សហជីពត្រៀមខ្លួនចរចាប្រាក់ឈ្នួលឆ្នាំ២០១៩សម្រាប់កម្មករនិយោជិតនៅកម្ពុជា
ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី៩សីហាម្សិលមិញ បានជូនដំណឹងពីការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង ក្នុងឆ្នាំ២០១៩។ ទាក់ទងនឹងការចរចាប្រាក់ឈ្នួលសម្រាប់ឆ្នាំក្រោយនេះ សហជីពបានអះអាងថា ខ្លួនត្រៀមចរចាជាមួយភាគីពាក់ព័ន្ធ។ ប៉ុន្តែទន្ទឹមគ្នានេះ សហជីពបង្ហាញពីក្ដីព្រួយបារម្ភខ្លះដែរ។ បារម្ភថា ការចរចាប្រាក់ខែគោលឆ្នាំ២០១៩ សម្រាប់កម្មករនិយោជិត អាចពិបាកបន្តិច ព្រោះតែរដ្ឋាភិបាលទើបតែរៀបចំការបោះឆ្នោតហើយ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០១:៤៩
កិច្ចពិភាក្សាប្រាក់ឈ្នួលអប្បបរមាជាលក្ខណៈផ្ទៃក្នុងរបស់ភាគីនីមួយៗ និងជាលក្ខណៈទ្វេភាគី នឹងចាប់ផ្ដើមនៅខែសីហានេះ ខណៈកិច្ចប្រជុំជាលក្ខណៈត្រីភាគី នឹងចាប់ពិភាក្សានៅសប្ដាហ៍ទី០៣នៃខែកញ្ញា។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ទី០៩សីហា។
លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា ស៊ីខៅឌូ លើកឡើងថា នីតិវិធីនៃការចរចាប្រាក់ឈ្នួលនៅក្នុងឆ្នាំ២០១៩ គឺអនុវត្តដូចគ្នានឹងឆ្នាំកន្លងមក។ ហើយសហជីពរបស់លោក នឹងដាក់សំណើរដំឡើងប្រាក់ឈ្នួលកម្មករ កម្មការិនី មិនតិចជាង២០០ដុល្លារឡើយ។ ប៉ុន្តែទោះបីជាបែបនេះក៏ដោយ លោក អាត់ ធន់ ព្រួយបារម្ភថា លទ្ធភាពនៃការដំឡើងប្រាក់ឈ្នួលមិនអាចទស្សន៍ទាយបានទេ ព្រោះរដ្ឋាភិបាលទើបតែរៀបចំការបោះឆ្នោតរួចរាល់។ នេះបើតាមលោក អាត់ ធន់ ។
ទាក់ទងនឹងការចរចាប្រាក់ឈ្នួលនេះ លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា យល់ឃើញថា ទាល់តែមានប្រាក់ខែគោល២៥០ដុល្លារ ទើបកម្មកររស់នៅបានសមរម្យ។ សម្រាប់លោក រ៉ុង ឈុន រដ្ឋាភិបាលមានលទ្ធភាពគ្រប់គ្រាន់នៅក្នុងការផ្ដល់ប្រាក់ខែ២៥០ដុល្លារជូនកម្មករ ហើយគួរតែផ្ដល់ប្រាក់ខែគោល២៥០ដុល្លារជូនកម្មករ ខណៈនិន្នាការគាំទ្ររបស់កម្មករចំពោះបក្សកាន់អំណាចមានការថមថយ។ នេះបើតាមលោក រ៉ុង ឈុន។
ប៉ុន្តែយ៉ាងក៏ដោយទាំង លោក រ៉ុង ឈុន និង លោក អាត់ ធន់ បានបង្ហាញក្ដីព្រួយបារម្ភរួមគ្នាថា សំឡេងនៃសហជីពឯករាជ្យដែលទាមទារដំឡើងប្រាក់ខែជូនកម្មករ ត្រូវបានលុបដោយសំឡេងភាគច្រើននៃសហជីពដែលមាននិន្នាការទៅរកថៅកែ និងរដ្ឋាភិបាល។ ដោយឡែក ក្រសួងការងារបានអះអាងនៅក្នុងសេចក្ដីជូនដំណឹងរបស់ខ្លួនថា នៅក្នុងការចរចាប្រាក់ខែគោលសម្រាប់កម្មករ គ្រប់ភាគីត្រូវដាក់តួលេខផ្អែកទៅលើលក្ខណៈវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច ដែលសំដៅផលិតភាពប្រកួតប្រជែងរបស់ប្រទេស៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ