អានតួអត្ថបទ
កម្ពុជា

កង្វះអុកស៊ីសែននិងភ្លើងឆេះព្រៃ ជាហេតុផលនៃការងាប់របស់ត្រី៦៨តោននៅបឹងទន្លេឆ្មាក្នុងខេត្តកំពង់ធំ

ក្រសួង​បរិស្ថាន និង​អាជ្ញាធរ​ទន្លេ​សាប ទើប​តែ​បាន​ចេញ​សេចក្តី​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា​ មូល​ហេតុនៃ​ការ​ងាប់​របស់​ត្រី​រាប់​សិប​តោន​នៅ​តំបន់​រ៉ាម​សារ​បឹង​ទន្លេ​ឆ្មា ​ក្នុង​ខេត្ត​កំពង់​ធំ​កន្លង​មក​នេះ​ គឺ​បណ្តាល​មក​ពី​កង្វះ​អ៊ុក​ស៊ី​សែន និង ភ្លើង​ឆេះ​ព្រៃ​។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​ នេះ​មិន​មែន​ជា​លើក​ទីមួយ​នោះ​ទេ។

@somnob
ផ្សាយពាណិជ្ជកម្ម

លទ្ធផល​ដែល​ត្រូវ​បាន​បង្ហាញ​តាម​រយៈ​សេចក្តី​ប្រកាស​រួម​របស់​ក្រសួង​បរិស្ថាន និងអាជ្ញាធរ​ទន្លេសាប​នៅ​ថ្ងៃ​ទី​៣០​មេសា គឺ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ចុះ​អង្កេត​ដ៏​ម៉ត់ចត់​របស់​ក្រុមអ្នក​ជំនាញ​មក​ពី​ស្ថាប័ន​ទាំង​ពីរ ទៅ​លើ​មូលហេតុ​នៃ​ការ​ងាប់​របស់​ត្រី​រាប់​សិប​តោន នៅ​ក្នុងតំបន់​រ៉ាម​សារ​បឹង​ទន្លេឆ្មា ក្នុង​ខេត្ត​កំពង់​ធំ។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​គ្នា​នេះ ការ​ងាប់​របស់​ត្រី​ដែល​រហូត​មក​ដល់​ពេល​នេះ មាន​ចំនួន​ដល់​ទៅ​ ៦៨តោន​នោះ គឺ​បណ្តាល​មក​ពី​កង្វះ​អ៊ុក​ស៊ីសែន និង​បណ្តាល​មក​ពី​ភ្លើងឆេះ​ព្រៃ​លិច​ទឹក​ដែល​ស្ថិត​នៅ​ជុំវិញ​តំបន់​រ៉ាមសារ​បឹង​ទន្លេ​ឆ្មា ក្នុង​ស្រុក​ស្ទោង​ខេត្ត​កំពង់​ធំ។ បើ​តាម​ការ​ប្រកាស​ដដែល​នេះ ត្រី​ដែល​ងាប់​ភាគ​ច្រើន គឺ​ជា​ប្រភេទ​ត្រី​រំអិល ដែល​ត្រូវការ​អុកស៊ីសែន​ខ្ពស់ ដូច​ជា ត្រីរៀល ត្រីច្រកែង ត្រីកញ្ចុះ និង​ត្រីតា​អោន​ជា​ដើម។

នៅ​ក្នុង​សេចក្តីប្រកាស​នេះ​បាន​បញ្ជាក់​ថា ជា​រៀង​រាល់​ឆ្នាំ នៅ​ក្នុង​ខែ​មេសា​និង​ខែ​ឧសភា អាកាស​ធាតុ​មានស្ថាន​ភាព​ក្តៅ​ហួត​ហែង​ខ្លាំង និង​ដោយ​ពុំ​មានបរិមាណ​ទឹក​ភ្លៀង​ធ្លាក់​ផង​នោះ បាន​ធ្វើ​ឲ្យ​ផ្ទៃ​ទឹកបឹង​មួយ​ភាគ​ធំ​គោក​រីង​រាក់ សម្បូរណ៍​ភក់​ច្រើន និង​ការ​ឡើង​កំដៅ​នៃ​ទឹក​ផង​នោះ បាន​ធ្វើ​ឲ្យ​បរិមាណ​អុកស៊ីសែន​នៅ​ក្នុង​បឹង​មាន​ការ​ថយ​ចុះ។

យ៉ាង​ណា​ក៏ដោយ នៅ​ចំពោះ​មុខ​នេះ ក្រសួង​បរិស្ថាន និង​អាជ្ញាធរ​ទន្លេ​សាប កំពុងសហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​នានា ដើម្បី​ចុះ​ដាក់​វិធានការ​បឋម​នានា ក្នុង​នោះ មាន​ការបង្កើត​ទី​ជម្រក​ដោយ​ដាក់​ពង្រាយ​កំប្លោក និង​បូម​ទឹកបញ្ចូល​ក្នុង​បឹង​ដើម្បី​បង្កើន​បរិមាណ​អ៊ុកស៊ីសែន​ជា​ដើម។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​ថា នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ ដែល​មានវត្តមាន​ត្រី​ងាប់​ដ៏​ច្រើន​បែប​នេះ។ ជាក់​ស្តែង​នៅ​ក្នុង​ខែ​មិថុនា​ឆ្នាំ២០១៤ ត្រី​ចំនួន​៨៩​តោន​ក៏​បានងាប់ ហើយ​នៅ​ខែ​ឧសភា​ឆ្នាំ២០១៥ ត្រី​ចំនួន​១៧៦​តោន​ក៏​បាន​ងាប់​ផង​ដែរ។ យ៉ាង​ណា​ក៏ដោយ ក្រសួង​បរិស្ថាន និង​អាជ្ញាធរ​ទន្លេ​សាប បាន​កត់​សំគាល់​ថា កត្តា​ប្រែប្រួល​អាកាសធាតុ និង​គ្រោះ​រាំង​ស្ងួត​ខ្លាំង​នៅ​ឆ្នាំ​២០១៦​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ទៅ​ដល់​ធនធាន​ជលផល នៅ​តំបន់រ៉ាមសារ​បឹងទន្លេ​ឆ្មា​ក្នុង​ខេត្ត​កំពង់​ធំ​នេះ​។

សូម​បញ្ជាក់​ដែរ​ថា គ្រោះ​រាំង​ស្ងួត​និង​ការ​ឡើង​កំដៅ​មិន​ធ្លាប់​មាន​នៅ​កម្ពុជា​ដល់​ទៅ​៤២អង្សា​សេនេះ មិន​មែន​ត្រឹម​តែ​ធ្វើ​ឲ្យ​ត្រី​ក្នុង​ទឹក​ងាប់​នោះទេ ក៏​ប៉ុន្តែ​សត្វ​ព្រៃ​និង​សត្វ​ស្រុក ទាំងនៅ​លើ​គោក​និង​លើ​អាកាស​ក៏​បាន​ងាប់​ជា​បន្ត​បន្ទាប់​ផង​ដែរ។ ចំណែក​ឯ​មនុស្ស​វិញ បើទោះ​បីជា​មិន​ទាន់​មាន​សេចក្តី​រាយការណ៍​នៃ​ការ​ស្លាប់​ដោយ​សារ​តែ​អត់​ទឹក​មែន ក៏​ប៉ុន្តែ​កម្ពុជា​ពេលនេះ ក៏​កំពុង​បើក​យុទ្ធនា​ការ​ចុះ​ចែក​ទឹក​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​១៨ខេត្ត ខណៈ​ដែល​ទឹក​បឹងបួរ​ធំ​តូច​កំពុង​រីងខះ​ស្ទើ​តែ​ទាំង​ស្រុង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ