អានតួអត្ថបទ
កម្ពុជា

ព្រះ​រាជអាជ្ញាខេត្ត​កំពត ​សម្រេច​ចោទប្រកាន់ ២បទល្មើស ចំពោះ​​ជន​សង្ស័យ​ទាំង​១៣នាក់​

នៅ​ថ្ងៃនេះ ​តំណាង​អយ្យការ​អម​សាលា​ដំបូងខេត្ត​កំពត បាន​​សម្រេច​​ចោទ​​ប្រកាន់​​២​​បទ​ល្មើស ​ចំពោះ​​ជន​សង្ស័យ​ទាំង​១៣នាក់ ទាក់​ទង​នឹងករណី​​​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ឯក​ជន​និង​ទ្រព្យ​សម្បត្តិ​សាធារណៈ។ ក៏ប៉ុន្តែប្រធានបក្ស​សម្ព័ន្ធ​ដើម្បី​​ប្រជាធិប​តេយ្យ​ ឬ LDP  ​លោក ខឹម វាសនា អះអាង​ថា​ ការ​ចោទ​ប្រកាន់​នេះ គឺមិនត្រឹមត្រូវទេ ហើយគ្មាន​សមហេតុផល ព្រោះ​ដីទំនាស់ គឺ​​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់​លាស់​នៅឡើយ។ ទន្ទឹម​នេះ ក្រុម​អ្នក​គាំទ្រ​​បក្ស​ LDP​ បាន​ចេញ​ទៅបោះ​ជំរុំ​នៅ​លើដី​របស់​ខ្លួន ដែល​ជាប់​ដី​ទំនាស់នោះ​។

អ្នកគាំទ្រ LDP ជាង៨រយនាក់ បាន​បាតុកម្មអហិង្សា នៅមុខ​ស្នង​ការ​ខេត្ត​កំពត ​ទាមទារឲ្យដោះលែងអ្នកទាំង១៣នាក់ នៅថ្ងៃទី​៥​កុម្ភៈ​កន្លង​ទៅ
អ្នកគាំទ្រ LDP ជាង៨រយនាក់ បាន​បាតុកម្មអហិង្សា នៅមុខ​ស្នង​ការ​ខេត្ត​កំពត ​ទាមទារឲ្យដោះលែងអ្នកទាំង១៣នាក់ នៅថ្ងៃទី​៥​កុម្ភៈ​កន្លង​ទៅ @ldp
ផ្សាយពាណិជ្ជកម្ម

ក្រោយ​ពីការ​សាកសួរ​ពេញ​មួយ​ថ្ងៃ​ម្សិលមិញ តំណាង​អយ្យការ​ខេត្ត​កំពត គឺព្រះរាជអាជ្ញារង លោក ខាន់ សុផល បាន​សម្រេច​ចោទ​ប្រកាន់​ជន​សង្ស័យ​ទាំង​១៣នាក់នោះ​ ចំនួន​២បទ​ល្មើស គឺករណី​ធ្វើ​ឲ្យ​ខូច​ខាត​ដោយ​ចេតនា​នូវ​ទ្រព្យ​សម្បត្តិ​ឯកជន​ និងការ​ប៉ះពាល់​ទ្រព្យ​សម្បត្តិ​សាធារណៈ។  ហើយ​​នៅថ្ងៃនេះ ​ចៅក្រម​ក្រម​ស៊ើប កំពុងតែ​បើក​ការ​ស៊ើប​សួរ​បន្ត​ទៀត មុន​នឹង​ឈាន​ទៅដល់​ ការ​សម្រេច​ឃុំ​ខ្លួន និង​បញ្ចូន​រឿង​ទៅជំនុំជម្រះ ឬក៏​សម្រេច​​លើកលែង​ការ​ចោទប្រកាន់។

ចំពោះ​មុខ​ការ​​សម្រេច​ចោទ​ប្រកាន់​​សមាជិក​អ្នកគាំទ្ររបស់​ខ្លួនយ៉ាង​ដូច្នេះ ​ ​លោក ខឹម វាសនា បាន​អះអាង​ដាច់​អហង្ការ​ថា មិន​ត្រឹមត្រូវ​ទេ។ ថ្លែង​ប្រាប់​វិទ្យុ​បារាំង ប្រមុខ​បក្ស​LDPរូប​នេះ វែកញែកថា ទី១ តើ​​ប៉ះពាល់ដល់​​ទ្រព្យ​សម្បត្តិឯកជន យ៉ាង​ដូចម្តេច​កើត បើ​អ្នក​​មាន​ជម្លោះ​ដែល​អ្នក​អះអាង​ថា​ជាម្ចាស់​ដី​នោះ​ គ្មាន​ប្លង់​រឹង​ ឬ​ប្លង់​កម្មសិទ្ធិ​ផង​នោះ។​​ ហើយ​ម្យ៉ាង ​ក្រុម​អ្នក​ត្រូវ​ចាប់ខ្លួនទាំង​១៣នាក់នោះ គឺ​​​ធ្វើសកម្មភាព​ដាំ​ដំណាំ​លើដី​របស់​ខ្លួន ​នៅលើដី​លោក លី គឹម​ហុង និង​នៅ​ដី​របស់​លោក ខឹម វាសនា ដែល​មាន​ឯកសារ​ត្រឹមត្រូវ​សោះ​ហ្នឹង។

ចំពោះ​ការ​ចោទ​បទល្មើសទី២ ​ពី​ការ​ប៉ះពាល់​ដល់​ទ្រព្យ​សម្បត្តិ​សាធារណៈ​ លោក ខឹម វាសនា សួរថា​ តើបើ​ប៉ះពាល់​ដី​​សម្បទាន​សង្គមកិច្ចរបស់​រដ្ឋ​  ម្តេច​ក៏​ប៉ះពាល់​តែប៉ុន្មាន១៣​​នាក់ហ្នឹង​នោះ? ចុះ​មនុស្ស​រាប់​សិប​រយ​គ្រួសារ​ទៀត ម្តេចក៏​​​មិន​ប៉ះ? ព្រោះ​ដី​​សម្បទាន​សង្គមកិច្ចនៅទីនោះ មាន​រហូត​ដល់​ជាង​១២៨៨ហិកតា​ឯណោះ រួម​ទាំង​មាន​ដី​របស់​មន្ត្រីជាន់​ខ្ពស់​របស់​ក្រសួង​មហាផ្ទៃ​ផង ម្តេច​មិនថា​​ប៉ះពាល់​ផង​ទៅ​?

តាម​ប្រមុខ​បក្ស​LDPដដែល, ដើមហេតុ​ចម្បង​នៃ​ទំនាស់នេះ​ គឺ កើត​ចេញពីការ​ឃុប​ឃិត​គ្នា​របស់​អាជ្ញាធរ​ដែល​ចង់​យក​ដី ​លក់ឲ្យ​ឈ្មួញ​ ហើយ​ក្រុម​របស់​លោក ដែល​មាន​ដី​ប្រមាណ​ជាង​២០ហិកតា​និង​ដី​របស់​លោក​កន្លះ​ហិកតា​នៅទីនោះផង​ គឺ​ជា​ឆ្អឹង​ទទឹង​ក​ចំពោះ​អាជ្ញាធរ​។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក ខឹម វាសនា ប្រធាន​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​។

ដោយឡែក នៅថ្ងៃនេះ ក្រុម​អ្នក​គាំទ្រ​​បក្ស​ LDP ប្រមាណ​ជា​៤០​នាក់​​ បាន​ចេញ​ទៅបោះ​ជំរុំនៅ​ខេត្ត​កំពត ដោយ​មាន​តង់​ជិត​៣០ គឺបោះតង់​លើ​ទីតាំង​​​នៅ​លើដី​របស់​លោក លី គឹមហុងនិងលោក ខឹម វាសនា​ ដែល​ជាប់​ដី​ទំនាស់តែ​ម្តង​។ ទន្ទឹម​នេះ​​ ម្តុំ​ដី​ទំនាស់ ​ប្រមាណ​ជា​២​គីឡូម៉ែត្រ​ គឺ​កំពុង​តែ​មាន​ប៉ូលីស​មួយ​ចំនួន នៅឈរ​ចាំ​យាម​នៅ​ទីនោះ​នៅឡើយ។​

ជុំវិញរឿងទំនាស់​នេះ អភិបាល​ខេត្ត​កំពត​ បាន​សរសេរ​លិខិត​ស្នើ​សុំ​អន្តរាគមន៍​ពី​រដ្ឋមន្ត្រី​មន្ត្រី​ក្រសួង​មហាផ្ទៃ ដើម្បី​ដោះស្រាយ​បញ្ហា ក៏ប៉ុន្តែ​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័ក្រ ប្រាប់​វិទ្យុ​RFI នៅថ្ងៃ​​នេះថា លោក​នៅតែ​មិនទាន់​បាន​ទទួល​លិខិត​នោះ​នៅឡើយ​ទេ​។

គួរ​រម្លឹកជូន​​ថា នៅ​ថ្ងៃទី​៥កុម្ភៈកន្លងទៅនេះ​​ ក្រុម​អ្នក​គាំទ្រ​បក្ស​ LDP ជាង​៨រយ​នាក់ បាន​ទៅតវ៉ាដោយ​ធ្វើ​​បាតុកម្ម​អហិង្សា​ នៅមុខ​ស្នង​ការដ្ឋាន​​ខេត្ត​កំពត ដើម្បី​​ទាម​ទារ​ឲ្យ​ដោះ​លែង​អ្នក​ទាំង​១៣នាក់​​។ គឺមួយ​ថ្ងៃបន្ទាប់ពី​អ្នក​ទាំង​១៣​ត្រូវបាន​ចាប់​ខ្លួន​ដោយ​គ្មាន​ដីកា។
អាជ្ញាធរ​និង​ព្រះ​រាជអាជ្ញា​ អះអាង​ថា​ជា​បទ​ល្មើស​ជាក់​ស្តែង​។​ ប៉ុន្តែ​ចំពោះ​ប្រមុខបក្ស​ LDP គឺគ្មាន​ប្រព្រឹត្ត​បទល្មើស​អ្វីទេ ដ្បិត​ថា អ្នក​ខ្លះ​គ្រាន់​តែ​ឈរ​មើល​ ក៏​ត្រូវ​គេ​ចាប់​ដែរ ហើយ​តាម​​ដើរ​ចាប់ រហូត​​ដល់​ក្នុង​ផ្ទះ​ទៅទៀត​​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ