អានតួអត្ថបទ
កម្ពុជា

បន្ទាប់​ពី​បុរស​ខ្លាំង​ចេញ​បញ្ជា ​ក្រសួង​បាន​ណែនំា​ដល់​មន្ត្រី​ពាក់​ព័ន្ធ​ឲ្យ​ចាត់​វិធាន​ការ​ជា​បន្ទា​ន់​ចំពោះ​សំណង់​ខុស​ច្បាប់​

ក្រសួង​រៀបចំ​ដែនដី ​នគរូបនីយកម្ម​ និ​ងសំណង់​ នៅ​​ថ្ងៃ​អង្គា​រ​ទី​ ១០​វិច្ឆិកា ម្សិលមិញនេះ​ បាន​ចេញ​លិខិត​ជា​សាធារណៈ​មួយ ណែនាំ​ឲ្យ​អភិបាល ​នៃ​គណៈអភិបាល​រាជធានី​ ខេត្ត​ចាត់​វិធាន​ការ​ជា​បន្ទាន់​ទប់​ស្កាត់ ​និង​រុះរើ​សំណង់​ខុសច្បាប់​ ដែល​រំលោភ​លើ​ដី​សាធារណៈ​នៅ​តាម​បណ្តា​រាជ​ធានី​ខេត្ត។​ សេចក្តី​ណែនាំនេះ​ត្រូវ​បាន​ធ្វើ​ឡើង​ បន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា ​ហ៊ុន សែន ​បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ NAGA​ រុះ​រើ​សំណង់​របស់​ខ្លួន​ចេញ ​បន្ទាប់​ពី​លោក​ពិនិត្យ​ឃើញ​ដោយ​ផ្ទាល់​ថា​សំណង់​នេះ ​សាងសង់​ឡើង​ខុស​ច្បាប់។​

សំណង់​អាគារ​ណាហ្គាវើល​ ដែល​កំពុង​ត្រូវ​បាន​សាងសង់​​
សំណង់​អាគារ​ណាហ្គាវើល​ ដែល​កំពុង​ត្រូវ​បាន​សាងសង់​​ ©Naga Corp
ផ្សាយពាណិជ្ជកម្ម

សេចក្តី​ណែនាំ​របស់​ក្រសួង​រៀបចំ​ដែនដី ​នគរូបនីយកម្ម​ និង​សំណង់ ​ដែល​មាន​ចុះហត្ថលេខា​ដោយ​លោក​ទេសរដ្ឋមន្ត្រី​ អ៊ឹម ឈុនលឹម ​បាន​តម្រូវ​ឲ្យ​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​​ ខេត្ត​ និង​ជា​ប្រធាន​គណៈ​បញ្ជា​ការ​ឯកភាព​រាជធានី ​ខេត្ត​ ត្រូវ​ចាត់​វិធាន​ការ​ ទី១​ ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំ​ទូលាយ​ដល់​ប្រជាពលរដ្ឋ​ និង​ធុរជន​ឲ្យ​បាន​ជ្រួតជ្រាប​ និង​ចូលរួម​អនុវត្ត​វិធាន​ការ​កែ​តម្រូវ​សំណង់​ខុស​ច្បាប់។​ ទី២ ​កំណត់​អត្តសញ្ញាណ​សំណង់​ដែល​សាងសង់​រំលោភ​លើ​ដី​សាធារណៈ ​ដូចជា ដី​ចំណី​ផ្លូវ​សាធារណៈ សួ​នច្បារ​សាធារណៈ ​និង​ទីតាំង​សាធារណៈ​ផ្សេង​ទៀត​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​ ដោយ​ចាប់​ផ្តើម​ពី​ទីតាំង​ដែល​មាន​កំណត់​ទំហំ​ដី​ចំណី​ផ្លូវ​សាធារណៈ​ច្បាស់លាស់​រួច​ហើយ ​និង​ចាត់​វិធាន​ការ​តឹងរឹង​ឲ្យ​ម្ចាស់​សំណង់​ធ្វើ​ការ​រុះរើ ​ឬ​កែ​តម្រូវ​ជា​បន្ទាន់។ និង​ទី​៣ ​ទប់​ស្កាត់​ឲ្យ​ខាង​តែ​បាន​រាល់​ការ​សាងសង់​សំណង់​ខុស​ច្បាប់​រំលោភ​លើ​ដី​សាធារណៈ ​ត​ទៅ​មុខទៀ​ត។​

លោក​ឡុង ឌីម៉ង់ អ្ន​កនាំពាក្យ​សាលារាជធានី​ភ្នំពេញ ​បាន​បញ្ជាក់​ប្រាប់​វិទ្យុបារាំង​ថា​ ជា​ការ​ពិត​គឺ​មាន​សំណង់​ខុស​ច្បាប់​ជា​ច្រើន​ដែល​ត្រូវ​បាន​សាងសង់​ឡើង។​ ប៉ុន្តែ​រដ្ឋាភិបាល​ក៏​ដូចជា​សាលា​រាជធានី​ភ្នំពេញ ក៏​បាន​ចាត់​ទុក​បញ្ហា​នេះ ​ជា​បញ្ហា​អាទិភាព​ដើម្បី​ដោះស្រាយ ​និង​កែ​លម្អ​សោភ័ណ​ភាព​នៅ​ក្នុង​ទីក្រុង។ ​លោក​បាន​បន្ត​ថា​​ សាលារាជធានី​រង់ចាំ​ទទួល​រាល់​បទ​បញ្ជា​ពី​ថ្នាក់​លើ​ជាតិ ​ដើម្បី​អនុវត្ត​នូវតួ​នាទី​របស់​ខ្លួន​ ហើយ​ថា​បញ្ហា​នេះ​ក៏​ត្រូវ​បាន​កំពុង​ដោះស្រាយ​ដែរ។​

គួរ​រំលឹក​ជូនថា ​កាល​ពី​ថ្ងៃ​ទី​ ៥វិច្ឆិកា កន្ល​ង​ទៅ​​នេះ លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន ​សែន​បាន​ចុះ​ទៅ​ពិនិត្យ​មើល​ដោយ​ផ្ទាល់ ​ការ​ដ្ឋាន​សំណង់​របស់​ក្រុមហ៊ុន NAGA​ ដែល​បាន​សង់​ខុស​ច្បាប់​អនុញ្ញាត​ ក៏​ដូច​ជាកា​រ​ប៉ះពាល់ ​ដល់​សោភ័ណ​ភាព​រាជធានី​ភ្នំពេញ។ ​លោក ហ៊ុន សែន ​ក៏​បាន​ណែនាំ​ឲ្យ​អាជ្ញាធរ ​មាន​សមត្ថកិច្ច​ និង​ជំនាញ​ពាក់ព័ន្ធ​ទាំង​អស់​ពិភាក្សា ​និង​មាន​វិធាន​ការ​កែលម្អ ​ជា​បន្ទាន់ ​នូវ​សំណង់​អគារ​របស់​ក្រុមហ៊ុន ​NAGA Worl​d ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​រក្សា​បាន​នូវ​លំហ​សាធារណៈ ​សម្រាប់​ប្រជាពលរដ្ឋ​ទៅ​កំសាន្ត​​នៅ​សួន​សម្តេច​ហ៊ុន សែន។ ​ហើយ​ភា្លមៗ​សាលារាជធានី​ភ្នំពេញ និង​ក្រសួង​រៀបចំ​ដែនដី ​នគររូបនីយកម្ម​និង​សំណង់ ​ក៏​បាន​ជួបប្រជុំគ្នា​ដើម្បី​សម្រេចជា​បន្ទាន់​នៅ​រសៀល​ថ្ងៃ​នោះ​ផង​ដែរ៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ