អានតួអត្ថបទ
កម្ពុជា

ជំងឺ​ផ្ដាសាយ​បក្សី​មិន​ទាន់​កើត​មាន​ជា​ថ្មី​នៅ​កម្ពុជាទេ តែ​អាជ្ញាធរ​​ចង់​ឲ្យ​ពលរដ្ឋ​​ប្រយ័ត្ន

ខណៈ​ដែល​ជំងឺ​ផ្ដាសាយ​បក្សី​​ប្រភេទ H5N6 និង H7N9 កំពុង​​រាត​ត្បាត​នៅតំបន់​អាស៊ី​​ ក្រសួង​សុខាភិបាល​បាន​គូស​បញ្ជាក់​ថា កម្ពុជា​នៅ​មិន​ទាន់​មាន​ករណី​នេះ​នៅ​ឡើយ​ទេ​។ មិន​ទាន់​មាន​ក៏​ពិត​មែន ប៉ុន្តែ​តាម​រយៈ​សេចក្ដី​ណែនាំ​ចុះ​ថ្ងៃ​ទី​៤​មករា ក្រសួង​ចង់​ឲ្យ​ពលរដ្ឋ​ខ្មែរ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ធ្វើ​យ៉ាង​ណា​ការពារ​ខ្លួន​ពី​​មេរោគ​ផ្ដាសាយ​បក្សី។ មេរោគ​ផ្ដាសាយ​បក្សី ​ដែល​នៅ​តែ​បន្ត​ចរាចរ ​ឆ្លង​រាល​ដាល​ពី​ប្រទេស​មួយ​ទៅ​កាន់​ប្រទេស​មួយទៀត ​ដោយ​​គ្មាន​ព្រំដែន​កំណត់​។

សត្វ​មាន់  រឺ​សត្វ​បក្សី​​ផ្សេង​ទៀត ជា​ប្រភព​ចម្លង​មេរោគ ​ផ្តាសាយ​បក្សី ​H5N1 និង H7N9
សត្វ​មាន់ រឺ​សត្វ​បក្សី​​ផ្សេង​ទៀត ជា​ប្រភព​ចម្លង​មេរោគ ​ផ្តាសាយ​បក្សី ​H5N1 និង H7N9
ផ្សាយពាណិជ្ជកម្ម

វីរុស​ជំងឺ​ផ្ដាសាយ​បក្សី ប្រភេទ H5N1 ធ្លាប់​កើត​នៅ​កម្ពុជា​ចំនួន​៥៦​ករណី ចាប់​ពី​ឆ្នាំ​២០០៥ ដល់​ឆ្នាំ​២០១៤ ក្នុង​នោះ​មាន​៣៧​ករណី បាន​ស្លាប់​។ ប៉ុន្តែ​សម្រាប់​ជំងឺ​ផ្ដាសាយ​បក្សី​ប្រភេទ H5N6 និង H7N9 ដែល​បាន​រីក​រាល​ដាល​នៅ​ប្រទេស​ជប៉ុន កូរ៉េ​ខាង​ត្បូង និង​ចិន កាល​ពី​ពេល​ថ្មី​ៗ​នេះ នៅ​មិន​ទាន់​មាន​វត្តមាន​លើ​ទឹក​ដី​កម្ពុជា​នៅ​ឡើយ​ទេ​។

បើ​ទោះ​បី​ជា​យ៉ាង​ដូច្នេះ​ក៏​ដោយ ក្រសួង​សុខាភិបាល​បាន​ណែនាំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ការពារ​ខ្លួន​កុំ​ឲ្យ​ឆ្លង​មេរោគ​នេះ ជា​ពិសេស​សម្រាប់​ពលរដ្ឋ​ខ្មែរ​ដែល​ចង់​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ក្រៅ​នា​រដូវ​បុណ្យ​ចូល​ឆ្នាំ​ចិន និង​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ​។ បើ​អាច​ធ្វើ​ទៅ​បាន ក្រសួង​សុខាភិបាល​ចង់​ឲ្យ​ពលរដ្ឋ​ចៀសវាង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស ឬ​ទី​កន្លែង​ដែល​មាន​កើត​ករណី​ផ្ដាសាយ​បក្សី​ ហើយ​​ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ពី​សត្វ​បក្សី​ឈឺ​ឬ​ងាប់​។ ត្រូវ​ចៀសវាង​ប៉ះពាល់​សត្វ​បក្សី​ឬ​លាមក​របស់​វា នៅ​តាម​កសិដ្ឋាន សត្តឃាត និង​ទីផ្សារ​បក្សី​រស់​។ ក្នុង​ករណី​ដែល​បាន​ប៉ះពាល់​បសុបក្សី ពលរដ្ឋ​ត្រូវ​លាង​ដៃ​ឲ្យ​បាន​ញឹកញាប់​ជាមួយ​សាប៊ូ​និង​ទឹក​ស្អាត។

ក្រសួង​សុខាភិបាល​បញ្ជាក់​ថា វីរុស​ផ្ដាសាយ​បក្សី​ចរាចរ​នៅ​ក្នុង​ចំណោម​បក្សី​គ្នា​ឯង និង​ឆ្លង​មក​កាន់​មនុស្ស​។ ប៉ុន្តែ​វីរុស​នេះ​មិន​មាន​សមត្ថភាព​ងាយ​ចម្លង​ពី​មនុស្ស​ទៅ​មនុស្ស​នៅ​ឡើយ​ទេ​។ ហើយ​វា​មិន​អាច​ឆ្លង​បាន​ទេ ប្រសិន​បើ​ពលរដ្ឋ​កាន់ ឬ​បរិភោគ​បសុបក្សី ស៊ុត ឬ​ម្ហូប​អាហារ​ណា​ដែល​បាន​ចម្អិន​ត្រឹម​ត្រូវ​ល្អ​ហើយ​។

រោគ​សញ្ញា​នៃ​ជំងឺ​ផ្ដាសាយ​បក្សី​រួម​មាន៖ គ្រុន​ក្ដៅ​លើស​ពី​៣៨,៥​អង្សា​សេ ក្អក ពិបាក​ដក​ដង្ហើម ដែល​អាច​បណ្ដាល​ឲ្យ​ស្លាប់​បាន​។ ផ្ដាសាយ​បក្សី​ប្រភេទ H5N1, H7N9 និង H5N6 គ្មាន​វ៉ាក់សាំង​សម្រាប់​ការពារ​ទេ​។ តែការ​ព្យាបាល​អាច​ធ្វើ​បាន​ដោយ​ប្រើ​ថ្នាំ​ប្រឆាំង​មេរោគ​គ្រុន​ផ្ដាសាយ ដែល​អាច​មាន​ប្រសិទ្ធភាព​ដោយ​រួម ជាមួយ​នឹង​ការ​ព្យាបាល​រោគ​សញ្ញា​ផង​។ ប្រសិន​បើ​មាន​ករណី​សង្ស័យ​ជំងឺ​ផ្ដាសាយ​បក្សី ក្រសួង​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ស្វែង​រក​ការ​ព្យាបាល​ជា​បន្ទាន់​នៅ​តាម​មន្ទីរពេទ្យ​សាធារណៈ ហើយ​ត្រូវ​ជម្រាប​មន្ដ្រី​សុខាភិបាល​អំពី​ប្រវត្តិ​ជំងឺ និង​ប្រវត្តិ​នៃ​ការ​ធ្វើ​ដំណើរ ព្រម​ទាំងប្រវត្តិ​​ប៉ះពាល់​សត្វ​បក្សី​ឈឺ​ឬ​ងាប់ ដើម្បី​បាន​ទទួល​ការ​ព្យាបាល​ទាន់​ពេល​វេលា​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ