អានតួអត្ថបទ
កម្ពុជា

ក្រោយ​រង​ទណ្ឌកម្ម​ទិដ្ឋាការ កម្ពុជា​បន្ទន់​ជំហរ​ព្រម​ទទួល​ពលរដ្ឋ​ខ្មែរ​ពី​អាមេរិក​វិញ

លោក ប្រាក់ សុខុន រដ្ឋ​មន្ដ្រី​ក្រសួង​ការបរទេស​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​លើកឡើង​ថា កម្ពុជា​ព្រម​ទទួល​យក​ពលរដ្ឋ​ខ្មែរ​ដែល​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ពី​អាមេរិក ឲ្យ​ពួក​គេ​មក​រស់​នៅ​ស្រុក​ខ្មែរ​វិញ​។ ជំហរ​​​របស់​លោក​រដ្ឋ​មន្ដ្រី​ដូច្នេះ ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​សហរដ្ឋ​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​ទិដ្ឋាការ​ខ្លះ​លើ​មន្ដ្រី​ការទូត​ជាន់​ខ្ពស់​ខ្មែរ​កាល​ពី​ម្សិលមិញ​។

លោក​ប្រាក់​ សុខុន រដ្ឋមន្ដ្រី​ការបរទេស​កម្ពុជា
លោក​ប្រាក់​ សុខុន រដ្ឋមន្ដ្រី​ការបរទេស​កម្ពុជា រូបភាព​ឯកសារ
ផ្សាយពាណិជ្ជកម្ម

ថ្លែង​នៅ​ក្នុង​បាឋកថា នា​សាលា​ភូមិន្ទ​រដ្ឋបាល លោក​ប្រាក់​ សុខុន បាន​សម្ដែង​ការ​សោក​ស្ដាយ​ចំពោះ​ការ​ដាក់​ទណ្ឌកម្ម​ទិដ្ឋាការខ្លះ​ពី​សំណាក់​អាមេរិក លើ​មន្ដ្រីការ​ទូត​ជាន់​ខ្ពស់​កម្ពុជា​។ អាមេរិក​ពន្យល់​ពី​ការ​ដាក់​ទណ្ឌកម្ម​នោះថា គឺ​ដោយ​សារ​តែ​កម្ពុជា មិន​ព្រម​ទទួល​យក​ពលរដ្ឋ​របស់​ខ្លួន​ដែល​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​លើ​ទឹក​ដី​អាមេរិក ឲ្យ​មក​រស់​នៅ​កម្ពុជា​វិញ​។

សម្រាប់​លោក ប្រាក់ សុខុន កម្ពុជា​មើល​ឃើញ​ថា ការ​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ដែល​ប្រព្រឹត្ត​ល្មើស​តែ​បាន​ទទួល​ទោស​រួច​រាល់​ឲ្យ​មក​រស់​នៅ​កម្ពុជា គឺ​ជា​ទង្វើ​អមនុស្ស​ធម៌​។ អមនុស្ស​ធម៌​ព្រោះ​ពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​បញ្ជូន​មក​វិញនោះ បាន​ធំធាត់​ដឹង​ក្ដី​នៅ​អាមេរិក មាន​​​គ្រួសារ មិត្ត​ភក្តិ​បង​ប្អូន​នៅ​អាមេរិក​។ ពួក​គេ​មិន​បាន​យល់​ដឹង និង​មិន​អាច​រស់​នៅ​ស្រុក​ខ្មែរ​តែឯង​បាន​ឡើយ​។ នេះ​បើ​តាម​លោក​ ប្រាក់ សុខុន​។

លោក​រដ្ឋ​មន្ដ្រី​បន្ត​ថា កម្ពុជា មិន​បាន​បដិសេធ​មិន​ទទួល​យក​ពលរដ្ឋ​ខ្មែរ​ពីអាមេរិក​វិញ​ទេ​។ កម្ពុជា គ្រាន់​តែ​ស្នើ​ទៅ​អាមេរិក​ឲ្យ​ធ្វើ​វិសោធនកម្ម​កិច្ច​ព្រម​ព្រៀង​ឆ្នាំ​២០០២ ដោយ​ទទួល​យក​ពលរដ្ឋ​ខ្មែរ​ពី​អាមេរិក​វិញ​តាម​គោលការណ៍​ស្ម័គ្រ​ចិត្ត​​តែ​ប៉ុណ្ណោះ​។

យ៉ាង​ណា​ក៏​ដោយ នៅពេល​ដែល​អាមេរិក​ទាត់​ចោល​សំណើ​របស់​កម្ពុជា លោក ប្រាក់ សុខុន អះអាង​ថា កម្ពុជា​មិន​អាច​ធ្វើ​អ្វី​បានទេ ​ក្រៅ​តែ​ពី​បន្ត​ទទួល​យក​ពលរដ្ឋ​ខ្លួន​ពី​អាមេរិក បើ​ទោះ​បី​ជា​ការ​បញ្ជូន​ពី​អាមេរិក​មក​នោះ​ធ្វើ​ដោយ​បង្ខំ​ក៏ដោយ​។ ប្រមុខ​ការទូត​កម្ពុជា​សង្កត់​ធ្ងន់​ថា ចំពោះ​មុខ​នេះ កម្ពុជា​​ព្រម​ទទួល​យក​ពលរដ្ឋ​ខ្មែរ​ដែល​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ពី​អាមេរិក ឲ្យ​ពួក​គេ​មក​រស់​នៅ​ស្រុក​ខ្មែរ​វិញ​។ តែ​លោក​សង្ឃឹម​ថា ទៅ​ថ្ងៃ​មុខ នៅ​ពេល​ដែល​អាមេរិក​ទន់​ចិត្ត​បន្តិច កម្ពុជា​និង​អាមេរិក​អាចត្រឡប់​មក​​ជជែក​គ្នា​ឡើង​វិញ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​ តាម​គោលការណ៍​មនុស្ស​ធម៌ និង​មេត្តាធម៌​។

សូមជម្រាប​ជូន​ថា ចាប់​តាំង​ពី​ចុះ​កិច្ច​ព្រម​ព្រៀង​រួម​គ្នា​នៅ​ឆ្នាំ​២០០២ អាមេរិក​បាន​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ដែល​បាន​អនុវត្ត​ទោស​រួច មក​កម្ពុជា​វិញ ចំនួន​ជាង​៥០០​នាក់​។ ក្នុង​ចំណោម​នោះ ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ប្រមាណ​២០​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត ភាគ​ច្រើន​ដោយ​ជំងឺ និង​៤​នាក់​ទៀត​ស្លាប់​ដោយ​ការ​ធ្វើ​អត្តឃាត ដោយ​សារ​តែមិន​អាច​ធ្វើ​សមាហរណកម្ម​រស់​នៅ​ក្នុង​សង្គម​កម្ពុជា​បាន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ