អានតួអត្ថបទ
កម្ពុជា-នយោបាយ

ក្រសួង​ការ​បរទេស​កម្ពុជា ចាត់​ទុក​លោក ហុង លីម ជា​ជន​មិន​ត្រូវ​បាន​ស្វាគមន៍ (Persona Non Grata)

ការ​​លើក​​ឡើង​​របស់​​លោក ហុង លីម តំណាង​​រាស្ត្រ រដ្ឋ Victoria នៃ​​ប្រទេស​​អូស្ត្រាលី មិន​​ឆ្លុះ​​បញ្ចាំង​​​ពី​​ទស្សនៈ​​របស់​​សភា​​អូស្ត្រាលី និង​​រដ្ឋាភិបាល​​អូស្ត្រាលី​ ចំពោះ​​កម្ពុជា​​នោះ​​ទេ​។ នេះ​គឺ​​ជា​​ការ​​បញ្ជាក់​​របស់​​ស្ថានទូត​​អូស្ត្រាលី​​ប្រចាំ​​ទីក្រុង​​ភ្នំពេញ តាម​​រយៈ​​សេចក្ដី​​ថ្លែង​ការណ៍​​មួយ​ ចុះ​​ថ្ងៃ​ពុធ ទី​​១០ ​សីហា​​នេះ។ ការ​​គូស​​បញ្ជាក់​​របស់​​ស្ថានទូត​​អូស្ត្រាលី​​ដូច្នេះ ធ្វើ​ឡើង​បន្ទាប់​​ពី​លោក ហុង លឹម បាន​ប្រៀប​ប្រដូច​របប​នៅ​កម្ពុជា​ថា ជា​របប​តិរច្ឆាន នៅ​ក្នុង​ពេល​ផ្តល់​បទ​សំភាសន៍​ជាមួយ​វិទ្យុ​អាស៊ី​សេរី​ នៅ​ថ្ងៃ​ទី០៤ ខែ​សីហា​ កន្លង​​ទៅ​​។ ក្រសួង​ការ​បរទេស​កម្ពុជា បាន​ថ្កោល​​ទោស និង​​​ចាត់​​ទុក​​សម្ដី​​របស់​​លោក ហុង លីម ដូច្នេះ​​ថា ជា​​ការ​និយាយ​​បង្ខូច​​កិត្តិយស ដែល​​ខុស​​ពី​​ការ​​ពិត​​ទាំង​​ស្រុង​​នៅ​​កម្ពុជា​។ តាម​​រយៈ​សេចក្ដី​​ប្រកាស​​​ចុះ​​ថ្ងៃ​ពុធ​​នេះ​​ដែរ ​ក្រសួង​​ការបរទេស​​កម្ពុជា បាន​​សម្រេច​​ចាត់​​ទុក​​លោក ហុង លីម ថា ជា​ជន​​​មិន​​​ត្រូវ​​​បាន​​​ស្វាគមន៍ ​ Persona Non Grata សម្រាប់​​កម្ពុជា​​ទៀត​​ផង​​។ ប៉ុន សោភ័ណ ជូនព័ត៌មាន

លោក ហុង លីម តំណាងរាស្ត្រ រដ្ឋ Victoria នៃប្រទេសអូស្ត្រាលី
លោក ហុង លីម តំណាងរាស្ត្រ រដ្ឋ Victoria នៃប្រទេសអូស្ត្រាលី ©honglimmp.com
ផ្សាយពាណិជ្ជកម្ម

ស្ថាន​ទូត​​អូស្ត្រាលី​​ ប្រចាំ​​ទីក្រុង​​ភ្នំពេញ នៅ​​ថ្ងៃ​​ពុធ​​នេះ ​បាន​​ចេញ​​សេចក្ដី​ថ្លែងការណ៍​​មួយ ដោយ​​បញ្ជាក់​​ថា ការ​​លើក​​ឡើង​​របស់​​លោក ហុង លីម មិន​​មែន​​ឆ្លុះ​​បញ្ចាំង​​ពី​​ទស្សនៈ​​របស់​សភា​​អូស្ត្រាលី និង​​រដ្ឋាភិបាល​​អូស្ត្រាលី ចំពោះ​​កម្ពុជា​​នោះ​​ទេ​។ យ៉ាង​​ណា​​ក៏​​ដោយ ស្ថាន​ទូត​អូស្ត្រាលី ពន្យល់​​ថា ការ​​បញ្ចេញ​​មតិ​ ឬ​ទស្សនៈ​ខុស​​គ្នា នៅ​​លើ​​ការ​​ជជែក​​ពិភាក្សា​​សាធារណៈ គឺ​​ជា​​ប្រពៃណី​​ដ៏​​​រឹង​​មាំ​​មួយ​​របស់​​អូស្ត្រាលី ហើយ​​វា​​ក៏​​ជា​​ធាតុ​សំខាន់​​មួយ​​នៅ​​ក្នុង​​របប​ប្រជា​ធិបតេយ្យ​​ផង​​ដែរ​​។ ស្ថាន​ទូត​​អូស្ត្រាលី អះអាង​ជា​​ចុង​ក្រោយ​​អំពី​​ទំនាក់​ទំនង​​ដ៏​​រឹង​មាំ​និង​ឋិត​ឋេរ​​មួយ​​​ជាមួយ​​កម្ពុជា ហើយ​​រំពឹង​​ថា​ ​ទំនាក់​ទំនង​​នេះ នឹង​​បន្ត​ទៅ​​មុខ​​ទៀត​។

ការ​បញ្ជាក់​របស់​ស្ថាន​ទូត​អូស្តា្រលី​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ក្រសួង​ការ​បរទេស​កម្ពុជា​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ធ្ងន់ៗ​នៅ​ថ្ងៃទី១០ សីហា​នេះ ដោយ​សម្តែង​ការ​រំជួល​ចិត្ត និង​ថ្កោល​ទោស​ចំពោះ​​ការ​ប្រើប្រាស់​ពាក្យ​ពេចន៍​របស់​លោក ហុង លីម ដែល​បាន​ចាត់​ទុក​កម្ពុជា​ដូច «​តិរ​ច្ឆាន​»។ សេចក្តី​ប្រកាស​របស់​អ្នក​នាំ​ពាក្យ​ បញ្ជាក់​ថា បុគ្គល ហុង លីម ជា​«​ជន​មិន​ត្រូវ​បាន​ស្វាគមន៍​» ឬ ពែសោណា ណាន់​ក្រា​តា (Persona Non Grata)។ សម្រាប់​​កម្ពុជា ពោល​​គឺ លោក ហុង លីម សមាជិក​សភា នៅ​រដ្ឋ​Victoria ដែល​​មាន​​ដើម​កំណើត​ខ្មែរ នឹង​​មិន​​ត្រូវ​​បាន​អនុញ្ញាត​​ឲ្យ​ចូល​ក្នុង​​ប្រទេស​​កម្ពុជា​ឡើយ។ 

គួរ​​រំលឹក​​ថា សេចក្តី​ថ្លែង​ការ​ណ៍​ទាំង​ពីរ​​នេះ បាន​​ធ្វើ​ឡើងបន្ទាប់​ពី​លោក ហុង លឹម បាន​ប្រៀប​ប្រដូច​របប​នៅ​កម្ពុជា​ថា ជា​របប​តិរច្ឆាន នៅ​ក្នុង​ពេល​ផ្តល់​បទ​សំភាសន៍​ជាមួយ វិទ្យុ​អាស៊ី​សេរី​ នៅ​ថ្ងៃទី០៤ ខែសីហា​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ