អានតួអត្ថបទ
កម្ពុជា-នយោបាយ

សភា​នឹង​សម្រេច​ករណី លោក កឹម សុខា​ នៅ​សប្ដាហ៍​ក្រោយ​

នៅ​ព្រឹក​ថ្ងៃ​ទី​៧​ខែ​កញ្ញា​ឆ្នាំ​២០១៧​នេះ រដ្ឋសភា​បាន​បើក​កិច្ច​ប្រជុំ​គណៈកម្មាធិការ​អចិន្រ្តៃយ៌​រដ្ឋសភា​អំពី​ករណី​លោក កឹម សុខា។ ជា​លទ្ធផល​នៃ​កិច្ច​ប្រជុំ​នេះ ​រដ្ឋសភា​បាន​សម្រេច​កំណត់​យក​ថ្ងៃ​ទី ១១ កញ្ញា​ ជា​ថ្ងៃ​ប្រជុំ​រដ្ឋសភា​វិសាមញ្ញ​នីតិកាល​ទី៥ ដើម្បី​សម្រេច​លើ​សំណុំ​រឿង​​ លោក កឹម សុខា។

លោក​ឈាង វុន មន្ដ្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា
លោក​ឈាង វុន មន្ដ្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា
ផ្សាយពាណិជ្ជកម្ម

លោក ឈាង វុន អ្នក​នាំ​ពាក្យ​រដ្ឋសភា បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ក្រោយ​កិច្ច​ប្រជុំ​គណៈកម្មាធិការ​អចិន្ដ្រៃ​រដ្ឋសភា​ថា កិច្ច​ប្រជុំ​វិសាមញ្ញ​នៅ​ថ្ងៃ​ទី​១១ កញ្ញា ខាង​មុខ សភា​នឹង​ពិនិត្យ​លើ​របាយការណ៍​របស់​សមត្ថកិច្ច​ អំពី​ការ​ចាប់​ខ្លួន​លោក កឹម សុខា។ លោក​បន្ដ​ថា ក្រោយ​ពី​ពិនិត្យ​លើ​របាយ​ការណ៍​នឹង​ច្បាប់​ពាក់​ព័ន្ធ សភា​នឹង​អនុម័ត​តាម​ការ​សម្រេច​ ៥០ បូក​មួយ​ ដើម្បី​អនុញ្ញាត​ឲ្យ​តុលាការ​អាច​បន្ដ ឬ​ទម្លាក់​បទ​ចោល។

លោក ឈាង វុន បន្ថែម​ថា ករណី​លោក កឹម សុខា ជា​ការ​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ​ជាក់​ស្តែង ដែល​លោក​ហៅ​ថា​ជា​សកម្មភាព ”រស់​រវើក កំពុង​តែ​បន្ដ​អនុវត្ត​”។ អ្នក​នាំ​ពាក្យ​សភា​រូប​នេះ បញ្ជាក់​ថា​ សមត្ថកិច្ច​ចាប់​ខ្លួន​លោក កឹម សុខា ជា​ការ​ត្រឹម​ត្រូវ​តាម​បទ​បញ្ញត្ដិ​មាត្រា​៨០ នៃ​រដ្ឋធម្មនុញ្ញ។ លោក​ថា ក្នុង​ករណី​នេះ អភ័យ​ឯក​សិទ្ធិ​របស់​តំណាង​រាស្ដ្រ​ មិន​អាច​ការពារ​បាន​ទេ។

ជុំវិញ​ករណី​ចាប់​ខ្លួន​លោក កឹម សុខា នេះ​ កាល​ពី​ថ្ងៃ​ទី​៦ កញ្ញា ក្រុម​តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ។ សេចក្ដី​ថ្លែង​ការណ៍​នេះ​បាន​ចាត់​ទុក​ថា តុលាការ​ត្រូវ​បាន​ប្រើ​ប្រាស់​ជា​ឧបករណ៍​នយោបាយ ធ្វើ​ទុក្ខ​បុកម្នេញ​ឥត​ឈប់​ឈរ​ទៅ​លើ​សកម្មជន និង​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្រ្គោះ​ជាតិ។

សេចក្តី​ថ្លែងការណ៍​នេះ​បន្ត​ថា ក្រុម​តំណាង​រាស្រ្ត​បក្ស​ប្រឆាំង​ មិន​អាច​ទទួល​យក​បាន​ជា​ដាច់​ខាត​នូវ ការ​ចាប់​ខ្លួន និង​ការ​ចោទ​ប្រកាន់​លើ​លោក កឹម សុខា។ បើ​តាម​សេចក្ដី​ថ្លែងការណ៍​នេះ ការ​ចាប់​ខ្លួន​លោក កឹម សុខា ដោយ​ផ្អែក​លើ​រូបភាព​ដែល​មាន​ក្នុង​វិដេអូ មិន​មែន​ជា​អំពើ​ល្មើស​ជាក់​ស្តែង ស្រប​តាម​មាត្រា​៨៦ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ទេ។

សូម​បញ្ជាក់​ថា កាល​ពី​ដើម​សប្ដាហ៍​នេះ​​ សមត្ថកិច្ច​បាន​ផ្ញើ​របាយកាណ៍​អំពី​ការ​ចាប់​ខ្លួន​លោក កឹម សុខា ជូន​ទៅ​រដ្ឋសភា។ ​កាល​ពីថ្ងៃទី ០៦ កញ្ញា តុលាការ​ក្រុង​ភ្នំពេញ បាន​សម្រេច​ចោទ​ប្រកាន់ លោក កឹម សុខា ពី​បទ «សន្ទិដ្ឋិភាព​ជាមួយ​បរទេស» ដែល​ជា​បទ​ល្មើស​មួយ​ក្នុង​អំពើ​ក្បត់​ជាតិ​តាម​មាត្រា​៤៤៣ នៃ​ក្រម​ព្រហ្មទណ្ឌ។​ យោង​​តាម​បទ​ល្មើស​នេះ លោក កឹម សុខា អាច​ប្រឈម​នឹង​ជាប់​ពន្ធនាគារ​ពី​១៥ ទៅ​៣០​ឆ្នាំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ