ក្រសួងបរិស្ថានចាប់ផ្តើមឲ្យម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ចូលរួមបង់ថ្លៃ១ដុល្លារ ការពារបរិស្ថាន
ក្រសួងបរិស្ថាននៅថ្ងៃទី២៣ឧសភាបានដាក់ឲ្យដំណើរការគំរូបង់ថ្លៃសេវាកម្មអេកូឡូស៊ីបរិស្ថានធម្មជាតិ ជាលើកដំបូងនៅក្រុងកែប ខេត្តកែប។ សេវាកម្មអេកូឡូស៊ីគឺផ្ដោតទៅលើការការពារបរិស្ថានដែលកើតចេញពីសកម្មភាពរាល់ថ្ងៃរបស់មនុស្ស។ ទន្ទឹមនឹងការដាក់ឲ្យដំណើរការគំរូថ្មីនេះ ក្រសួងបរិស្ថានបានលើកទឹកចិត្តម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ចូលរួមបង់ថ្លៃ១ដុល្លារ ការពារបរិស្ថានធម្មជាតិ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០១:៤៨
ការលើកទឹកចិត្តរបស់ក្រសួងបរិស្ថានចំពោះម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ឲ្យចូលរួមបង់ថ្លៃសេវាកម្មការពារបរិស្ថានឬហៅថា សេវាកម្មអេកូឡូស៊ី ធ្វើឡើងបន្ទាប់ពីសណ្ឋាគារ និងរីសតមួយកន្លែងនៅទីក្រុងកែបឈ្មោះវេរ៉ាន់ដា(Veranda)បានចាប់ផ្ដើមមុនគេក្នុងការបង់ថ្លៃសេវាកម្ម១ដុល្លារក្នុងមួយបន្ទប់ ដើម្បីចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ នៅតំបន់ឧទ្យានជាតិកែប។ ហើយការបង់ទឹកប្រាក់១ដុល្លារនេះនឹងចាប់អនុវត្តចាប់ពីថ្ងៃទីមិថុនាតទៅ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថាននៅទី២៣ឧសភា។
លោកសៅ សុភាព អ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី២៤ឧសភានេះថា ការណ៍ដែលសណ្ឋាគារចេញមុខអនុវត្តគំរូបង់ថ្លៃសេវាកម្មនេះមុនគេក៏ដោយសារតែសកម្មភាពចេញពីសណ្ឋាគារមានប្រតិបត្តិការធំជាងគេមានដូចជា៖ ការបញ្ចេញកាកសំណល់ រឹងរាវ រួមនឹងការប្រើប្រាស់ថាមពល។
តែយ៉ាងណាក៏ដោយ បើតាមអ្នកនាំពាក្យក្រសួងបរិស្ថាន ការងារនេះ នឹងអនុវត្តគ្រប់ម្ចាស់អាជីវកម្មដែលធ្វើការងារទាក់ទងបរិស្ថាន គឺមិនចំពោះតែសណ្ឋាគារ ឬក៏ផ្ទះសំណាក់ឡើយ។ តែជំហ៊ានដំបូងការងារនេះ ធ្វើឡើងដោយការស្ម័គ្រចិត្តមិនទាន់ចេញជាបញ្ញត្តិណាមួយកំណត់ឲ្យអនុវត្តនៅឡើយទេ។ នេះបើតាមលោក សៅ សុភាព។
ទន្ទឹមនឹងនេះលោកស្រី ឆាយ សៀវលីន ប្រធានសមាគមន៍ទីភ្នាក់ងារទេសចរណ៍កម្ពុជា យល់ថា វាជារឿងល្អដែលក្រសួងបរិស្ថាន ឲ្យដំណើរការគំរូបង់ថ្លៃសេវាកម្មការពារបរិស្ថានធម្មជាតិនេះ។ ទន្ទឹមនឹងចំណុចល្អ លោកស្រីស្នើឲ្យប្រើប្រាស់ថវិកា១ដុល្លារក្នុងមួយបន្ទប់នេះ អនុវត្តឲ្យចំគោលដៅ។ បើអនុវត្តឲ្យចំគោលដៅទឹកប្រាក់១ដុល្លារនេះមិនចោទជាបញ្ហាសម្រាប់ម្ចាស់អាជីវកម្មសណ្ឋាគារ ឬផ្ទះសំណាក់ឡើយ។ នេះបើតាម លោកស្រី ឆាយ សៀវលីន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ