អានតួអត្ថបទ
កម្ពុជា

ក្រសួង​រ៉ែ​ និង​ថាមពល បដិសេធ ការ​ចោទ​ប្រកាន់​របស់​សកម្មជន​អង្គការ​មាតា​ធម្មជាតិ​ដែល​ថា ក្រសួង រំលោភ​លើ​ការ​ផ្អាក​បណ្តោះ​អាសន្ន​នៃ​នាំ​ចេញ​ខ្សាច់។

ក្រសួង​រ៉ែ និង​ថាមពល នៅ​ថ្ងៃ​សុក្រ ទី ៥ ឧសភា​នេះ បាន​ចេញ​លិខិត​បំភ្លឺ​មួយ បដិសេធ ជុំវិញ​ការ​ចោទ​ប្រកាន់​របស់​សកម្មជន​អង្គការ​មាតា​ធម្មជាតិ​ដែល​ថា ក្រសួង​បាន​រំលោភ​លើ​ការ​ផ្អាក​បណ្តោះ​អាសន្ន​នៃ​នាំ​ចេញ​ខ្សាច់។ ការ​ចេញ​សេចក្តី​បំភ្លឺ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​សកម្មជន​នៃ​អង្គការ​មាតា​ធម្មជាតិ​បាន​បង្ហោះ​វីដេអូ​នៅ​លើ Facebook របស់​ខ្លួន អំពី​សកម្មភាព​កប៉ាល់​ផ្ទុក​ខ្សាច់​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស កាល​ពី​ថ្ងៃ​ទី​០១ ខែ​ឧសភា ឆ្នាំ ២០១៧​កន្លង​ទៅ​ថ្មីៗ​នេះ។

ក្រសួង​រ៉ែ និង​ថាមពល បដិសេធ ការ​ចោទ​ប្រកាន់​របស់​សកម្មជន​អង្គការ​មាតា​ធម្មជាតិ​ដែល​ថា ក្រសួង រំលោភ​លើកា​រ​ផ្អាក​បណ្តោះ​អាសន្ន​នៃ​នាំ​ចេញ​ខ្សាច់​។
ក្រសួង​រ៉ែ និង​ថាមពល បដិសេធ ការ​ចោទ​ប្រកាន់​របស់​សកម្មជន​អង្គការ​មាតា​ធម្មជាតិ​ដែល​ថា ក្រសួង រំលោភ​លើកា​រ​ផ្អាក​បណ្តោះ​អាសន្ន​នៃ​នាំ​ចេញ​ខ្សាច់​។
ផ្សាយពាណិជ្ជកម្ម

ក្រសួង​រ៉ែ និង​ថាមពល​បាន​លើក​ឡើង​ថា ការ​ចោទ​ប្រកាន់​របស់​សកម្មជន​អង្គកា​រមាតា​ធម្មជាតិ គឺ​ជា​ទង្វើ​ខុស​ពី​ការ​ពិត។ ព្រោះ​នៅ​ក្នុង​វីដេអូ​ដែល​បង្ហោះ​នៅ​ថ្ងៃ​ទី ១ ឧសភា ដោយ​អង្គការ​មាតា​ធម្មជាតិ​នោះ​គ្មាន​បញ្ជាក់​ទីតាំង​ពិត​ប្រាកដ ពេល​វេលា​ដែល​ថត ឈ្មោះ​កប៉ាល់ និង ប្រភេទ​ខ្សាច់​នោះ​ឡើយ តែ​គ្រាន់​តែ​បញ្ជាក់​ថា ជា​កប៉ាល់​យក្ស​ចំណុះ ៣​ម៉ឺន​តោន។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ កាល​ពី​ថ្ងៃ​ទី​ ២ ឧសភា ក្រសួង​បាន​ចាត់​មន្ត្រី​មន្ទីរ​នៃ​បណ្តា​ខេត្ត​ជាប់​មាត់​សមុទ្រ​ទាំង​អស់ ត្រួត​ពិនិត្យ​មើល​តើ​មាន​កប៉ាល់​ណា​ដែល​កំពុង​ផ្ទុក​ខ្សាច់​ដែរ​ឬ​ទេ​ ប៉ុន្តែ​ជា​លទ្ធផល​គ្មាន​មាន​កប៉ាល់​ចំណុះ ៣​ម៉ឺន​តោន​នោះ​ឡើយ។ ចំណែក​ពត៌មាន​ដែល​បាន​មក​ពី​ភ្នាក់ងារ​កម្ពុជា​នាវាចរ “កាំសាប’’ ទៀត​សោត ក៏​បាន​បញ្ជាក់​ថា​កប៉ាល់​ដែល​ចូល​មក​មាន​ឈ្មោះ Deryoung SunFlower មាន​ចំណុះ​ត្រឹម​តែ ៨៦៧៩​តោន​ប៉ុណ្ណោះ កប៉ាល់​នោះ​បាន​ចូល​មក​ដែន​សមុទ្រ​កម្ពុជា​ក្នុង​ខេត្ត​ព្រះសីហនុ ហើយ​មាន​ការ​អនុញ្ញាត​ពី​កាំសាប​ដោយ​ភា្ជប់​មក​ជាមួយ​នូវ​ប្រតិវេទន៍​ចេញ-ចូល ច្បាស់​លាស់​ត្រឹម​ត្រូវ ​គឺ​ចូល​ថ្ងៃ​ទី ២៥ ខែ​ឧសភា វេលា​ម៉ោង ៩:00 ចេញ​ទៅ​វិញ​នៅ​ថ្ងៃ​ទី ១ ខែ​ឧសភា​ វេលា​ម៉ោង ១៥:00។ ដូច្នេះ​ថ្ងៃ​ដែល​អង្គការ​មាតា​ធម្មជាតិ​បង្ហោះ​វីដេអូ​នោះ ជា​ថ្ងៃ​ដែល​កប៉ាល់​បាន​ចាក​ចេញ​ហើយ ។

ទោះ​ជា​យ៉ាង​នេះ​ក្តី វីដេអូ​ខ្លី​របស់​អង្គការ​មាតា​ធម្មជាតិ ដែល​បាន​បង្ហោះ​នៅ​ថ្ងៃ​ទី ១ ខែ​ឧសភា​ដើម​សប្តាហ៍​នេះ បាន​បង្ហាញ​ពី​សកម្មភាព ដែល​ទំនង​ជា​ការ​ផ្ទេរ​ខ្សាច់​ពី​កាណូត​មួយ​ចូល​ទៅ​ក្នុង​កប៉ាល់​ធំ​មួយនៅ​ខេត្ត​ព្រះសីហនុ។

វីដេអូ​ដែល​ត្រូវ​បាន​បង្ហោះ​កាល​ពី​រាត្រី​ថ្ងៃ​ចន្ទ​នោះ មាន​អ្នក​ចុច Likes ចំនួន ២៦០០០​នាក់ និង​ត្រូវ​បាន​ Share ចំនួន​ ៣៧០០០ ដង គិត​ត្រឹម​ព្រឹក​ថ្ងៃ​សុក្រ​នេះ។

នៅ​ក្នុង​វីដេអូ​ខ្លីប​ប្រមាណ ១​នាទី​កន្លះ, កញ្ញា លីម គីមស័រ ជា​សកម្មជន​របស់​អង្គការ មាតា​ធម្មជាតិ បាន​ចោទ​ជា​សំនួរ​ថា​ទៅ​កាន់​រដ្ឋមន្រ្តី​ក្រសួង​ធនធាន​រ៉ែ និង​ថាមពល​ថា ៖ ​តើ​សេចក្តី​ប្រកាស​របស់​ក្រសួង​ដែល​ថា​ផ្អាក​មិន​ឱ្យ​នាំ​ចេញ​ខ្សាច់​ចេញ​ទៅ​ក្រៅ​ប្រទេស​គឺ​ជា​ឆន្ទះ​ពិត​ប្រាកដ​ក្នុង​ការ​ស្វែង​រក​ដំណោះ​ស្រាយ​ជូន​សង្គម​ជាតិ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ខ្មែរ ឬ​មួយ​ជា​ការ​បន្លំ​ភ្នែក​ដើម្បី​ផ្តល់​ឱកាស​ដើម្បី​ឲ្យ​បុគ្គល​មាន​អំណាច​មួយ​ចំនួន ​បន្ត​បំផ្លាញ​ជីវភាព​របស់​ប្រជាពលរដ្ឋ ក៏​ដូច​ធនធាន​ធម្មជាតិ​ខ្មែរ? »

គួរ​រំលឹក​ជូន​ថា ក្រសួង​រ៉ែ និង​ថាមពល កាល​ពី​ចុង​ឆ្នាំ ២០១៦ បាន​ចេញ​បម្រាម​ផ្អាក​ការ​បូម​ខ្សាច់​នៅ​ខេត្ត​កោះកុង និង​ការ​នាំ​ចេញ​ខ្សាច់​ទៅ​ក្រៅ​ប្រទេស​ទាំង​អស់ ដោយ​គ្មាន​កំណត់​រយៈ​ពេល។ បម្រាម​នេះ កើត​ឡើង​ក្រោយ​ពេល​បណ្ដា​អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ រក​ឃើញ​ខ្សាច់​ជាង ៦០​លាន​តោន បាន​បាត់​ពី​ប្រព័ន្ធ​ទិន្នន័យ​របស់​រដ្ឋាភិបាល​កម្ពុជា នៃ​ការ​នាំ​ចេញ​ខ្សាច់​ទៅ​ប្រទេស​សិង្ហបុរី ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ