អានតួអត្ថបទ
កម្ពុជា-នយោបាយ

អ្នក​ការពារ​សិទិ្ធ​មនុស្ស​ បាន​ក្លាយ​ជា​ជន​រងគ្រោះ​ ​ក្នុង​ស្ថានភាព​នយោបាយ​ផុយ​ស្រួយ​នៅ​កម្ពុជា

អង្គការ​សម្ព័ន​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិ​មនុស្ស (លីកាដូ) បាន​ចេញ​ផ្សាយ​របាយការណ៍​ថ្មី នៅ​ថ្ងៃ​ទី​៣ កក្កដា​នេះ ដោយ​បាន​លើក​ឡើង​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ក្នុង​ស្ថានភាព​នយោបាយ​ផុយ​ស្រួយ​នេះ។ នៅ​ក្នុង​របាយការណ៍​ដែល​មាន​ចំណង​ជើង​ថា “ហានិភ័យ​នៃ​សំឡេង​រិះគន់៖ ការ​រំលោភ​បំពាន​ទៅ​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស” លីកាដូ​បាន​កត់​សំគាល់​ថា អ្នក​ការពារ​សិទិ្ធ​មនុស្ស​ រួម​ទាំង​បុគ្គល​ឯករាជ្យ​ និង​បុគ្គល​សំខាន់ៗ​មួយ​ចំនួន​ទៀត​ បាន​ក្លាយ​ជា​ជន​រង​គ្រោះ​ក្នុង​ចំណោម​ជន​រង​គ្រោះ​ដទៃទៀត​ ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ ។ លីកាដូ បាន​លើក​ឡើង​ថា និន្នាការ​នេះ​នឹង​បន្ត រហូត​ទៅ​ដល់​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​ក្រោយ។

អ្នកការពារ​សិទិ្ធ​មនុស្ស បាន​ក្លាយ​ជា​ជន​រង​គ្រោះ ក្នុង​ស្ថានភាព​នយោបាយ​ផុយ​ស្រួយ​នៅ​កម្ពុជា
អ្នកការពារ​សិទិ្ធ​មនុស្ស បាន​ក្លាយ​ជា​ជន​រង​គ្រោះ ក្នុង​ស្ថានភាព​នយោបាយ​ផុយ​ស្រួយ​នៅ​កម្ពុជា @ LICADHO
ផ្សាយពាណិជ្ជកម្ម

ចាប់​តាំង​ពី​ឆ្នាំ​២០១៥​មក​ អ្នក​តំណាង​សហគមន៍​ជា​ច្រើន​ រួម​មាន មេ​ដឹក​នាំ​សហជីព​ និង​សកម្មជន​បរិស្ថាន​ បាន​ទទួល​រង​នូវ​ការ​ចោទ​ប្រកាន់​ដែល​មិន​មាន​មូលដ្ឋាន​ច្បាប់​នោះទេ។​ នេះ​បើ​យោង​តាម​របាយការណ៍​កម្រាស់​៣​ទំព័រ របស់​អង្គការ​សិទ្ធិ​មនុស្ស លីកាដូ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​ ៣ កក្កដា​នេះ។ លើស​ពី​នេះ របាយការណ៍​ដែល​មាន​ចំណង​ជើង​ថា “ហានិភ័យ​នៃ​សំឡេង​រិះគន់៖ ការ​រំលោភ​បំពាន​ទៅ​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស” បាន​កត់​សំគាល់​ដែរ​ថា ចាប់​តាំង​ពី​ខែ​កក្កដា​ ឆ្នាំ​២០១៦ ​ អ្នក​ការពារ​សិទិ្ធ​មនុស្ស​បាន​ទទួលរង​នូវ​បទ​ពិសោធន៍​យ៉ាង​ជូរ​ចត់​ថែម​ទៀត ​សម្រាប់​ការ​បញ្ចេញ​គំនិត​រិះគន់​របស់​ពួក​គេ។​ តួ​យ៉ាង អ្នក​វិភាគ​នយោបាយ​ លោក​បណ្ឌិត​ កែម ឡី​ ត្រូវ​បាន​គេ​លួច​បាញ់​ប្រហារ​ទាំង​កណ្តាល​ថ្ងៃ ហើយ​ក្រោយ​មក ទោះ​ជា​ជន​សង្ស័យ​ចំបង​ត្រូវ​បាន​តុលាការ​ផ្តន្ទា​ទោស​បន្ទាប់​ពីបើក​សវនាការ​អស់​រយៈពេល​បួន​ម៉ោង​ក៏ដោយ​ ក៏រហូត​មក​ដល់​សព្វថ្ងៃ​ នៅ​មិន​ទាន់​មាន​ការ​ស៊ើប​អង្កេត​ដែល​គួរ​ឲ្យ​​ជឿ​ទុក​ចិត្ត​ណា​មួយ​​ ត្រូវ​បាន​ធ្វើ​ឡើង​ទៅ​លើ​ឃាតកម្ម​នេះ​នៅ​ឡើយ​ទេ។

នៅ​ក្នុង​របាយការណ៍​សង្ខេប​ចុងក្រោយ​បំផុត​នេះ​ អង្គការ​សិទ្ធិមនុស្ស លីកាដូ​ បាន​លើក​ឡើង​នូវ​ការ​បំភិត​បំភ័យ​ជាច្រើន​ ដែល​អ្នក​ការពារ​សិទិ្ធ​មនុស្ស​កំពុង​ប្រឈម​មុខ​នៅ​ក្នុង​សង្គម​កម្ពុជា​សព្វថ្ងៃ​។ តួយ៉ាង អ្នក​តំណាង​សហគមន៍​ ដែល​បាន​ទទួល​ពាន​រង្វាន់​អន្តរជាតិ​ អ្នកស្រី ​ទេព វន្នី​ បាន​ទទួលរង​នូវ​ការ​ចោទ​ប្រកាន់​តាម​រយៈ​ប្រព័ន្ធ​តុលាការ​ជាច្រើន​ករណី។ ចំណែក​បុគ្គលិក​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​៤នាក់ និង​អគ្គ​លេខាធិការ​រង គ.ជ.ប​ លោក​ នី ចរិយា​ ដែល​ត្រូវ​បាន​តុលាការ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​កាល​ពី​សប្តាហ៍មុន​ពី​បទ​សូក​ប៉ាន់​សាក្សី​នោះ បាន​បង្ហាញ​យ៉ាង​ច្បាស់​ពីការ​ព្យាយាម​របស់​អាជ្ញាធរ​ ដើម្បី​បំបិទ​សំឡេង​រិះគន់​ស្រប​ច្បាប់​លើភាព​មិន​ប្រក្រតី​នៃ​នីតិវិធី​តុលាការ​។

អ្នក​ស្រី ណាលី​ ពីឡូក​ នាយិកា​រងផ្នែក​តស៊ូមតិ​នៃ​អង្គការ​លីកាដូ​ ដែល​ត្រូវ​បាន​ស្រង់​សំដី នៅ​ក្នុង​របាយការណ៍​នេះ​បាន​ហៅ​ការ​ដោះ​លែង​នោះ​ថា ​ជា​ជំហាន​វិជ្ជមាន​មួយ​ ប៉ុន្តែ​អ្នក​ទាំង​នោះ​នៅ​តែ​ប្រឈម​មុខ​នឹង​បទចោទ​ ខណៈ​អ្នក​ការពារ​សិទិ្ធ​មនុស្ស​ដទៃ​ទៀត​នៅ​តែ​បន្ត​នៅ​ក្នុង​ពន្ធនាគារ​នៅ​ឡើយ។ លោកស្រី​ថា អ្នក​ការពារ​សិទិ្ធមនុស្ស​ដែល​កំពុង​ជាប់​ពន្ធនាគារ​ និង​កំពុង​ទទួល​រង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ដោយ​គ្រាន់តែ​ក្រោកឈរ ​និង​និយាយ​រិះគន់​អំពី​ភាព​អយុត្តិធម៌​ មិន​គួរ​ត្រូវ​ជាប់​ក្នុង​ពន្ធនាគារ​ទាល់តែ​សោះ​ ហើយ​បទចោទ​ប្រកាន់​ទាំងអស់​លើ​អ្នក​ទាំងនោះ​គួរ​ត្រូវ​បាន​ទម្លាក់​ចោល”។

យ៉ាង​ណា​ក៏​ដោយ របាយការណ៍​នេះ​បាន​លើក​ឡើង​ថា ទោះ​បី​ជា​ករណី​ជា​ច្រើន ដែល​ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​នេះ នៅ​មិន​ទាន់​គ្រប់​គ្រាន់​ពេញ​លេញ​ក្តី តែ​ទិន្នន័យ​ទាំង​នេះ អាច​ផ្តល់​នូវ​រូបភាព​មួយ​ផ្នែក ដែល​បង្ហាញ​ពី​អំពើ​រំលោភ​បំពាន​ជា​ច្រើន ដែល​តែង​តែ​កើត​មក​លើ​អ្នក​ការពារ​សិទិ្ធ​មនុស្ស​នៅ​កម្ពុជា​អស់​រយៈ​ពេល​ជាង​ពីរ​ឆ្នាំ​ចុង​ក្រោយ​មក​នេះ និង​បាន​ព្រមាន​ថា​ និន្នាការ​នេះ នឹង​បន្ត​កើត​ឡើង​ទៀត រហូត​ដល់​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨​ខាង​មុខ។ ប៉ុន្តែ លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តី​ការ​គណៈរដ្ឋមន្រ្តី បាន​ច្រាន​ចោល​ចំពោះ​របាយការណ៍​នេះ និង​បាន​ចាត់​ទុក​ថា ជា​របាយការណ៍​មិន​ឆ្លុះ​បញ្ចាំង​ការ​ពិត នឹង​មាន​បំណង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​បរិយាកាស​នៅ​មុន​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨​ខាង​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ