អានតួអត្ថបទ
កម្ពុជា

អ្នក​រស់​នៅ​លើ​ទូក​ និង​តាម​ច្រាំង​ទន្លេ​ខេត្ត​កំពង់​ឆ្នាំង​ជិត ១​ពាន់​គ្រួសារ​នឹង​ត្រូវ​ឡើង​គោក​ទាំង​អស់​នៅ​ឆ្នាំ ២០១៨

អាជ្ញាធរ​ខេត្ត​កំពង់​ឆ្នាំង​បាន​ប្រកាស​ថា ខេត្ត​មាន​ផែនការ​បញ្ចប់​ការ​រស់​នៅ​លើ​ទឹក និង​អ្នក​រស់​នៅ​តាម​មាត់​ច្រាំង​ទន្លេ របស់​ពលរដ្ឋ​ជា​ច្រើន​រយ​គ្រួសារ​យ៉ាង​យូរ​បំផុត​ដាច់​ឆ្នាំ ២០១៨។ ការ​លើក​ឡើង​របស់​អាជ្ញាធរ​ខេត្ត​ដូច្នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ខេត្ត​ត្រូវ​ការ​អភិវឌ្ឍន៍ ដើម្បី​រក្សា​បរិស្ថាន​ធម្មជាតិ​នៃ​ទឹក​បឹង​ទន្លេសាប ដែល​ជា​ប្រភព​ធនធាន​ត្រី​ទឹក​សាប​ដ៏​ធំ​របស់​ប្រទេស និង ដើម្បី​រៀប​ចំ​ទទួល​បុណ្យ​ទន្លេ​នៅ​ឆ្នាំ​ខាង​មុខ។

ប្រជាជន​ដែល​រស់​នៅ​លើ​ទូក និង​តាម​ច្រាំង​ទន្លេ​នៅ​ខេត្ត​កំពង់​ឆ្នាំង
ប្រជាជន​ដែល​រស់​នៅ​លើ​ទូក និង​តាម​ច្រាំង​ទន្លេ​នៅ​ខេត្ត​កំពង់​ឆ្នាំង @facebook
ផ្សាយពាណិជ្ជកម្ម

តាម​ពិត ផែនការ​បំលាស់​ទី​ប្រជាជន ដែល​រស់​នៅ​លើ​ទឹក​ និង​មាត់​ច្រាំង របស់​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង ឲ្យ​ទៅ​រស់​នៅ​លើ​គោក បាន​ធ្វើ​ឡើង​ចាប់​តាំង​ពី​ឆ្នាំ ២០១៥ មក​ម្លេះ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ ២០១៩។ ក៏​ប៉ុន្តែ​អាជ្ញាធរ​នឹង​ប្រឹង​ប្រែង​បញ្ចប់​ការងារ​នេះ​មុន​កំណត់ គឺ​ត្រឹម​ឆ្នាំ​ ២០១៨ ដើម្បី​ខេត្ត​មាន​លទ្ធភាព​រៀប​ចំ​អភិវឌ្ឍន៍​តំបន់​នោះ ឲ្យ​មាន​ស្ថានភាព​បែប​ធម្មជាតិ​ឡើង​វិញ។ នេះ​បើ​តាម​លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាល​រង​ខេត្ត​កំពង់ឆ្នាំង។

ជា​ទូទៅ​ការ​បំលាស់​ទី​ប្រជាជន​រួម​មាន​ជនជាតិ​ខ្មែរ ខ្មែរ​ឥស្លាម និង​ជន​ជាតិ​វៀតណាម ចេញ​ពី​លើ​ទឹក​នឹង​មាត់​ច្រាំង ដែល​សង់​ផ្ទះ​ទយ​ចូល​ទន្លេ​នោះ ត្រូវ​បាន​បែង​ចែក​ជា​ ២​ដំណាក់កាល។ បច្ចុប្បន្ន ជនជាតិ​ខ្មែរ​ ជនជាតិ​ខ្មែរ​ឥសា្លម​ចំនួន ២១០​ខ្នង​ផ្ទះ ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​ធ្វើ​ការ​បំលាស់​ទី ទៅ​កាន់​ទី​គោក​ខាង​ក្រោយ​ផ្សារ​ថ្មី​ខេត្ត​កំពង់ឆ្នាំង តាម​កិច្ច​ព្រម​ព្រៀង​ទទួល​ថវិកា​គោល​នយោបាយ និង​ការ​ផ្តល់​ដី​មួយ​ប្លង់​ដោយ​មិន​គិត​ប្រាក់ ដែល​មាន​ហេដ្ឋា​រចនាសម្ព័ន្ធ​ខ្លះ​ហើយ។

អាជ្ញាធរ​ខេត្ត​ក៏​បាន​អះអាង​ដែរ​ថា នៅ​ចុង​ឆ្នាំ ២០១៧​នេះ ប្រជាជន​ដែល​រស់​នៅ​លក់​ដូរ​តាម​តូប និង​ស្តង់​ឈើ​ជាង ២០០ នៅ​មុខ​វត្ត​យាយ​ទេព ក៏​ត្រូវ​មាន​ការ​បំលាស់​ទី​ដែរ ដើម្បី​ផ្តល់​ឲ្យ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី អនុវត្ត​គម្រោង​ជំនួយ​ការពារ​ទឹក​ជំនន់​ចំងាយ ១៥​គីឡូម៉ែត្រ។ ជាមួយ​គ្នា​នេះ សាលា​ខេត្ត​ក៏​ត្រូវ​រៀប​ចំ​ធ្វើ​សួន​ច្បារ ចំងាយ​ជាង ២​ពាន់​ម៉ែត្រ ដើម្បី​ជា​ផ្នែក​មួយ​រចនា​តំបន់​កំសាន្ត​ខេត្ត​កំពង់​ឆ្នាំង សម្រាប់​ទទួល​ពិធី​បុណ្យ​ទន្លេ នៅ​ពេល​ខាង​មុខ។

លោក ស៊ុន សុវណ្ណារិទ្ធ បញ្ជាក់​ថា ជា​ជំហាន​បន្ទាប់ សមត្ថកិច្ច​របស់​លោក​នឹង​ធ្វើ​ការ​បំលាស់​ទី​ប្រជាជន​ដែល​រស់​នៅ​លើ​ទឹក​ចំនួន​ជាង ១៤០០​ខ្នង​ផ្ទះ ដែល​មាន​ប្រជាជន​សរុប​ជាង ៤​ពាន់​នាក់ ឲ្យ​ឡើង​មក​លើ​គោក ដែល​ដំណោះ​ស្រាយ​នេះ​នឹង​អាច​បញ្ចប់​ទាំង​ស្រុង​នៅ​ឆ្នាំ ២០១៨​ខាង​មុខ។

សូម​រំលឹក​ថា វត្តមាន​ផ្ទះ​បណ្តែត​ទឹក​នៅ​លើ​ទឹក​ដី​ខេត្ត​កំពង់ឆ្នាំង​ជា​យូរ​ឆ្នាំ​មក​ហើយ​នោះ ដែល​ភាគ​ច្រើន​ជា​ជន​អន្តោប្រវេសន៍​វៀតណាម​នោះ បាន​រង​ការ​រិះគន់​ថា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន ធ្ងន់ធ្ងរ ដោយ​សារ​តែ​ការ​បំពុល​ទឹក នឹង​ធ្វើ​ឲ្យ​គោក​រាក់​ពី​ការ​ចាក់​កាក​សំណល់​គ្រប់​ប្រភេទ​ទៅ​ក្នុង​ទឹក។ កាល​ពី​ដើម​ខែ​មេសា កន្លង​ទៅ អភិបាល​ខេត្ត​កំពង់ឆ្នាំង លោក ឈួ ច័ន្ទឌឿន បាន​លើក​ឡើង​ក្នុង​កិច្ច​ប្រជុំ​នៅ​សាលា​ខេត្ត​កំពង់ឆ្នាំង​ថា ក្នុង​មួយ​ថ្ងៃៗ ត្រូវ​គេ​ប៉ាន់​ប្រមាណ​ថា យ៉ាង​ហោច​ណាស់​ក៏​មាន​ការ​ទំលាក់​កាក​សំណល់​ទៅ​ក្នុង​ទឹក​ចំនួន ៥​តោន​ដែរ ខណៈ​ដែល​អ្នក​រស់​នៅ​ក្នុង​ទឹក​សព្វ​ថ្ងៃ​មាន​ប្រមាណ​ជា​ ៥​ពាន់​នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ