អានតួអត្ថបទ
កម្ពុជា

ពលរដ្ឋ​​ខ្មែរ​​នៅ​​អូស្ត្រាលី ​កាណាដា ​និង​​បារាំង​​ផ្តើម​ធ្វើ​​បាតុកម្ម​​ទាមទារ​​ដោះ​លែង​​លោក​​កឹម សុខា ​នៅ​ថ្ងៃ​នេះ​

នៅ​រសៀល​នេះ ប្រជាពលរដ្ឋ​ខ្មែរ​នៅក្នុង​ប្រទេស​អូស្ត្រាលី​ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចាប់ផ្តើម​ជួបជុំគ្នា​ធ្វើបាតុកម្ម ដើម្បី​ទាមទារ​ឲ្យ​មានការ​ដោះលែង​លោក​កឹម សុខា ប្រធាន​បក្សប្រឆាំង​ដោយ​ឥត​លក្ខខណ្ឌ ការគោរព​សិទ្ធិមនុស្ស និង​ការគោរព​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា។ បាតុកម្ម​នេះ ដឹកនាំ​ធ្វើ​ដោយ​សហព័ន្ធ​ខ្មែរ​អូស្ត្រាលី​សារ​ជីវ​កម្ម។ ក្រៅពី​អូស្ត្រាលី ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​កាណាដា និង​ប្រទេស​បារាំង​ក៏​គ្រោង​ធ្វើបាតុកម្ម​នៅថ្ងៃនេះ​ដូចគ្នា​ផងដែរ។

ពលរដ្ឋខ្មែរ​នៅ​អូស្រ្តាលី​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​ដោះលែង​លោកកឹម សុខា ​
ពលរដ្ឋខ្មែរ​នៅ​អូស្រ្តាលី​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​ដោះលែង​លោកកឹម សុខា ​ @SUN TVHD
ផ្សាយពាណិជ្ជកម្ម

បាតុកម្ម​របស់​ពលរ​ដ្ឋ​ខ្មែរ​នៅក្នុង​ប្រទេស​អូស្ត្រាលី ត្រូវបាន​សហព័ន្ធ​ខ្មែរ​អូស្ត្រាលី​សាជីវកម្ម​ដាក់ឈ្មោះថា ទិវា​ទាមទារ​ការដោះលែង​លោក​កឹម សុខា ប្រធាន​គណបក្សប្រឆាំង ការគោរព​សិទ្ធិមនុស្ស និង​សេរីភាព​ខាង​សារព័ត៌​មាននៅ​កម្ពុជា។ បាតុកម្ម​នេះ ធ្វើឡើង​នៅមុខ​អាគារ​Springvale ក្នុង​ទីក្រុង Melbourne នៃ​រដ្ឋ Victoria ប្រទេស​អូស្ត្រាលី។ តាម​សេចក្តីអំពាវនាវ​ឲ្យ​ជួបជុំគ្នា​ធ្វើបាតុកម្ម​របស់ខ្លួន សហព័ន្ធ​ខ្មែរ​អូស្ត្រាលី​សាជីវកម្ម​បញ្ជាក់ថា ការចូលរួម​ធ្វើបាតុកម្ម​លើក​នេះ គឺ​ដើម្បី​បង្ហាញ​នូវ​មនសិការ​ស្នេហា​ជាតិ​និង​សាមគ្គីភាព​របស់​ជនជាតិ​ខ្មែរ​នៅក្នុង​ប្រទេស​អូស្ត្រាលី។

ក៏ប៉ុន្តែ​ចំពោះ​ការធ្វើ​បាតុកម្ម​នេះ សមាគម​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី​ចំនួន៥ផ្សេងទៀត បាន​ចេញមុខ​បដិសេធថា សហព័ន្ធ​ខ្មែរ​អូស្ត្រាលី​សាជីវកម្ម​ដែល​ប្រមែប្រមូល​ពលរដ្ឋ​ខ្មែរ​ធ្វើបាតុកម្ម​នេះ មិនមែន​តំណាង​ឲ្យ​ពលរដ្ឋ​ខ្មែរ និង​សមាគម​ខ្មែរ​ទូទាំងប្រទេស​អូស្ត្រាលី​នោះឡើយ។ សមាគម​ខ្មែរ​នៅ​អូស្ត្រាលី​ទាំង៥នេះ រួមមាន​សមគម​វប្បធម៌​សាជីវកម្ម​រដ្ឋ​អូស្ត្រាលី​ខាងត្បូង សមាគម​ខ្មែរ អូស្ត្រាលី​នៃ​រដ្ឋ​ឃ្លី​ន​ស្លែ​ន​ដ៍​សាជីវកម្ម សមាគម​ពលរដ្ឋ​ខ្មែរ​អូស្ត្រាលី​រដ្ឋ​វិច​តូ​រី​យ៉ា សមាគម​មិត្តភាព​កម្ពុជា និង​វប្បធម៌​ប្រចាំ​រដ្ឋ​អូស្ត្រាលី​ខាងត្បូង​សាជីវកម្ម និង​សមាគមយុវជន​ខ្មែរ​ទីក្រុង​ស៊ីដនី។

ផ្ទុយ​ពី​សហព័ន្ធ​ខ្មែរ​អូស្ត្រាលី​សាជីវកម្ម សមាគម​ខ្មែរ​ទាំង៥នៅក្នុង​ប្រទេស​អូស្ត្រាលី​នេះ បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទាំងអស់​រក្សា​ភាពស្ងប់ស្ងាត់ និង​ទុក​ករណី​លោក​កឹម សុខា​នេះ ជូន​តុលាការ​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ ដើម្បី​ធានាបាន​នូវ​សន្តិសុខ និង​សណ្តាប់ធ្នាប់​នៅក្នុង​ប្រទេស​កម្ពុជា។ បន្ថែម​ពីលើ​នេះ សមាគម​ខ្មែរ​ទាំង៥ ក៏បាន​អំពាវនាវ​កុំ​ពលរដ្ឋ​ខ្មែរ​ទៅ​ចូលរួម​ធ្វើបាតុកម្ម​តាម​ការអំពាវនាវ​រប​ស់​សហព័ន្ធ​ខ្មែរ​អូស្ត្រាលី​សាជីវកម្ម​ថែមទៀត។

បើទោះបីជា​មានការ​អំពាវនាវ​កុំ​ពលរដ្ឋ​ចូលរួម​បាតុកម្ម​បែបនេះ​ក្តី ប៉ុន្តែ​បាតុកម្ម​នៅ​អូស្ត្រាលី​នៅតែ​បន្តធ្វើ​ដូច​ការគ្រោងទុក។ ក្រៅតែពី​អូស្ត្រាលី​នេះ បាតុកម្ម​ក៏​ធ្វើឡើង​នៅ​បារាំង និង​កាណាដា​នៅ​ថ្ងៃ​តែមួយ​នេះ​ថែមទៀត។ បន្ថែម​លើ​នេះ គម្រោង​ធ្វើបាតុកម្ម​នៅ​បរទេស​ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​លោក​កឹម សុខា ក៏​គ្រោង​ធ្វើ​នៅ​ថ្ងៃទី១០ ខែកញ្ញា នៅ​ទីក្រុង​Long Beach រដ្ឋកា​លី​ហ្វ​ញ៉ា និង វ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ ចំណែក​នៅ​ថ្ងៃទី១៥ ខែកញ្ញា បាតុកម្ម​នឹងធ្វើ​ម្តងទៀត​នៅ​វ៉ាស៊ីនតោន ហើយ​នៅ​ថ្ងៃទី១៦ ខែកញ្ញា បាតុកម្ម​របៀបនេះ​នឹងធ្វើ​ឡើង​ផងដែរ​នៅក្នុង​ប្រទេស​នូ​វែ​ល​សេ​ឡង់។ នេះ​បើតាម​គម្រោង​ធ្វើបាតុកម្ម​នៅក្រៅ​ប្រទេស​ដែល​កញ្ញា​កឹម មនោ​វិទ្យា កូនស្រី​លោ​កឹម សុខា បាន​បង្ហោះ​នៅលើ​គណនី​ធ្វី​ត​ធើ​របស់ខ្លួន​កាលពី​ថ្ងៃ៧ កញ្ញា​កន្លងទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ