អានតួអត្ថបទ
កម្ពុជា

តើ​អ្វី​នៅ​ពី​ក្រោយ​ការ​សុំ​ចូល​និវត្ត​របស់​លោក​គង់ គាំ?​

លោក​គង់ គាំ ​បច្ចុប្បន្ន​ជា​ប្រធាន​គណបក្ស​សម រង្ស៊ី​ ប្រធាន​ក្រុម​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស ​សម រង្ស៊ី និង​ជា​ប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស ​ទទួល​ពាក្យ​បណ្តឹង​ និង​អង្កេត​ នៅ​ព្រឹទ្ធសភា​បាន​ប្រកាស​ចូល​និវត្ត​ពី​នយោបាយ​នៅ​ថ្ងៃ​ទី​២ ​វិច្ឆិកា​ ម្សិល​មិញ​នេះ។ ​ការ​ប្រកាស​ចូល​និវត្ត​នេះ​ត្រូវ​បាន​លោក​គង់ គាំ​ផ្ទាល់ បញ្ជាក់​នៅ​ក្នុង​លិខិត​ជា​ផ្លូវ​កា​រថា​ បណ្តាល​មក​ពី​មូលហេតុ​សុខភាព​មិន​បរិបូរណ៍ ​និង​ស្ថិត​ក្នុង​ភា​ពជរា​ព្យាធិ​ជា​ប្រចាំទៅ​ហើ​យ ​ខណៈ​ដែល​ពេលនេះ​លោក​មាន​អាយុ​៧៥​ឆ្នាំ។​ ក្រៅពី​បញ្ហា​សុខភាព​តើ​នៅ​មាន​កត្តា​អ្វី​ផ្សេ​ងទៀត​ដែរ​ឬទេ ​ដែល​ធ្វើ​ឲ្យ​បុរស​វ័យ​ចំណាស់​ម្នាក់​នេះ ​ដក​ខ្លួន​ចេញ​ពី​ចាក​នយោបាយ​កម្ពុជា?​

លោក គង់ គាំ
លោក គង់ គាំ ©Channa/rfi
ផ្សាយពាណិជ្ជកម្ម

លោក​គង់ គាំ ​ដែល​ជា​ប្រធាន​គណបក្ស​សម រង្ស៊ី​អស់រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ​ បាន​ប្រកាស​ចូល​និវត្ត​ដោយសារ​តែ​បញ្ហា​សុខភាព។ ​ការ​ប្រកាស​នៅ​ពេល​នេះ ​ត្រូវ​បាន​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ បន្ទា​ប់​ពី​លោក​គង់ សភា ​ដែល​ត្រូវ​ជា​កូន​ប្រុស​បង្កើត​របស់​លោក​ គង់ គាំ ​និង​ជា​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​​ជាតិ​ត្រូវ​បាន​ក្រុម​ជន​ដៃ​ដល់​ វាយ​ឲ្យ​រង​របួស​ធ្ងន់​ នៅ​ខាង​មុខ​រដ្ឋសភា ​កាល​ពី​ថ្ងៃ​២​​៦​ តុលា​កន្លង​ទៅ​ថ្មី​នេះៗ។​

តាម​ប្រភព​ស្និត​និង​ក្រុម​គ្រួសារ​របស់​លោក​គង់ គាំ ​បាន​បង្ហើប​ប្រាប់​វិទ្យុ​បារាំង​ថា​ បច្ចុប្បន្ន​នេះ ​លោក​គង់ គាំ កំពុង​តែ​ស្ថិត​នៅ​ក្នុង​ប្រទេស​ថៃ ​ដើម្បី​ពិនិត្យ​សុខភាព​ និង​ទៅ​សួរ​សុខ​ទុក្ខ​កូន​ប្រុស​របស់​លោក​ផង​ដែរ។ ​ប៉ុន្តែ​ប្រភព​ដដែល​នោះ ​មិន​បាន​បញ្ជាក់​ថា ​លោក​បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ តាំង​ពី​ពេល​ណា ​និង​ត្រឡប់​មក​វិញ​នៅ​ពេល​ណា​នោះ​ដែរ។​

នៅ​ក្នុង​លិខិត​ផ្លូវ​ការ​កំរាស់​៤​ ទំព័រ​ លោក​គង់​ គាំ​បាន​សុំការ​អនុគ្រោះ ​និង​យោគយល់​ពី​ការ​សុំ​ចូល​និវត្ត​របស់​លោក​ពី​ប្រជាជន​ដែល​ធ្លាប់​គាំទ្រ​រូប​លោក​នា​ពេល​កន្លង​មក។​ ហើយ​លោក​ក៏​បាន​សុំ​អនុគ្រោះ​សំដែង​ចំពោះ​មេដឹកនាំ​ទាំង​ឡាយ ​ដែល​មាន​«ជំងឺ​តួឯក»​ ដែល​ចេះ​តែ​មាន​គំនិត​ជា​និច្ច​ថា​«មាន​តែ​ខ្លួន​ បើ​គ្មាន​ខ្លួន» មិន​អាច​ដឹកនាំ​ការ​ «ការពារ​ និង​កសាង» ​កម្ពុជា​ឲ្យ​មាន​សន្តិភាព ​ប្រជាធិបតេយ្យ​ និង​ការ​អភិវឌ្ឍន៍ ​ដូច​សព្វ​ថ្ងៃ​ និង​តទៅ​មុខ​បាន​ទេ​នោះ​ សូម​ឲ្យ​មេដឹកនាំ​ «អត្តា​ធិបតេយ្យ» ​ត្រូវ​តែ​ឆាប់ប្តូរ​គំនិត​ «មាន​​តែ​អញ» ចោល​ទៅ​ ដើម្បី​បើក​ឱកាស​ផ្លាស់ប្តូរ​ឲ្យ​ប្រជាពលរដ្ឋ​ និង​យុវជន​ខ្មែរ​ ដែល​ទាន់​សម័យ​បាន​ជួយ​ជាតិ ​មាតុភូមិ​ដោយ​ខ្លួន​ឯង។​

លោក​គង់ គាំ ​បាន​បង្ហាញ​ពី​ចំណុច​អវិជ្ជមាន​ជា​ច្រើ​នចំណុច ​នៅ​ក្នុង​លិខិត​ផ្លូវ​ការ​របស់​លោក ​ដែល​ក្នុ​ងនោះ​រួមមាន​ទាំង​ការ​និយាយ​ពី​ប្រវត្តិ​នៃ​ព្រឹត្តិការណ៍​សំខាន់​ៗ​ជា​ច្រើន​នៅ​កម្ពុជា ​ដូច​ជា​ថ្ងៃ​១៧ ​មេសា ១៩៧៥ , ៧មករា ១៩៧៩, ២៣តុលា​១៩៩១​ជា​ដើម។​ កាយ​វិការ​សន្ទនា​រវាង​មេដឹកនាំ​គណបក្ស​កាន់​អំណាចទាំ​ងពីរ​ លោក​ហ៊ុន សែន និង​លោក​សម រង្ស៊ី។​ ការ​គោររព​សិទ្ធ​មនុស្ស​ ការ​បែងចែក​គោល​នយោបាយ​ដី​ធ្លី​ ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ព្រៃឈើ ​និង​ការ​ផ្តល់​ប្រា​ក់ខែ​ដល់​គ្រូប​ង្រៀន​ជា​ដើម។ ​

សូម​បញ្ជាក់​ថា​លោក​គង់ គាំ ​បាន​ចំណាយ​ពេល​ស្ទើ​តែ​ពេញ​មួយ​ជីវិត​របស់​លោក​ប្រឡូក​នៅ​ក្នុង​ឆាក​នយោបាយ​កម្ពុជា​ ហើយ​មុន​នឹង​ក្លា​យជា​ប្រធាន​គណបក្ស​សម រង្ស៊ី​ លោក​ក៏​ធ្លាប់​បាន​​បំរើ​ការងារ​ជា​មន្ត្រី​នៅ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ