អានតួអត្ថបទ
កម្ពុជា-ច្បាប់

​បទ​ល្មើស​ព្រៃ​ឈើ​ឆ្នាំ​២០១៨​៖ ​មន្ត្រី​ថ្នាក់​ជាតិ​ថា ​ថយ​ចុះតែ​សង្គម​ស៊ីវិល​ថា ​រឹត​តែ​ធ្ងន់​ធ្ង​រ​

គណៈ​​កម្មាធិការ​​ជាតិ​​ទប់​​ស្កាត់ និង​​បង្ក្រាប​​បទ​​ល្មើស​​ធន​ធាន​​ធម្មជាតិ​​ដឹក​​នាំ​​ដោយ​​លោក​​សៅ សុខា បាន​​ជួប​​ប្រជុំ​គ្នាដើម្បីបូក​សរុប​ការ​ងារ​ប្រចាំ​ឆ្នាំ​២០១៨ កាលពីថ្ងៃទី៤កុម្ភៈ។ របាយការណ៍ប្រចាំ​ឆ្នាំ​២០១៨ របស់​គណៈកម្មាធិការជាតិ​ទប់​ស្កាត់​និង​បង្ក្រាប​បទល្មើស​ធន​ធា​ន​ធម្មជាតិរកឃើ​ញ​ថា បទ​ល្មើស​ព្រៃឈើ​បាន​ថយ​ចុះ​នៅ​ឆ្នាំ​២០១៨នេះ បើ​ធៀប​តាំង​ពី​២០១៦​ដែល​ជា​ឆ្នាំដំបូង​ដែល​ស្ថាប័ន​មួយ​នេះ​ប្រសូត្រ​ឡើង។ ផ្ទុយ​មក​វិញ​សហគមន៍​ព្រៃឡង់​មើល​ឃើញ​ថា បទល្មើស​ព្រៃ​ឈើ​ក្នុង​ឆ្នាំ២០១៨ ​រឹត​តែ​ធ្ងន់​ធ្ងរ។ 

តើបទល្មើសព្រៃឈើបានថយចុះ ឬ លើសដើម?
តើបទល្មើសព្រៃឈើបានថយចុះ ឬ លើសដើម? @FN
ផ្សាយពាណិជ្ជកម្ម

ក្នុង​ឆ្នាំ​២០១៨ គណៈ​កម្មាធិការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​ចំនួន​៣៣៨​លើក ឃាត់​ខ្លួន​មនុស្ស​ជាង​១០០នាក់ ហើយ​មនុស្ស​ទាំង​នោះ​មួយចំនួន​បញ្ជូន​ទៅ​តុលាការ និង​អប់រំ រួម​នឹង​រឹប​អូស​ឈើ​ប្រមាណ​ជាង​៤​ពាន់​ម៉ែត្រ​គូប។

តាមរយៈ​ការ​រឹបអូស​បាន​វត្ថុតាង​ទាំង​នេះ បូករួម​នឹង​ការ​ទទួល​របាយការណ៍​ពី​ថ្នាក់​ខេត្ត គណៈគណៈកម្មាធិការ​ជាតិ​ទប់​ស្កាត់ និង​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ​បាន​វាយ​តម្លៃ​ជា​រួម​ថា បទល្មើស​ព្រៃឈើ​ក្នុង​ឆ្នាំ​២០១៨​បាន​ថយ​ចុះ។ ថយ​ចុះ​តាម​រយៈ​ការ​រឹប​អូស​ទំហំ​ឈើ​ពី​ជាង​៧​ម៉ឺនម៉ែត្រ​គូប​ក្នុង​ឆ្នាំ​២០១៦ មក​នៅ​សល់​ប្រមាណ​ជាង​៤ពាន់​ម៉ែត្រ​គូប​ក្នុង​ឆ្នាំ​២០១៨។ នេះ​បើ​តាមការ​គូស​បញ្ជាក់​ពី លោក អេង ហ៊ី អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​ទប់​ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ។

បើ​ទោះ​ជា​គណៈកម្មាធិការ​ជាតិ​ទប់​ស្កាត់ និង​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ​អះអាង​ថា ការកាប់​ឈើ​មាន​ការ​ថយ​ចុះ​បែប​ណា​ក៏​ដោយ តែ​ស្ថាប័ន​មួយ​នេះ នៅ​តែ​ក្រើន​រំឭក និង​អំពាវនាវឲ្យ​ស្ថាប័ន​ពាន់​ព័ន្ធ​ទប់​ស្កាត់ និង​បង្ក្រាប​ឲ្យ​មាន​ប្រសិទ្ធ​ភាព នូវ​បទ​ល្មើស​ធនធាន​ធម្មជាតិ​មានដូច​ជា ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ការ​ដឹក​ជញ្ជូន​ឈើ និង​ការ​នាំ​ចេញ​ឈើ​ដោយ​ខុស​ច្បាប់។ ក៏មាន​ដែរ​ការ​អំពាវនាវ​ឲ្យ ទប់​ស្កាត់​ការ​កាប់​រាន​ទន្ទ្រាន កាន់​កាប់​ដី​រដ្ឋ ។

ដោយ​ឡែក លោក សេង សុខហេង អ្នក​សម្រប​សម្រួល​លេខាធិការដ្ឋាន​បណ្តាញ​សហគមន៍ព្រៃឡង់​បាន​ចាត់​ទុក​ការ​អំពាវនាវ​នេះ គ្មាន​ប្រសិទ្ធិភាព​ក្នុង​ការ​ទប់ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ​ឡើយ។ មិន​មាន​ប្រសិទ្ធិ​ភាព​ព្រោះ​ថា ជាក់ស្ដែង​នៅ​តំបន់​ព្រៃ​ឡង់ តំបន់​ព្រៃ​ការពារ ឬ​ដែន​ជាជម្រក​ការ​ពារ​សត្វ​ព្រៃ​ជា​ដើម​សកម្មភាព​កាប់​ឈើ​នៅ​តែ​កើត​មាន​រាល់​ថ្ងៃ​ហើយ​ជា​លក្ខណៈទ្រង់​ទ្រាយ​ធំ​ដោយ​គ្មាន​ការ​ទប់​ស្កាត់​ឡើយ។ បើ​តាម​លោក សេង សុខហេង មូល​ហេតុ​ដែលការ​កាប់​ឈើ​នៅ​តែ​បន្ត​កើត​មាន​ដោយ​សារ​តែ​អំពើពុក​រលួយ​និង​ភាព​ទន់​ខ្សោយ​នៃ​ការ​អនុវត្តច្បាប់។

ភាគី​ទាំង​ពីរ​បន្ត​មើល​ឃើញ​ផ្សេង​ពី​គ្នា​ពី​សកម្មភាព​នៃ​ការ​កាប់​ឈើ​ដែល​ផ្ដើម​ចេញ​ពី​ពលរដ្ឋតាម​រយៈ​ការ​ដឹក​តាម​រទេះ​ជា​រៀង​រាល់​ថ្ងៃ។ នេះ​បើ​តាម​គណៈកម្មាធិការ​ជាតិ​ទប់​ស្កាត់​និង​បង្ក្រា​ប​បទល្មើស​ធនធាន​ធម្មជាតិ ខណៈ​បណ្ដាញ​សហគមន៍​ព្រៃឡង់​បរិហា​ថា ឈ្មួញ​ធំៗ​ទៅ​វិញ​ទេដែល​ធ្វើ​ឲ្យ​ស្ថានភាព​ព្រៃ​ឈើ​ខ្មែរ​ហិនហោច។

ក្រសួង​បរិស្ថាន​ធ្លាប់​ឲ្យ​ដឹង​ថា បទ​ល្មើស​ព្រៃឈើ​ក្នុង​ឆ្នាំ​២០១៨ នៅ​តែ​កើត​មាន​ដដែល តែកម្រិត​នៃ​ការ​កាប់​ឈើ​បាន​ថយ​ចុះ​៣០​ភាគ​រយ​បើ​ធៀប​នឹង​ឆ្នាំ​២០១៧។ នេះដោយ​សារ​តែ​តម្រូវការ​ប្រើ​ប្រាស់​ឈើ​កើន​ឡើង ទាំង​ក្នុង​ស្រុក​និង​ខាង​ក្រៅ​ស្រុក ទើប​ជា​សម្ពាធ​នៃ​ធនធាន​ធម្មជាតិ​ខ្មែរ។ សូម​បញ្ជាក់​ថា ផ្ទៃ​ដី​ប្រទេស​កម្ពុជា​៤១​ភាគរយ ស្មើ​៧​លាន​៥​សែន​ហិក​តា​ជា​ដែន​ដីព្រៃឈើ​ត្រូវ​បាន​អភិរក្ស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ