អានតួអត្ថបទ
កម្ពុជា

ពលរដ្ឋ​​ជាង​១ពាន់​​នាក់​ ប្រារព្ធ​​ទិវា​​ចង​កំហឹង​២០​ឧសភា​ នៅ​​ជើង​ឯក​

ថ្ងៃ​​ទី២០​​ខែឧសភា​​នេះ ​គឺ​ជា​​ទិវា​​ចង​​កំហឹង​ និង​​រំលឹក​​វិញ្ញាណក្ខន្ធ​​ជនរង​គ្រោះ​​ដែល​​បាន​​ស្លាប់​​នៅ​ក្នុង​​របប​ប្រល័យ​ពូជសាសន៍​​ខ្មែរ​ក្រហម​។ នៅ​​ឆ្នាំ​២០១៥​នេះ​ មន្ដ្រី​រាជ​ការ​ អាជ្ញា​ធរ​​ដែនដី​ ប្រជា​ពលរដ្ឋ​ និង​​សិស្ស​​និស្សិត​ សរុប​​ជាង​១ពាន់​​នាក់​ បាន​​ជួប​ជុំ​​ប្រារព្ធ​​ទិវា​​ចង​កំហឹង​ ២០​ ឧសភា​​នេះ នៅ​​សារមន្ទីរ​​ប្រល័យ​ពូជសាសន៍​​ជើងឯក​ ក្រោម​​អធិបតី​ភាព​ លោក​ ប៉ា​ សុជាតិ​​វង្ស​ អភិបាល​រាជធានី​​ភ្នំពេញ​។

ការ​ប្រារព្ធ​ទិវា​ចង​កំហឹង​ និង​រំលឹក​វិញ្ញាណក្ខន្ធ​ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​នៅ​ក្នុង​របបប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម​ ធ្វើ​ឡើង​​​នៅ​មជ្ឈមណ្ឌល​ប្រល័យ​ពូជ​សាសន៍​ជើងឯក​ នា​ព្រឹក​​ថ្ងៃ​​ទី២០​​ខែ​ឧសភា​​នេះ​
ការ​ប្រារព្ធ​ទិវា​ចង​កំហឹង​ និង​រំលឹក​វិញ្ញាណក្ខន្ធ​ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​នៅ​ក្នុង​របបប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម​ ធ្វើ​ឡើង​​​នៅ​មជ្ឈមណ្ឌល​ប្រល័យ​ពូជ​សាសន៍​ជើងឯក​ នា​ព្រឹក​​ថ្ងៃ​​ទី២០​​ខែ​ឧសភា​​នេះ​ RFI/Siv channa
ផ្សាយពាណិជ្ជកម្ម

ដូច​​រៀង​រាល់​ឆ្នាំ​​ដែរ​ ទិវា​​ចង​កំហឹង​​ចំពោះ​​របប​​ខ្មែរ​ក្រហម​ ត្រូវ​បាន​​ប្រារព្ធ​​ឡើង​​នៅ​​ព្រឹក​​ថ្ងៃ​ទី​២០​ខែ​ឧសភា​​នេះ​ នៅ​​មជ្ឈមណ្ឌល​​ប្រល័យ​ពូជសាសន៍​​ជើង​ឯក ​ស្ថិត​ក្នុង​​ខណ្ឌ​ដង្កោ ក្រោម​អធិបតី​ភាព​ លោក​ ប៉ា សុជាតិ​​វង្ស​ អភិបាល​​រាជធានី​​ភ្នំពេញ​។ កម្មវិធី​​សាសនា ដូច​ជា​​ពិធី​រាប់​បាត្រ​ បង្សុ​កូល​​ប្រគេន​​ព្រះសង្ឃ​ ត្រូវ​បាន​​រៀប​ចំ​ឡើង​ ដើម្បី​​ឧទ្ទិស​កុសល​​ជូន​​ដល់​​ដួង​​វិញ្ញាណក្ខន្ធ​​របស់​​ជន​រង​គ្រោះ​​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​​ទាំងអស់។​

ក្រៅពីនេះ ក៏មានដែរ ការ​ថ្លែង​សារ​ពី​វិយោគកថា​របស់​ប្រជាពលរដ្ឋ​រងគ្រោះ នៅក្នុង​របប​ខ្មែរក្រហម។ ចំណែក​ការសម្ដែង​សិល្បៈ ពី​ឈុត​ឆាក​ធ្វើ​ទារុណកម្ម កាប់សម្លាប់​ជាច្រើន នៅក្នុង​របប​វាលពិឃាត ៣ឆ្នាំ៨ខែ២០ថ្ងៃ ក៏ត្រូវ​បានរៀបចំ​ឲ្យ​មាន​ដូច​រៀងរាល់ឆ្នាំ​ផងដែរ។

គួរ​​ជម្រាប​ជូន​​ថា​ ទិវា​​ចង​កំហឹង​ ថ្ងៃ​ទី​២០​​ឧសភា​ ត្រូវ​បាន​​អនុម័ត​​ដោយ​​រដ្ឋ​សភា ក្នុង​​ឆ្នាំ​១៩៨៣​ ក្នុង​​គោល​បំណង​​ចងចាំ​មិន​​ភ្លេច​ នូវ​​សោកនាដកម្ម​​ដ៏​​ខ្លោច​ផ្សា​​នៅ​ក្នុង​​របប​ខ្មែរ​ក្រហម។ របប​​ខ្មែរ​ក្រហម​ ដែល​​បាន​ធ្វើ​​ឲ្យ​​ប្រជាពលរដ្ឋ​ខ្មែរ​ជិត២លាន​នាក់ ស្លាប់បាត់​បង់​ជីវិត​ នៅ​ក្នុង​​រយៈ​ពេល​ ៣ឆ្នាំ​ ៨ខែ​ និង​២០ថ្ងៃ​។

ទោះ​ជា​​យ៉ាង​ណា​ក៏​ដោយ​ ទិវា​​ចង​កំហឹង​​នេះ​ បាន​ចាប់​ផ្ដើម​​សាបរលាប​​បន្តិច​ម្ដងៗ​ ចាប់​តាំង​ពី​​ឆ្នាំ​១៩៩២រហូតមក​​ទល់​នឹង​​ពេល​នេះ​។ ការ​​ប្រារព្ធ​​ទិវា​​ចង​កំហឹង​​២០ឧសភា​នេះ ត្រូវ​បាន​​រៀប​ចំ​​ឡើង​ជា​​រៀង​រាល់​ឆ្នាំ​​ក៏​ពិត​មែន​ ប៉ុន្តែ​​ការ​រៀបចំ​​ធ្វើ​ឡើង​​ក្នុង​​រូបភាព​​តូច​ និង​​ស្ងៀម​ស្ងាត់​ នៅ​ក្នុង​​រង្វង់​​គណបក្ស​​ប្រជាជន​​កម្ពុជា​​តែ​ប៉ុណ្ណោះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ