អានតួអត្ថបទ
កម្ពុជា

បទល្មើស​ព្រៃឈើ៖ អង្គការ​សហគមន៍​ព្រៃឈើ​សាទរ​ចំពោះ​ចំណាត់​ការ​របស់​ក្រសួង​កសិកម្ម តែ​បដិសេធ​ចំពោះ​របាយការណ៍

អ្នកឃ្លាំមើល​បទ​ល្មើស​ព្រៃឈើ​និង​អ្នក​ការពារ​ធនធាន​ធម្មជាតិ​ មាន​ការ​លើក​ទឹក​ចិត្ត​ចំពោះ​ចំណាត់​ការ​របស់​ក្រសួង​កសិកម្ម តែ​មាន​ជំនឿ​ថា បទល្មើស​ព្រៃឈើ​នៅ​កម្ពុជា​មាន​ច្រើន​ជាង​ការ​ឃើញ​របស់​ក្រសួង​កសិកម្ម​ទៅ​ទៀត។ ការ​អះអាង​របស់​អង្គការ​សហគមន៍​ព្រៃឈើ​យ៉ាង​ដូច្នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រសួង​កសិកម្ម​បាន​បង្ហាញ​របាយការណ៍ ស្តីពី​សំណុំ​រឿង​បទ​ល្មើស​ព្រៃឈើ ដែល​ចំនួន​ជាង ១០០០​ករណី ក្នុង​រយៈ​ពេល​ ៩​ខែ​ដើម​ឆ្នាំ​ ២០១៦​នេះ។ ប៉ុន សោភ័ណ រាយការណ៍៖

ការ​កាប់​ឈើ​ក្នុង​តំបន់​ព្រៃឡង់​ដែល​ក្រុម​យុវជន ​និង​ប្រជា​សហគមន៍​ប្រទះ​ឃើ​ញ​ពេល​ចុះ​ល្បាត​កាល​ពី​ពេល​ថ្មី​ៗ ​
ការ​កាប់​ឈើ​ក្នុង​តំបន់​ព្រៃឡង់​ដែល​ក្រុម​យុវជន ​និង​ប្រជា​សហគមន៍​ប្រទះ​ឃើ​ញ​ពេល​ចុះ​ល្បាត​កាល​ពី​ពេល​ថ្មី​ៗ ​ @RFI
ផ្សាយពាណិជ្ជកម្ម

នៅ​ចំពោះមុខ​របាយការណ៍​នេះ លោក សេង សុខហេង ប្រធាន​អង្កការ​អភិវឌ្ឍ​សហគមន៍​ ដើម្បី​សន្តិភាព និង​និរន្តរភាព​បាន​លើក​ឡើង​ថា នេះ​គឺ​ជា​របាយ​ការណ៍​ ដែល​ក្រសួង​កសិកម្ម​ខ្លួន​ឯង បាន​រក​ឃើញ។ ប៉ុន្តែ​បើ​តាម​ការ​សិក្សា​ស្រាវជ្រាវ​របស់​អង្កការ​លោក​កន្លង​មក រក​ឃើញ​ថា​បទ​លើ្មស​ព្រៃ​ឈើ​មក​ទល់​នឹង​ពេល​នេះ​មាន​មិន​តិច​ជាង ៥០០០​ករណី​នោះ​ទេ។ ពិសេស​នៅ​តាម​តំបន់​ជួរ​ភ្នំ​ក្រវាញ ដែល​បទ​ល្មើស​ព្រៃឈើ​នៅ​តែ​ខ្លាំង ខេត្ត​រតនគីរី និង​មណ្ឌល​គីរី ចរាចរ​ឈើ​នៅ​តែ​បន្ត​មាន​ ជា​បន្ត​បន្ទាប់ និង​តំបន់​ព្រៃ​ការពារ ដូច​ជា​ព្រៃឡង់ និង​ព្រៃ​រកា​ជា​ដើម។ តែ​យ៉ាងណា​​ លោក សុខហេង បាន​សាទរ​ចំពោះ​ចំណាត់​ការ​របស់​ក្រសួង​កសិកម្ម និង​សូម​ឱ្យ​ក្រសួង ធ្វើ​យ៉ាង​ណា បង្កើន​សកម្មភាព​របស់​ខ្លួន​បន្ថែម​ទៀត ឱ្យ​បាន​តឹង​រ៉ឹង​ និង​ម៉ឺងម៉ាត់​បំផុត បើ​មិន​ដូច្នេះ​ទេ វា​ពិតជា​ពិបាក​ណាស់​ក្នុង​ការ​ទប់​ស្កាត់​បទល្មើស​ព្រៃឈើ​នេះ។

បច្ចុប្បន្ន បើ​ទោះ​បី​ជា​បទ​ល្មើស​ព្រៃឈើ​ត្រូវ​បាន​រឹត​បន្តឹង​យ៉ាង​ណា​ក្តី ក៏​គេ​នៅ​តែ​សង្កេត​ឃើញ​ថា​បទ​ល្មើស​នេះ​នៅ​តែ​បន្ត​កើត​មាន​ជា​ហូរហែ។ ជាក់ស្តែង រយៈពេល ៩​ខែ​ដើម​ឆ្នាំ​ ២០១៦​នេះ សំណុំរឿង​បទ​ល្មើស​ព្រៃឈើ​មាន​ចំនួន​ ១១៦៦​ករណី ដោយ​បាន​បញ្ជូន​ទៅ​តុលាការ ៨៧៣​ករណី និង​ពិន័យ​អន្តរការណ៍​ចំនួន ២៩៣​ករណី។ ​នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ។ ចំពោះ​ការ​ឃាត់​ខ្លួន​ជន​ល្មើស​ និង​ដក​ហូត​វត្ថុ​តាង​មាន​ដូច​ជា ឈើ​មូល ជ្រុង ៦៦៨២​ម៉ែត្រគូប ឈើ​អារ​ចំនួន ៥៤០៧​ម៉ែត្រគូប ឈើ​ក្រាក់​ក្រញូង​ចំនួន ៤២​ម៉ែត្រគូប និង ៥២៦​គីឡូក្រាម សត្វ​ព្រៃ​ចម្រុះ​គ្រប់​ប្រភេទ​ចំនួន ១១៧២​ក្បាល និង ៣០៦៥​គីឡូក្រាម អនុផល​ព្រៃ​ឈើ​ និង​សម្ភារ​ផ្សេងៗ​មួយ​ចំនួន​ទៀត​ ព្រម​ទាំង​ដក​ហូត​រណា​យន្ត​បាន​ចំនួន ២៤៩​គ្រឿង។

ជាលទ្ធផលសម្រាប់​រយៈពេល ​៩​ខែ ដើម​ឆ្នាំ​នេះ ​ចំណូល​ពី​វិស័យ​ព្រៃ​ឈើ និង​វិស័យ​ជលផល មានប្រមាណ​ជាង​ ៤លាន៥​សែន ​ដុល្លារ​អាមេរិក។

លោក អ៊ូច ឡេង ប្រធាន​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិមនុស្ស​កម្ពុជា ​(CHRTF) និង​ជា​សកម្មជន​ព្រៃ​ឈើ​ម្នាក់ បាន​ថ្លែងថា«យើង​ចង់​ឃើញ​មន្ត្រី​ជំនាញ​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​ស្មើ​គ្នា​ចំពោះ​ជន​ទាំង​ឡាយ​ដែល​ប្រព្រឹត្ត​ខុស​ច្បាប់។ ហើយ​បើ​និយាយ​ពី​ចំណូល​វិញ​ គឺ​មិន​បាន​ស្មើ​ឈ្មួញ​ដឹក​ឈើ​យកទៅ​លក់​នៅ​ក្រៅ​ប្រទេស​មួយ​ជើង​ផង»។​

គួរ​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​ឆ្នាំ​ ២០១៥ ក្នុង​ពិធី​បិទ​សន្និបាត​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់ និង​នេសាទ លោក​នាយក​រដ្ឋ​មន្ត្រី​ខ្មែរ បាន​ដាក់​បទ​បញ្ជា​ដោយ​ផ្ទាល់​មាត់ ជំរុញ​ឱ្យ​អាជ្ញាធរ និង​សមត្ថកិច្ច​គ្រប់​ជាន់​ថ្នាក់ និង​អ្នក​ពាក់ព័ន្ធ​ទាំង​អស់ ចាត់​វិធានការ​បង្រ្កាប​បទ​ល្មើស​ព្រៃឈើ ដែល​កំពុង​កើត​មាន​ឡើង​យ៉ាង​ក្តៅ​គគុក​នៅ​ប្រទេស​កម្ពុជា។ នា​ឱកាស​នោះ​លោក នាយក​រដ្ឋ​មន្ត្រី បញ្ជាក់​ថា ការ​បង្រ្កាប​បទ​ល្មើស​ព្រៃឈើ មិន​ពិបាក​ដូច​បង្រ្កាប​គ្រឿង​ញៀន​នោះ​ទេ ដូច្នេះ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ ត្រូវ​តែ​បង្រ្កាប​ឲ្យ​បាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ