អានតួអត្ថបទ
កម្ពុជា

អ្នក​ដឹក​នាំ​ខ្មែរ​ឥស្លាម​កំពុង​សម្លឹង​មើល​កន្លែង​ឲ្យ​សិស្សនិស្សិត​រៀន​បន្ត​នៅ​ក្នុង​តំបន់

 សិស្ស​និស្សិត ខ្មែរ​ឥស្លាម​ចំនួន ១៦នាក់ ដែល​សហគមន៍​ខ្មែរ​ឥស្លាម​នៅ​កម្ពុជា​បាន​បញ្ចូនទៅ​សិក្សា​នៅ​ប្រទេស​យ៉េ​មែន​តាម​រូបភាព​អាហារូបករណ៍​ត្រូវបាន​បញ្ជូន​មក​ដល់​ព្រលាន​យន្ត​ហោះអន្តរជាតិ​ភ្នំពេញ​ហើយ​កាលពី​រសៀល​ថ្ងៃ​អង្គារ​នេះ។ ភាពចលាចល វឹកវរ នៅ​ប្រទេស យ៉េ​មែន ជា​ហេតុ​ផល​ដែល​ជំរុញ​ឲ្យ​និស្សិត​ខ្មែរ​ឥស្លាម បង្ខំ​ចិត្ត​ជន្លៀស​ខ្លួន​ចេញ​ពី​ប្រទេស​នេះ ដោយ​មាន​ការ​ជ្រោម​ជ្រែង​ពី​រដ្ឋាភិបាល​កម្ពុជា និង​គណៈ​ដឹកនាំ​សាសនា​ឥស្លាម​កម្ពុជា។ 

និស្សិត​ខ្មែរឥស្លាម​ដែល​ទើប​ត្រឡប់​មកដល់​កម្ពុជា។
និស្សិត​ខ្មែរឥស្លាម​ដែល​ទើប​ត្រឡប់​មកដល់​កម្ពុជា។ RFI@Siv Channa
ផ្សាយពាណិជ្ជកម្ម

 

សិស្ស​និស្សិត ខ្មែរ​ឥស្លាម​ចំនួន ១៦នាក់ ដែល​សហគមន៍​ខ្មែរ​ឥស្លាម​នៅ​កម្ពុជា​បាន​បញ្ចូនទៅ​សិក្សា​នៅ​ប្រទេស​យ៉េមែន បាន​ត្រលប់​មក​ដល់​មាតុ​ប្រទេស​វិញ​ហើយ កាលពី​រសៀល​ថ្ងៃ​ទី១៤​មេសា​នេះ តាម​ជើង​យន្ត​ហោះ​នៃ​ក្រុមហ៊ុន​អាកាសចរណ៍ Quatar Airway។
ការ​បញ្ចូន​សិស្ស​និស្សិត​ខ្មែរឥស្លាម មក​ប្រទេស​កម្ពុជា​វិញ​នា​ពេលនេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី
មេ​ដឹក​នាំ​សាសនា​ឥស្លាម នៅ​ប្រទេស​នេះ បាន​ពិនិត្យ​ឃើញ​ថា មាន​ភាព​វឹកវរ​ដោយ​ការ​ធ្វើ
បាតុកម្ម និង​ស្ថានភាព​សង្គ្រាម​នៅ​ប្រទេស​យ៉េ​មែន កាន់​តែ​អាក្រក់​ទៅៗ​ពី​មួយថ្ងៃ​ទៅមួយថ្ងៃ។

លោក​អូស្មាន ហាសាន់ រដ្ឋមន្ត្រី​ប្រតិភូអម​នាយករដ្ឋមន្ត្រី បាន​ថ្លែងថា លោក​បាន​អន្តរាគមន៍​ទៅ​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​គូវ៉ែត ស្ថានទូត​ម៉ាឡេស៊ី នៅ​ប្រទេស​យ៉េមែន និង​រដ្ឋាភិបាល​ប្រទេស​អូម៉ង់​និង​អារ៉ាប់​ដើម្បី​បញ្ជូន​សិស្ស​និស្សិត​ឥស្លាម​ចំនួន​២០ មក​ប្រទេស​ជា​បន្ទាន់ ក៏ប៉ុន្តែ​៤​នាក់​ជាប់​រវល់​ប្រលង។

ជា​មួយ​គ្នា​នេះ លោក សុះ មុះ​សិន រដ្ឋលេខាធិការ​ក្រសួង​ធម្មការ និង​សាសនា និង​ជា​អនុប្រធាន​អង្គការ​មូលនិធិ​អភិវឌ្ឍ​មុស្លិម​កម្ពុជា បាន​ឲ្យ​ដឹង​ដែរ​ថា គម្រោង​បញ្ជូន​សិស្ស​និស្សិត ខ្មែរ​ឥស្លាម ទៅ​សិក្សា​នៅ​ប្រទេស​មួយ​ចំនួន​នឹង​ត្រូវ​បាន​ផ្អាក។

លោក មុះ​សិន បញ្ជាក់ថា​សិស្ស​និស្សិត​ខ្មែរឥស្លាម​កន្លង​មក​តែង​ទទួល​អាហារូបករណ៍​ច្រើន
ពី​ប្រទេស​នៅ​តំបន់​មជ្ឈិម​បូព៌ា ក៏ប៉ុន្តែ​នៅ​ពេល​នេះ​ក្រុម​មេដឹក​នាំ​សាសនា​ឥស្លាម​កម្ពុជា​កំពុង
ពិចារណា​ស្នើ​សុំ​បង្វិល​អាហារូបករណ៍​ពី​ប្រទេស​អ្នក​មាន​នៅ​តំបន់​នោះ ដោយ​ផ្តល់​ដល់​សិស្ស​និស្សិត​ឥស្លាម ទៅ​រៀន​នៅ​តំបន់​អាស៊ាន​វិញ។

លើស​ពី​នេះ​លោក​រដ្ឋលេខាធិការ​ក៏បាន​បង្ហើប​ដែរ​ថា គណៈ​ដឹកនាំ​សាសនា​ឥស្លាម​កម្ពុជា​កំពុង​មាន​គំរោង​បង្កើត​គ្រឹះស្ថាន​សិក្សា​ខ្ពស់​ៗ​នៃ​សាសនា​ឥស្លាម​នៅ​ប្រទេស​កម្ពុជា​ផងដែរ
ម្ចាស់​ជំនួយ​គ្រាន់​តែ​ជួយ​ជា​អាហារ​រូបករណ៍​ក្នុងស្រុក​ក៏បាន​ដែរ។ ទោះ​យ៉ាងនេះ​ក្តី​មេដឹកនាំ​សាសនា​ឥស្លាម​នៅ​កម្ពុជា​ក៏​មិន​បោះបង់ចោល​ទាំងស្រុង​ដែរ ពី​ការបញ្ជូន​សិស្ស​និស្សិត ទៅយក​សញ្ញាបត្រ​ជាន់​ខ្ពស់​នៅ​សកល​វិទ្យាល័យ​មួយ​ចំនួន​នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត និង​ប្រទេស​អេហ្សីប ដែល​ទី​នោះ​ជា​សកល​វិទ្យាល័យ​ចំណាស់​និង​មាន​ការ​ទទួល​ស្គាល់​ជា​អន្តរជាតិ។
 

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ព្រឹក​មិញ នៅ​ក្នុង​ឱកាស​នៃ​ពិធី​ថ្ងៃ​ដំបូង​អង្គរ​សង្ក្រាន្ត​
ពី​ខេត្តសៀមរាប បាន​ថ្លែង​ថា​កម្ពុជា​លោក​មាន​មោទនភាព​ពី​ការ​ធ្វើ​សុខដុមនីយកម្ម​ខាង​សាសនា ដោយ​យក​វប្បធម៌​សន្ទនា​គ្រប​ដណ្តប់​អំពើ​ហិង្សា។ ជាមួយ​គ្នានេះ​លោក ហ៊ុន សែន​ក៏​ថ្លែង​ពី​ការ​ជន្លៀស​ពលរដ្ឋ​ខ្មែរ​ឥស្លាម​ម្តង​ហើយ​ម្តង​ទៀត​ចេញ​ពី​ប្រទេស​ដែល​មាន​សង្គ្រាម​ដូច​ជា​ប្រទេស​យ៉េមែន ដោយ​រង់ចាំ​ការ​បញ្ជូនទៅ​រៀន​វិញ​នៅ​ពេល​យ៉េមែន​បាន​សុខ​សប្បាយ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ