អានតួអត្ថបទ
កម្ពុជា-ច្បាប់

​អ្នក​នាំ​ពាក្យ​សភា​៖ ​ក្រុម​អង្គ​ការ​សង្គម​ស៊ីវិល​នឹង​មាន​ឱកាស​ពិគ្រោះ​យោបល់​រឿង​ច្បាប់​ស្ដី​ពី​របប​សន្តិ​សុខ​សង្គម​

ក្រុម​អង្គការ​សង្គម​ស៊ីវិល​នឹងមានឱកាសពិគ្រោះ​យោបល់​លើ​ច្បាប់​ស្ដីពី​របប​សន្តិសុខ​សង្គម​ នា​សប្តាហ៍ក្រោយ មុន​ពេល​សេចក្ដី​ព្រាង​ច្បាប់​នេះ ត្រូវ​រដ្ឋសភា​ប្រជុំ​អនុម័ត​។ នេះបើ​តាម​ការ​លើក​ឡើង​របស់​អ្នក​នាំ​ពាក្យ​រដ្ឋ​សភា​។ ការ​ផ្តល់​ឱកាស​ឲ្យ​មាន​ការ​ជជែក​គ្នា​នេះ ធ្វើ​ឡើង​បន្ទាប់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ធ្លាប់​បាន​សរ​សេរ​លិខិត​រួមគ្នាមួយ ជូន​ប្រធាន​រដ្ឋសភាស្នើសុំ​អត្ថបទ​សេចក្ដី​ព្រាងច្បាប់​នេះ និង​ពិគ្រោះ​យោបល់​ឱ្យ​បាន​ពេញលេញ​ជាមួយ​ភាគី​ពាក់ព័ន្ធ​។ 

រូបភាព​នៅ​ខាងក្នុង​រដ្ឋសភា​កម្ពុជា
រូបភាព​នៅ​ខាងក្នុង​រដ្ឋសភា​កម្ពុជា RFI/Khmer
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃទី៤ ខែតុលា រដ្ឋ​សភា​កម្ពុជា​នឹង​បើក​សម័យ​ប្រជុំ​លើក​ទី៣ នីតិកាល​ទី៦ ដោយ​មាន​របៀប​វារៈ​ចំនួន​៧ ដើម្បី​ឱ្យ​សមា​ជិក​ពិភាក្សា និង​អនុម័ត ដែល​ក្នុង​នោះ​ក៏​មាន​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​របប​សន្តិ​សុខ​សង្គម​ផង​ដែរ​។ សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​របប​សន្តិ​សុខ​សង្គម ដែល​ក្រុម​អង្គ​ការ​សង្គម​ស៊ីវិល អះអាង​ថា​ពួក​គេ​មិន​បាន​ចូល​រួម​ពិគ្រោះ​យោបល់​។

បើ​តាម​លោក ឡេង ប៉េងឡុង ជា​អ្នក​នាំពាក្យ និង​ជា​អគ្គ​លេខា​ធិកា​រដ្ឋាន​រដ្ឋ​សភា សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​របប​សន្តិ​សុខ​សង្គម អាច​នឹង​ត្រូវ​កិច្ច​ប្រជុំ​ពេញ​អង្គ​រដ្ឋសភា លើក​យក​ទៅ​ពិភាក្សានៅ​ថ្ងៃទី៧ ឬទី៨ ខែតុលា ខាង​មុខ​។

លោក ឡេង ប៉េងឡុង បញ្ជាក់បន្ត​ថា នៅថ្ងៃទី៧ ខែតុលា ខាងមុខ គណៈកម្មការ​ទី៨​របស់​រដ្ឋសភា​នឹង​ជួប​ជាមួយ​តំណាង​ក្រុម​អង្គ​ការ​សង្គម​ស៊ីវិល ពិគ្រោះ​យោបល់​លើ​សេចក្តី​ព្រាង​ច្បាប់​ស្ដី​ពី​របប​សន្តិ​សុខ​សង្គម ដែល​ក្រុម​អង្គ​ការ​សង្គម​ស៊ីវិល​ធ្លាប់​បាន​ដាក់​សំណើ​មក​ប្រធាន​សភា លោក ហេង សំរិន កាលពីថ្ងៃទី១៨ ខែកញ្ញា កន្លងទៅ។

លោក វន់ ពៅ ប្រធាន​សមាគម​ប្រជា​ធិប​តេយ្យ​ឯក​រាជ្យ​នៃ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ បាន​អះ​អាង​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​ថា លោក​នៅ​មិន​ទាន់​ទទួល​បាន​ការ​អញ្ជើញ​ពី​គណៈ​កម្មការ​ទី៨​របស់​រដ្ឋ​សភា ដើម្បី​ទៅ​ជជែក​ពិភាក្សា​លើ​សេច​ក្តី​ព្រាង​ច្បាប់​ស្ដី​ពី​របប​សន្តិ​សុខ​សង្គម​នេះ​នៅ​ឡើយ​ទេ​។

ប៉ុន្តែ​លោក វន់ ពៅ ស្វាគមន៍​ចំពោះ​ការ​បើក​ឲ្យ​មាន​ការ​ជជែក​ពិភាក្សា​លើ​សេចក្តី​ព្រាង​ច្បាប់​នេះ ពី​គណៈ​កម្ម​ការ​ទី៨​របស់​រដ្ឋ​សភា ហើយ​លោក​ស្នើ​សុំ​ឲ្យ​រដ្ឋ​សភា​ផ្ញើ​សេចក្តី​ព្រាង​នៃ​ច្បាប់​នេះ​មក​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជា​មុន ដើម្បី​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មាន​គំនិត​គ្រប់​គ្រាន់​ក្នុង​ការ​ដាក់​ធាតុ​ចូល​ក្នុង​ច្បាប់​នេះ​។

ក្នុង​លិខិត​ផ្ញើ​ទៅ​កាន់​ប្រធាន​រដ្ឋ​សភា ក្រុម​អង្គ​ការ​សង្គម​ស៊ីវិល សហជីព ទាំង​១២​ស្ថាប័ន បាន​លើក​ឡើង​ថា ទោះ​បី​កន្លង​មក​មាន​ការ​អញ្ជើញ​ភាគី​តំណាង​សហ​ជីព ចូល​រួម​ពិភា​ក្សា​ក្តី គឺ​ជា​ការ​ពិគ្រោះ​យោបល់​ដោយ​មិន​មាន​ការ​ផ្តល់​នូវ​ខ្លឹម​សារ​នៃ​ច្បាប់​ទាំង​ស្រុង​ក្នុង​ការ​ត្រួត​ពិនិត្យ ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​នោះ​ឡើយ​។

សូម​ជម្រាប​ជូន​ថា​សេច​ក្តី​ព្រាង​ច្បាប់​ស្តី​ពី​របប​សន្តិ​សុខ​សង្គម​ត្រូវ​បាន​អនុម័ត​ដោយ​អង្គ​ប្រជុំ​គណៈ​រដ្ឋ​មន្ត្រី​ពេញ​អង្គ កាល​ពីថ្ងៃទី២ ខែ​សីហា ឆ្នាំ​២០១៩​កន្លង​ទៅ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ