ព្រំដែនកម្ពុជា-ឡាវៈ តំបន់អូរតាង៉ាវ ត្រូវដាក់ជាតំបន់គ្មានកងទ័ព គ្មានប្រជាជន និងល្បាតរួម
ជម្លោះ កម្ពុជា-ឡាវ ជុំវិញបញ្ហាព្រំដែន អូតាង៉ាវ នៃខេត្តស្ទឹងត្រែងប្រទេសកម្ពុជា ជាប់ខេត្តអាតាពឺ ប្រទេសឡាវ ត្រូវបានដោះស្រាយគ្នាមួយជំហ៊ានទៀត ដោយប្រមុខរដ្ឋាភិបាលប្រទេសទាំងពីរ។ ដំណោះស្រាយបន្ថែមស្តីពីបញ្ហាព្រំដែន ដែលមិនទាន់ដាច់ស្រេចនេះ ធ្វើឡើងខណៈ លោកនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន និងនាយករដ្ឋមន្ត្រីឡាវ លោក ថងលូន ស៊ីសូលីត ចូលរួមវេទិការសេដ្ឋកិច្ចពិភពលោកនៅប្រទេសវៀតណាមកាលពីថ្ងៃទី១៣ខែកញ្ញានេះ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:៣០
នៅក្នុងកិច្ចពិភាក្សារយៈពេលកន្លះម៉ោង នា ទីក្រុងហាណូយ ប្រទេសវៀតណាម លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ថងលូន ស៊ីសូលីត នាយករដ្ឋមន្ត្រីឡាវ បានដាក់តំបន់អូតាង៉ាវ ជាតំបន់ព្រំដែន ដែលមិនទាន់ដោះស្រាយគ្នាដាច់ស្រេច រវាងព្រំដែនប្រទេសទាំងពីរ កម្ពុជា-ឡាវ។ បន្ទាប់ពីជួបជជែកគ្នាអស់រយៈពេលប្រមាណ៣០នាទី លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្តើមធ្វើសេចក្តីថ្លែងការណ៍រួម ដោយផ្ទាល់មាត់ ដោយលោកលើកឡើងចំនួន៣ចំណុចគឺ ទី១ ត្រូវរក្សាទុកជាតំបន់គ្មានកងទ័ព ទី២ ជាតំបន់ដែលគ្មានប្រជាជនរស់នៅនិងធ្វើអាជីវកម្ម និង ទី៣ ត្រូវធ្វើល្បាតរួមគ្នា។
លោក ហ៊ុន សែន បញ្ជាក់បន្តថា ការធ្វើល្បាតរួមគ្នា គឺអាចធ្វើដោយថ្មើរជើង និងអាចធ្វើតាមរយៈការបង្ហោះដ្រូនមើលរួម។ សម្រាប់កម្ពុជាដែលមានកម្លាំងនៅក្នុងតំបន់អូរតាង៉ាវ លោកបានបញ្ជាឲ្យចាប់ផ្ដើម ដកនៅមុនកិច្ចប្រជុំកន្លះម៉ោង ទៅកាន់តំបន់ឈរជើងចាស់អូរអាឡៃ ហើយបញ្ចប់នៅម៉ោង៥ល្ងាច ថ្ងៃទី១៣កញ្ញា។
តាមលោកនាយករដ្ឋមន្ត្រី អ្វីដែលជាចំណុចថ្មី នៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺការបង្កើតនូវការជឿទុកចិត្តឲ្យមានការល្បាតរួមគ្នានៅតាមព្រំដែន។
រីឯ ចំណុចដែលនៅសេសសល់ មិនទាន់បានដោះស្រាយភាគីទាំងពីរត្រូវធ្វើបែបបទ បច្ចេកទេសជូនទៅភាគីបារាំង ដែលភាគីបារាំង បានយល់ព្រមតាមសំណើរបស់នាយករដ្ឋមន្ត្រីទាំងពីររួចហើយអំពីការជួយផ្ទេរផែនទីពីខ្នាតមួយលើ១០០ពាន់មកខ្នាតមួយលើ៥០ពាន់។
មួយវិញទៀត ការល្បាតរួមគ្នានៅពេលនេះ គឺចាំបាច់ត្រូវតែធ្វើ ព្រោះបើតាមលោក ហ៊ុន សែនគឺមិនចង់ឲ្យតំបន់ ដែលមិនទាន់បានដោះស្រាយដាច់ស្រេចនេះ ក្លាយជាជម្រករបស់ពួកចោរព្រៃ ពួករត់ពន្ធគ្រឿងញៀន និងពួកកាប់បំផ្លាញព្រៃឈើ។
សូមរំលឹកថា បញ្ហាព្រំដែនកម្ពុជា-ឡាវ បានជួបភាពតានតឹងខ្លាំងនឹងគ្នា កាលពីអំឡុងខែសីហាកន្លងឆ្នាំ២០១៧កន្លងទៅ ដោយសារយោធាឡាវ បានចូលមកឈរជើងនៅតំបន់អូរអាឡៃ និងអូរតាង៉ាវ ស្ថិតក្នុងស្រុក សៀមប៉ាង ខេត្តស្ទឹងត្រែង។ ហេតុការណ៍នេះ បានជំរុញឲ្យនាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន ហោះទៅកាន់ទីក្រុងវៀងច័ន្ទជាបន្ទាន់ ដើម្បីបន្ធូរបន្ថយភាពតានតឹង។
នៅប៉ុន្មានថ្ងៃក្រោយមក នាយករដ្ឋមន្រ្តីឡាវ លោក ថងលួន ស៊ីសូលីត ក៏បានហោះមកកាន់ទីក្រុងភ្នំពេញវិញ ដើម្បីដោះស្រាយបញ្ហាព្រំដែននេះ។ នៅក្នុងជំនួប ដែលធ្វើឡើងនៅក្នុងទីក្រុងភ្នំពេញនេះ មេដឹកនាំទាំងពីរ បានឯកភាពគ្នាសរសេរលិខិតទៅកាន់ប្រធានាធិបតីបារាំង ដើម្បីស្នើសុំបញ្ជូនអ្នកជំនាញការព្រំដែនបារាំង មកជួយវាស់វែង និងដោះស្រាយបញ្ហាជម្លោះនៅតាមព្រំដែននេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ