អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ការ​ដក​ដំណែង​លោក​កឹម សុខា ​គឺ​ជា​តេស្ត​មួយ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

តំណាង​រាស្ដ្រ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដក​តួនាទី​ដឹកនាំ​រដ្ឋសភា​របស់​លោក​កឹម សុខា ​ប្រកប​ដោយ​ជោគជ័យ​កាល​ពី​ចុង​សប្តាហ៍​មុន​​គឺ​​ជា​ជ័យ​ជំនះ​ផ្លូវ​ចិត្ត​របស់​គណបក្ស​កាន់​អំណាច ​ប៉ុន្តែ​គឺ​ជា​រូបភាព​វិជ្ជមា​ន​ផ្នែក​នយោបាយ​សម្រាប់​គណបក្ស​ប្រឆាំង។​ ប៉ុន្តែ​វិបត្តិ​នយោបាយ​នឹង​អូស​បន្លាយ​តទៅទៀត​ប្រសិន​បើ​មិន​មាន​ការ​ចរចា​សម្រុះ​សម្រួល​គ្នា​រវាង​គណបក្ស​កាន់​អំណាច​និង​គណបក្ស​ប្រឆាំង​នោះ។​

លោក កឹម សុខា អនុប្រធាន​​គណបក្ស​​សង្រ្គោះ​​ជាតិ ​​
លោក កឹម សុខា អនុប្រធាន​​គណបក្ស​​សង្រ្គោះ​​ជាតិ ​​ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

កាល​ពី​ថ្ងៃ​សុក្រ​ទី​៣០​ ខែ​តុលា ​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៦៨​រូប​ បាន​បោះឆ្នោត​ជា​ឯកឆន្ទ​ទម្លា​ក់លោក ​កឹម សុខា​ ពី​ដំណែង​អនុ​ប្រធាន​ទី​១​នៃ​រដ្ឋសភា​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ។​

ពិតមែន​ហើយ​ការ​ដក​ដំណែង​មេដឹកនាំ​គណបក្ស​ប្រឆាំង​រូប​នេះ​មិន​មែន​កើត​ឡើង​ដោយ​ចៃដន្យ​ទេ​ហើយ​ក៏​មិន​មែន​ជា​ព្រឹត្តិការណ៍​ដែល​មាន​ភ្លើង​មិន​មាន​ផ្សែ​ងនោះ​ដែរ​។ផ្ទុយ​ទៅ​វិញ​ការ​ដក​ដំណែង​នេះ​ផ្សារ​ភ្ជាប់​ទៅ​នឹង​ព្រឹត្តិការណ៍​ចំនួន​ពីរ​ដែល​កើត​ឡើង​បន្ត​បន្ទាប់​បណ្តាក់​គ្នា។ 

ព្រឹត្តិការណ៍​ទី​១​គឺ​បាតុកម្ម​ប្រឆាំង​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន​ នៅ​ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង​ក្នុង​ឱកាស​លោក​ចាប់​ផ្តើម​បំពេញ​ទស្សនៈ​កិច្ច​ជា​ផ្លូវ​ការ​នៅ​ទី​នោះ ​ហើយ​បន្ទាប់​មក​លោកហ៊ុ​ន សែន​ បាន​ប្រកាស​ពី​ប្រទេស​បារាំង​ថ្ងៃ​ទី​២៥ ​តុលា ​ឆ្នាំ​២០១៥​ថា​លោក​កឹម សុខា ​អាច​នឹង​បាត់បង់​ដំណែង​ជា​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា។ 

និង​ព្រឹត្តិការណ៍​ទី​២​ គឺ​ជា​ការ​ធ្វើ​បាតុកម្ម​ទ្រង់​ទ្រាយ​ធំ​មួយ​នៅ​មុខ​មន្ទីរ​រដ្ឋ​សភា​ជាតិ។ ​ក្រុម​បាតុករបានស្រែកទាមទារឲ្យដកដំណែងលោកកឹម សុខា ជា​បន្ទាន់​ដោយ​ផ្អែក​លើ​មូលហេតុ​នៃ​ការ​ព្រួយ​បារម្ភ​ពី​ការ​បង្ក​អស្ថេរភាព​និង​សន្តិសុខ​ជាតិ។ ​ព្រឹត្តិការណ៍​ទី​២​នេះ​ក៏​មាន​ទំនាក់​ទំនង​ជាមួយ​សេចក្តី​ប្រកាស​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ នៅ​ប្រទេស​បារាំង​ផង​ដែរ។​​

បើ​គេ​ពិនិត្យ​លើស​វតា​រឿង​ទាំង​នេះ ​គេ​អាច​ទាញ​ទឡ្ហីករ​បាន​មួយ​ចំនួន។​

ទី១​ នេះ​គឺ​ជា​លទ្ធផល​ដែល​កើត​ចេញ​ពី​ភាព​ប្រេះ​ស្រាំ​នៃ​ចំណង​នយោបាយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ។​ នោះ​​គឺ​​ចំណង​នៃ​កិច្ច​ព្រមព្រៀង​នយោបាយ​នៅ​ឆ្នាំ​២០១៤​ក្រោយ​ពី​គណបក្ស​ទាំង​ពីរ​តវ៉ា​គ្នា​មិន​ចាញ់​មិន​ឈ្នះ​លើ​លទ្ធផល​បោះឆ្នោត។​និយាយ​ឲ្យ​ចំ​គឺ​វា​​ជា​លទ្ធផល​នៃ​ការ​ដួល​រលំ​ដល់​កម្រិត​សូន្យ​នៃ​អ្វី​មួយ​ដែល​គេ​បាន​ប្រសិទ្ធ​នាម​ឲ្យ​ថា​ជា​ «វប្បធម៌​សន្ទនា» នៃ​គណបក្ស​គូ​ប្រជែង​ស្លាប់​រស់​ទាំង​ពីរ។​

ទី២​ ការ​ដក​ដំណែង​លោក​កឹម សុខា​ នេះ​បាន​បង្ហាញ​ពី​កម្លាំង​សម្ពាធ​ផ្នែក​នយោបាយ​របស់​គណបក្ស​កាន់​អំណាច​លើ​គូ​ប្រជែង​របស់​ខ្លួន​ ទាំង​នៅ​ក្នុង​ទីលាន​ទូទៅ ​ទាំង​នៅ​ក្នុង​ស្ថាប័ន​និតិ​បញ្ញត្ដិ។

ទី​៣​ ការ​ទម្លាក់​លោក​កឹម ​សុខា ​ពី​កៅអី​ដឹកនាំ​លំដាប់​ទី​២​នៅ​ក្នុង​ស្ថាប័ន​កំពូល​នេះ​ ចង់​ឬ​មិន​ចង់​ក៏​ជា​ផ្នែក​មួយ​ដែល​ចាំង​ផ្លាត​ពី​ឥទ្ធិព​ល​នៃ​មេដឹកនាំ​ស្ថាប័ន​និតិ​ប្រតិបត្តិ​លើ​ស្ថាប័ន​នីតិ​បញ្ញត្តិ។ 

ទី៤ វា​បាន​បង្ហាញ​ពី​អំណាច​និង​ប្រសិទ្ធិភាព​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ស្តីពី​កិច្ច​ព្រមព្រាង​ជាមួយ​គណបក្ស​ប្រឆាំង។​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​នយោបាយ​រវាង​គណបក្ស​កាន់​អំណាច​និង​គណបក្ស​ប្រឆាំង​ដើម្បី​ពុះ​បំបែក​វិបត្តិ​នយោបាយ​ក្រោយ​ពី​ការ​បោះឆ្នោត​ខែ​កក្កដា​ឆ្នាំ២​០១៣ ​គណបក្ស​ទាំង​ពីរ​បាន​ព្រម​ព្រៀង​គ្នា​ផ្តល់​ដំណែង​អនុប្រធាន​ទី១​នៃ​រដ្ឋសភា​ដល់​គណបក្ស​សង្រ្គោះ​ជាតិ​ ប៉ុន្តែ​នៅ​ក្នុង​បរិបទ​នៃ​ការ​ទម្លាក់​ដំណែង​លោកកឹម ​សុខា ​គណបក្ស​ប្រជាជន​កម្ពុជា​ចង់​បង្ហាញ​សារ​មួយ​ថា​ខ្លួន​មាន​លទ្ធភាព​ដក​ដំណែង​នេះ​ពី​លោក​កឹម សុខា ​វិញ​ថ្វី​បើ​ខ្លួន​បាន​ឯកភាព​ជា​គោលការណ៍​លើ​ចំណុច​នេះ​ទៅ​ហើយ​ក្តី។ ពោល​គឺ​គណបក្ស​ប្រជាជន​ចង់​ប្រគល់​ដំណែង​នោះ​ក៏​បាន​ ហើយ​ដក​ហូត​មក​វិញ​ក៏បា​ន។

​ទី៥ ​ការ​ទម្លាក់​លោក​កឹម សុខា ​អាច​ជា​ការ​កាត់​ជើង​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ស្ថាប័ន​នីតិ​បញ្ញត្តិ​​ដ្បិ​តលោក​កឹម សុខា ​មាន​តួនាទី​សំខាន់​មួយ​ជា​ពិសេស​ពេល​ដែល​លោក​ត្រូវ​ដឹកនាំ​កិច្ច​ប្រជុំ​ក្នុង​អវត្តមា​នរប​ស់ប្រធាន​សភា ​លោក​ហេង សំរិន។​ ម្យ៉ា​ងវិញ​ទៀត​តួនាទី​របស់​លោក​កឹម សុខា​ ក៏​ជា​បង្អែក​មួយ​របស់​តំណាង​រាស្ដ្រ​បក្ស​ប្រឆាំង​នៅ​ក្នុង​ស្ថាប័ន​កំពូល​នេះ​ដែរ។

​ទី៦​ ការ​ឈាន​ដល់​ដំណាក់​កាល​ចុង​ក្រោយ​នេះ​ក៏​ជា​ការ​បញ្ជាក់​ពី​ការ​ខ្វះ​ភាព​បត់​បែន​របស់​គណបក្ស​ប្រឆាំង​ផង​ដែរ។​ភាព​បត់បែន​ដែល​អាច​នឹង​ទប់​ស្កាត់​ហេតុការណ៍​នេះ​កើត​ឡើង​បាន។​ ​ប៉ុន្តែ​វា​ក៏​អាច​ជា​យុទ្ធសាស្ដ្រ​របស់​គណបក្ស​ប្រឆាំង​ផង​ដែរ​ក្នុង​ការ​រុញ​ទូក​បណ្តោយ​ទឹក​ នៅ​ពេល​ដែល​គណបក្ស​កាន់​អំណាច​ពុះពារ​រុញ​ស្ថានការណ៍​នេះ​ឲ្យ​កើត​ឡើង។​ ពីព្រោះ​ថា​នៅ​​ក្នុង​​ការ​អនុវត្ត​វិធានការ​ដក​ដំណែង​លោក​កឹម សុខា ​នេះ​គណបក្ស​ប្រជាជនក​ម្ពុជា​បាន​ឈ្នះ​ផ្លូវ​ចិត្ត​លើ​គណបក្ស​សង្គ្រោះ​ជាតិ​ ប៉ុន្តែ​ជា​រូបភាព​នយោបាយ​គណបក្ស​ប្រឆាំង​បាន​ស្រូប​យក​ប្រតិកម្ម​ដែល​មាន​លក្ខណៈ​វិជ្ជមា​នដ​ល់ខ្លួន។ គឺ​ប្រតិកម្ម​កម្រិ​តជាតិ​និង​កម្រិត​អន្តរជាតិ។​

ទី៧ ​ការ​ដក​តួនាទី​អនុប្រធាន​ទី​១​នៃរ​ដ្ឋសភា​ពី​លោក​កឹម សុខា ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ពី​ប្រសិទ្ធភាព​របស់​អង្គការ​នីតិបញ្ញត្តិ​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ទាមទារ​របស់​ក្រុម​បាតុករ​។​ ហើយ​បាន​យក​សំណើរ​និង​ការ​ទាមទារ​របស់​ក្រុម​បាតុករ​ទៅ​ពិចារណា​និង​សម្រេច​យ៉ាង​ឆាប់​រហ័ស។ 

ដូច្នេះ​ផល​វិបាក​នេះ​តម្រូវ​ឲ្យ​មាន​ការ​ពិភាក្សា​នយោបាយ​ឡើង​វិញ​រវាង​គណបក្ស​កាន់​អំណាច​និង​គណបក្ស​ប្រឆាំង។​ គណបក្ស​ទាំងពីរ​អាច​នឹង​សាកល្បង​ចង​ភ្ជាប់​ស្ពាន​វប្បធម៌​សន្ទនា​ឡើង​វិញដើ​ម្បី​ភាព​សុខដុម​និង​លំនឹង​នយោបាយ។

​គណបក្ស​កាន់​អំណាច​គួរ​តែ​ផ្តល់​ឱកាស​ដល់​ការ​ដាក់​បេក្ខភាព​លោក​កឹម សុខា ឬ​បេក្ខភាព​របស់​លោកសម ​រង្ស៊ី​ជាជំ​នួស​សម្រាប់​ដំណែង​ដែល​បាត់បង់​នេះ។​ប៉ុន្តែ​រូបភាព​នឹង​កាន់​តែ​អាក្រក់​ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ស្នើ​បេក្ខភាព​បេក្ខជន​សម្រាប់​ដំណែង​នេះ ​ហើយ​ដំណែង​នេះ​នឹង​ត្រូវ​ច្បាម​យក​ដោយ​គណបក្ស​កាន់​អំណាច​នោះ។

ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ទាមទារ​របស់​ក្រុម​បាតុករ​យ៉ាង​មាន​ប្រសិទ្ធភាព​របស់​ក្រុម​តំណាង​រាស្ដ្រ​ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​គឺ​ជា​តេស្ត​មួយ​សម្រាប់​យក​ទៅ​អនុវត្តន៍​សម្រាប់​ការ​ទាមទារ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​សម្រាប់​ក្នុង​ករណី​ដទៃទៀត​របស់​ក្រុម​ប្រជាពលរដ្ឋ​។ហើយ​ទំនង​ជា​ប្រជាពលរដ្ឋ​អាច​រង់ចាំ​មើល​បំណាំ​នេះ​នៅ​ថ្ងៃ​ខាង​មុខ៕​

អត្តបទដោយ៖គង់ សុឋានរិទ្ធ

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ