាន​រៀបចំ​ពិធី​បុណ្យ​នៅ​វត្ត​ចាស់​នោះ​ទេ។

ពលរដ្ឋ​ទូទៅ ​​ទៅគោ​រព​វិញ្ញាណក្ខន្ធ​សព​លោក​ កែម ឡី ​ដែល​តម្កល់​ទុក​នៅ​វត្ត​ចាស់ កាលពីពេលកន្លងទៅ។ ។​
ពលរដ្ឋ​ទូទៅ ​​ទៅគោ​រព​វិញ្ញាណក្ខន្ធ​សព​លោក​ កែម ឡី ​ដែល​តម្កល់​ទុក​នៅ​វត្ត​ចាស់ កាលពីពេលកន្លងទៅ។ ។​ @HEAM Chetra
ផ្សាយពាណិជ្ជកម្ម

ព្រះតេជ​គុណ ប៊ុត ប៊ុនទិញ សមាជិក​គណៈកម្មការ​បុណ្យ​ខួប​គម្រប់១០០​ថ្ងៃ​លោក កែម ឡី មិន​មាន​ក្ដី​ព្រួយ​បារម្ភ​ខ្លាច​មាន​បញ្ហា​អ្វី​មួយ​កើត​ឡើង​នោះ​ទេ ខណៈ​ដែល​គណៈកម្មការ​បុណ្យ​លោក កែម ឡី នៅ​តែ​យក​វត្ត​ពោធិយារាម​ហៅ​វត្ត​ចាស់​ខណ្ឌ​ជ្រោយ​ចង្វារ​ជាទី​តាំង​ប្រារព្ធ​កម្ម​វិធី​បុណ្យ។ ព្រះតេជគុណ ប៊ុត ប៊ុនទិញ បាន​ហៅ​ការ​ហាម​ឃាត់​របស់អាជ្ញាធរ​ជា​ទង្វើ​រើស​អើង​ប្រកាន់​បក្ស​ពួក។

ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​ព្រះតេជគុណ ប៊ុត ប៊ុនទិញ នៅ​តែ​មាន​ជំនឿ​ថា នឹង​មាន​ការ​ប្រែប្រួល​ជា​វិជ្ជមាន​ណាមួយ​សម្រាប់​ការ​រៀបចំ​ពិធី​បុណ្យ​ខួប​គំរប់​១០០​ថ្ងៃ​លោក កែម ឡី។ ព្រោះ​ព្រះអង្គ​ជឿ​ទៅ​លើ​បទពិសោធន៍​ពី​អតីតកាល​ដោយ​កាល​ពី​មុន​ពិធី​រៀប​ចំ​បុណ្យសព​លោក កែម ឡី ប្រារព្ធ​បាន​នៅ​វត្ត​ចាស់​លើក​នេះ​ក៏​ប្រារព្ធ​បាន​ដូច​គ្នា។

ដោយ​ឡែក​បន្ថែម​ពី​លើ​លិខិត​របស់​សាលា​រាជធានី​ភ្នំពេញ លោក មាន ចាន់យ៉ាដា អ្នកនាំ​ពាក្យ​សាលារាជធានី​ភ្នំពេញ​បាន​គូស​បញ្ជាក់​ថា ជំហរ​របស់​អាជ្ញាធរ​គឺ​នៅ​ដដែលពោល​គឺ​មិន​អនុញ្ញាត​ឲ្យ​យក​ទីតាំង​វត្ត​ចាស់​ប្រារព្ធ​កម្មវិធី​បុណ្យ​ខួប​១០០​ថ្ងៃលោក កែម ឡី នោះ​ទេ។

លោក​ថា មូល​ហេតុ​ដោយ​សារ​តែ​អាជ្ញាធរ​មិន​ទាន់​យល់​ច្បាស់​ពី​សមាសភាព​នៃ​គណកម្មការ​រៀប​ចំ​បុណ្យ​សព​របស់​លោក កែម ឡី ដោយ​គ្មាន​ការ​ចូល​រួម​ពីក្រុម​គ្រួសារ​នៃ​សព​ជាពិសេស​គឺ​ម្ដាយ​និង​បង​ប្អូន​បង្កើត​លោក កែម ឡី។ ម្យ៉ាង​ទៀតអាជ្ញាធរ​យល់​ថា ពិធី​បុណ្យ​គួរ​តែ​រៀបចំ​នៅ​ស្រុក​កំណើត។  ប្រឈម​នឹង​ជំហរ​ដាច់ណាត់​របស់​គណៈកម្មការ​បុណ្យ​សព​នេះ លោក មាន ចាន់យ៉ាដា ថា អាជ្ញាធរ​នៅ​មិនទាន់​គិត​គូរ​ពី​វិធានការ​នោះ​ទេ។

សូម​បញ្ជាក់ថា ពិធី​បុណ្យ​ខួប​គម្រប់​១០០​ថ្ងៃ​លោក​បណ្ឌិត កែម ឡី នឹង​ប្រារព្ធ​ឡើង​រយៈពេល​បួន​ថ្ងៃ​ចាប់​ថ្ងៃ​ទី​១៤​ដល់​១៧​តុលា។ ក្រៅ​ពី​រៀបចំ​ពិធី​បែប​សាសនា​ដែល​មានកំណត់​ក្នុង​កម្មវិធី​បុណ្យ​ក៏​មាន​ដង្ហែ​រូប​សំណាក​លោក កែម ឡី ចេញ​ពី​វត្ត​ចាស់​ទៅ​តំកល់​នៅ​ស្រុក​កំណើត។ ក្ដី​រំពឹង​របស់​ព្រះតេជគុណ ប៊ុត ប៊ុនទិញ នឹង​មាន​ពលរដ្ឋ​ខ្មែរចូល​រួម​កម្មវិធី​បុណ្យ​ចំនួន​១០​ម៉ឺន​នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ