អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

សោកនាដកម្ម​នៃ​កុមារ​ក្រីក្រ​នឹង​កើត​មាន​ឡើង​ប្រសិន​បើ​មិន​មាន​ជំនួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា

ចុះផ្សាយ​នៅ​ថ្ងៃ៖

មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ប្រឈម​នឹង​ការ​បិទទ្វារ​ថ្ងៃ​ណាមួយ​មិន​ខាន ប្រសិន​ប្រធាន​មន្ទីរពេទ្យ​លោក​វេជ្ជបណ្ឌិត Beat Richner លែង​មាន​លទ្ធផល​រៃ​អង្គាស​ថវិកា​ពី​ខាង​ក្រៅ។ ហើយ​វា​នឹង​ដួល​រលំ​តាំង​ស្រុង បើ​ចរន្ត​នៃ​ការ​ផ្តល់​ជំនួយ​សប្បុរសធម៌​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​តែ​ធ្វើ​ឡើង​ មួយ​ឆាវៗ។ ការ​បរិច្ចាក​ថវិកា​សង្គម​ដើម្បី​ទ្រទ្រង់​មន្ទីរពេទ្យ​មួយ​នេះ ត្រូវ​ការ​ចាំបាច់​មាន​ការ​ចូលរួម​ពី​ក្រុម​អភិជន​ដែល​មាន​ធនធាន និង​ត្រូវ​ធ្វើ​ឡើង​ប្រកប​ដោយ​និរន្តរភាព។

ទិដ្ឋភាពឪពុកម្តាយ​បីកូនៗរបស់ពួកគេ ដើម្បី​ចូលទៅព្យាបាលជំងឺ ក្នុងមន្ទីរពេទ្យ​គន្ធបុប្ឋា។
ទិដ្ឋភាពឪពុកម្តាយ​បីកូនៗរបស់ពួកគេ ដើម្បី​ចូលទៅព្យាបាលជំងឺ ក្នុងមន្ទីរពេទ្យ​គន្ធបុប្ឋា។ RFI
ផ្សាយពាណិជ្ជកម្ម

ម្តង​ហើយ​ម្តង​ទៀត​មន្ទីរពេទ្យ​គន្ធបុប្ផា បាន​ដង្ហើយ​ហៅ​រក​ជំនួយ ដើម្បី​បន្ត​និរន្តរភាព​របស់​ខ្លួន​ក្នុង​ការ​ជួយ​សង្គ្រោះ​កុមារ​កម្ពុជា​ ដ៏​ក្រីក្រ។ មិនមែន​ម្តង​នេះ​ទេ ដែល​មន្ទីរពេទ្យ​ដ៏​សប្បុរស​មួយ​នេះ មាន​ការ​ប្រឈម​ផ្នែក​ថវិកា​ ខណៈ​ដែល​មា្ចស់​មូលនិធិ​មន្ទីរពេទ្យ​ជនជាតិ​ស្វីស លោក​វេជ្ជបណ្ឌិត Beat Richner កាន់​តែ​មាន​វ័យ​ចំណាស់​ទៅ​ហើយ ហើយ​លទ្ធភាព​រៃ​អង្គាស​ប្រាក់​របស់​គាត់​ពី​ការ​ដើរ​កូតវីយូឡុង ក៏​កាន់​តែ​ថមថយ។

មើល​ទៅ​ដល់​ពេល​ហើយ​ដែល ខ្មែរ​ត្រូវ​ចូលរួម​ឲ្យ​បាន​ជាក់​លាក់​និង​រ៉ាប់រង​លើ​ការងារ​នេះ ​ដើម្បី​បន្ថយ​នូវ​ការ​លំបាក​ដល់​ជនបរទេស ដែល​គេ​គិត​ដល់​ខ្មែរ​ជាង​ខ្មែរ​ជា​យូរ​មក​ហើយ។

និយាយ​ពី​ការ​បរិច្ចាក ពី​ទឹក​ចិត្ត​សប្បុរស​ដល់​សង្គម នៅ​ប្រទេស​កម្ពុជា​ត្រូវ​គេ​សំដៅ​មុន​គេ​ដល់​ក្រុម​អភិជន ឧកញ៉ា និង​អ្នក​មាន​ធនធាន​ធន​មធ្យម​ដទៃទៀត ដែល​មាន​លទ្ធភាព​ធ្វើ​ជា​គំរូ​គេ​នៅ​ក្នុង​ការ​បរិច្ចាក​ដើម្បី​សង្គម។ ក៏​ប៉ុន្តែ​សង្គម​ខ្មែរ​នៅ​មិន​ទាន់​មាន​សន្ទុះ​ធ្វើ​សកម្មភាព​មនុស្ស​ធម៌ ឲ្យ​បាន​គគ្រឹក​គគ្រេង​ទេ បើ​ទោះ​ណា​ជា​ចំនួន​ឧកញ៉ា​ទាំង​តូច​ទាំង​ធំ​បាន​កើន​ឡើង​ប្រមាណ​ជា​៧០០​នាក់​ទៅ​ហើយ។

កន្លង​មក​ក៏​ដូចជា​បច្ចុប្បន្ន ចលនា​ជួយ​ទ្រទ្រង់​ហិរញ្ញ​វត្ថុ​ដើម្បី​សង្គម​ពី​សំណាក់​ប្រជាជន​ខ្មែរ​មាន​ដែរ មិន​អត់​ទេ ជាក់ស្តែង​ជំនួយ​ទៅ​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​នេះ​តែ​ម្តង មាន​រហូត​ដល់​រាប់លាន​ដុល្លារ​ក៏​មាន​តាមរយៈ​មូលនិធិ​នានា។ ក្រៅ​ពី​នេះ​ក៏​មាន​ការ​រៃអង្គាស​ជា​ក្រុម​ជា​ពួក​ពី​គ្រប់​ទិសទី ក៏​ប៉ុន្តែ​ការ​ផុលផុស​ភាគ​ច្រើន ច្រើន​កើត​ឡើង​ពី​សំណាក់​ពលរដ្ឋ​ខ្មែរ​ដែល​មាន​កម្រិត​ជីវភាព​មិន​សូវ​ធូរធារ តែ​មាន​ទឹក​ចិត្ត។

តាម​ការ​កត់​សម្គាល់​ជាក់​ស្តែង ក្រុម​អភិជន​នៅ​ប្រទេស​កម្ពុជា​ច្រើន​តែ​ធ្វើ​អំណោយ​មនុស្ស​ធម៌​ ដោយ​មាន​ការ​ប្រយ័ត្ន​ប្រយែង បើ​មិន​មាន​ផល​ចំណេញ​តបស្នង​មក​វិញ​ទេ គេ​មិន​សូវ​ឃើញ​ការ​បរិច្ចាក​ដោយ​ស្មើ​មុខ​ស្មើ​មាត់​ច្រើន​ទេ។ ហើយ​ការ​ធ្វើ​អំណោយ​ទាន​ទៀត​សោធ ក៏​ត្រូវ​ធ្វើ​ឡើង​យោង​ទៅ​តាម​ជំនោរ​ខ្យល់​បក់ ឬ​តាម​រដូវកាល ពោល​គឺ​មិន​មាន​ជា​កាយ​វិការ​មួយ​ប្រកប​ដោយ​និរន្តរភាព។ ជាមួយ​នេះ​ក៏​មាន​ជំនួយ​សប្បុរស​ខ្លះ​បាន​ធ្វើ​ឡើង ដោយ​សុទ្ធចិត្ត​និង​ទៀង​ទាត់​ដែរ​ដោយ​មាន​ការ​សន្យា​ផ្តល់​ប្រចាំ​ឆ្នាំ។

កាល​ពី​ឆ្នាំ​ទៅ​ ចរន្ត​នៃ​ការ​រៃអង្គាស បាន​ផ្អើល​ក្តុង​ក្តាំង ដើម្បី​ជួយ​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា តាម​រយៈ​រូបភាព​ផ្សេង​ៗ ដូចជា​ការ​លេង​ល្បែង​ចាក់​ទឹកកក ការ​ជិះកង់​រៃ​អង្គាស តែ​ស្ថាន​ភាព​បែប​នេះ​មិន​បាន​ជាប់​លាប់​ទេ មក​ទល់​ពេល​នេះ។ ការ​ដែល​ខ្មែរ​មិន​អាច​ជួយ​ខ្មែរ​គ្នា​ឯង​ឲ្យ​បាន​តាម​រយៈ​ការ​គាំទ្រ​ហិរញ្ញ​វត្ថុ​ដល់​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​បណ្តាល​មក​ពី​ខ្មែរ​ដែល​ភាគ​ច្រើន​មាន​ជីវភាព​នៅ​ក្រីក្រ​នៅ​ឡើយ​នោះ​ច្រើន​តែ​គិត​ថា​« ក្បាល​អ្នក​ណា​សក់​អ្នក​ហ្នឹង»។ ផ្នត់​គំនិត​នេះ​បាន​ជះ​ឥទ្ធិពល​មួយ​ផ្នែក​ដែរ​ទៅ​លើ​ការ​ជួយ​គ្នា​ក្នុង​សង្គម​ខ្មែរ។

ខុស​ពី​នៅ​បច្ចិម​ប្រទេស មិន​ថា​កម្ពុជា​ឬ​ប្រទេស​អាស៊ី​ដទៃ​ទៀត​ទេ ឥរិយាបទ​នៃ​ប្រទេស​អាស៊ី​ភាគ​ច្រើន​មិន​សូវ​ទូលំទូលាយ​នោះ​ទេ​ ក្នុង​ការ​ធ្វើ​សកម្មភាព​មនុស្សធម៌។ ផ្ទុយ​ទៅ​វិញ​មាន​សេដ្ឋី​ឬ​អ្នក​មាន​មុខ​មាត់​នៅ​បច្ចិម​លោក​តែង​បង្កើត​មូលនិធិ​ដ៏​នឹងនរ​មួយ ក្នុង​នោះ​មាន​លោក​ បៀលហ្កេត បៀលគ្លីនតុន ឬ​មូលនិធិ​តារា​សម្តែង​និង​កីឡាករ​ដទៃទៀត ដែល​មាន​និរន្តរភាព​តកូន​តចៅ។ ខុស​ពី​ការ​ជួយ​នៅ​ក្នុង​ប្រទេស​អាស៊ី​ដែល​មាន​លក្ខណៈ​បែប​«ហុត​ទឹក​សម្លឹង​កាក»។

ជា​សក្ខីភាព រយៈពេល​៧​ខែ​ដើម​ឆ្នាំ​២០១៥​នេះ កុមារ​ជាង​មួយ​ម៉ឺន​នាក់​នឹង​ត្រូវ​បាត់បង់​ជីវិត​ ឬ​ពិការ ប្រសិន​បើ​ពុំមាន​ការ​ព្យាបាល​ដោយ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ទេ​នោះ។ ការ​ចំណាយ​សរុប​ប្រចាំ​ថ្ងៃ​របស់​មន្ទីរពេទ្យ​នេះ​មាន​ប្រមាណ​ជាង​១២​ម៉ឺន​ដុល្លារ។ ចំនួន​អ្នក​ជម្ងឺ​និង​ការ​ចំណាយ​ចេះ​តែ​កើន​តែ​ថវិកា​ដែល​ជា​ជំនួយ​ឧបត្ថម្ភ​មិន​មាន​ការ​កើនឡើង​នោះ​ទេ។

ដូច្នេះ​ដើម្បី​រក្សា​បាន​ស្ថេរភាព​សុខុមាលភាព​កុមារ តាម​រយៈ​មន្ទីរពេទ្យ​គន្ធបុប្ផា ពលរដ្ឋ​ខ្មែរ​ជា​ពិសេស វណ្ណៈ​អភិជន​ដែល​មាន​បាន​ដោយ​មធ្យោបាយ​ផ្សេង​ៗ​គួរ​តែ​ធ្វើ​ជា​គំរូ​គេ​ក្នុង​ការ​ដឹកនាំ​ បង្កើត​មូលនិធិ​ជាប់​លាប់​ណាមួយ​ជាក្រុម​ជាពួក​ដើម្បី​ជួយ​ពិតប្រាកដ​កុំ​ចេះ​តែ​ផ្អើល​តាម​គ្នា​ដូច​ភ្លើង​ចំបើង ហើយ​ខ្មែរ​អាច​រំដោះ​ខ្លួន​ចេញ​រួច​ពី​ទ្រឹស្តី​ក្បាល​អ្នក​ណា​សក់​អ្នក​នឹង។

ការ​ដួល​រលំ​ណា​មួយ​ទៅ​អនាគត​របស់​មន្ទីរពេទ្យ​គន្ធ​បុប្ផា ដោយសារ​តែ​រីង​ខ្សោះ​ជំនួយ​វា​នឹង​ក្លាយ​ជា​បន្ទុក​ដ៏​ធ្ងន់ធ្ងរ​របស់​រដ្ឋាភិបាល។ ដូចនេះ​រដ្ឋាភិបាល​ក៏​គួរតែ​មាន​វិធាន​ការ​ណាមួយ​ចលនា​អ្នក​មាន​ធនធាន​ឲ្យ​បាន​ជាប់លាប់​ដើម្បី​ត្រៀម​សង្គ្រោះ​មន្ទីរពេទ្យ​ដែល​មាន​អាយុ​ជាង​២០​ឆ្នាំ​មួយ​នេះ។

ការ​រៀបចំ​ប្រព័ន្ធ​រៃអង្គាស​ដ៏​ច្បាស់លាស់​មួយ អាច​ជា​មធ្យោបាយ​ប្រមែប្រមូល​ថវិកា​បាន​ទាំង​អ្នក​មាន​ធនធាន​ច្រើន​និង​អ្នក​មាន​ធនធាន​មធ្យម ដោយ​គេ​ជឿជាក់​ថា​ខ្មែរ​អាច​នឹង​ដូរ​ឥរិយាបទ​ហើយ​មិន​សុខ​ចិត្ត​ឈរ​អោប​ដៃ​មើល​សោកនាដកម្ម​កុមារ​រងគ្រោះ​ដ៏​សន្ធឹក​សន្ធាប់​នោះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ