អានតួអត្ថបទ
កម្ពុជា

រដ្ឋសភា​តែងតាំង​អ្ន​កនាំពាក្យ​រដ្ឋបាល​១​រូប ​និង​អ្នក​នាំពាក្យ​តំណាង​គណបក្ស​ទាំង​ពីរ ​មួយ​រូប​ៗ​

រដ្ឋសភា​បាន​បង្កើត​ជា​ផ្លូវ​ការ​នូវ​អ្នក​នាំពាក្យ​ចំនួន​បី​រូប​ ដែល​មួយ​រូប​​ជា​អគ្គលេខាធិការ​រដ្ឋសភា​ មាន​នាទី​នាំពាក្យ​លើ​កិច្ចការ​រដ្ឋបាល​របស់​រដ្ឋសភា។​ រីឯ​អ្នកនាំពាក្យ​ពីរ​រូប​ទៀត​ម្នាក់​មក​ពី​គណបក្ស​កាន់​អំណាច ​និង​ម្នាក់​ទៀត​មក​​ពី​គណបក្ស​ប្រឆាំង​គឺ​ជាអ្នក​នាំពាក្យ​តំណាង​ឲ្យ​សម្លេង​ភាគ​ច្រើន​ និង​សម្លេង​ភាគ​តិច ​ទាក់​ទង​ទៅ​នឹង​កិច្ចការ​របស់​គណបក្ស​ខ្លួនផង​ ​នៅ​​ក្នុង​រដ្ឋសភា។​

សាលប្រជុំនៃរដ្ឋសភាកម្ពុជា។
សាលប្រជុំនៃរដ្ឋសភាកម្ពុជា។ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

ការ​តែងតាំង​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​មាន​ការ​ស្រុះស្រួល​គ្នា​រវាង​គណបក្ស​ដែល​មាន​អាសនៈ​ទាំង​ពីរ​នៅ​ក្នុង​រដ្ឋសភា ​តាម​រយៈ​ការ​កែប្រែ​បទ​បញ្ជា​ផ្ទៃ​ក្នុង​។

នៅ​ក្នុង​សេចក្តី​សម្រេច​ ដែល​មាន​ចុះ​ហត្ថលេខា​ដោយ​លោក​ ហេង សំរិន​ ប្រធាន​រដ្ឋសភា​ជាតិ​​នៅ​​​ថ្ងៃ​​ចន្ទ​​ទី​​២៣​​វិច្ឆិកា ​បង្ហាញ​ថា ​អ្នក​នាំពាក្យ​នៅ​រដ្ឋសភា​ជាតិ​នីតិកាល​ទី​៥ ​មាន​រហូតដល់​ទៅ​៣​រូប​ ក្នុង​នោះមា​ន​អគ្គលេខាធិការ​រដ្ឋសភា ​តំណាង​រាស្ត្រ​១​រូប​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​និង​តំណាង​រាស្ត្រ​មួយ​រូប​ទៀត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ​ជា​អ្នក​នាំពាក្យ​គណបក្ស​រៀង​ៗ​ខ្លួន។​

ដោយ​​ឡែក​​ពាក់ព័ន្ធ​​នឹង​​តួនាទី​​វិញ ​​ប្រការ​​​២​​​នៃ​សេចក្តី​សម្រេច​នេះ​បញ្ជាក់​ថា​អ្នក​នាំពាក្យ​រដ្ឋសភា​មាន​ភារៈកិច្ច​ជម្រាប​ជូន​សាធារណជន​អំពី​ព័ត៌មាន​នា​នា​ពាក់​ព័ន្ធ​នឹង​រដ្ឋសភា​កម្ពុជា។​រីឯ​អ្នកនាំពាក្យ​របស់​គណបក្ស​មាន​ភារកិច្ច​ផ្សព្វផ្សាយ​និង​ធ្វើ​ការ​បំភ្លឺ​ជូន​សាធារណជន​អំពី​គោល​នយោបាយ​និង​គោល​ជំហរ​របស់​គណបក្ស​នយោបាយ​រៀង​ៗ​ខ្លួន​។

លោក អេង ឆៃអ៊ាង អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះជាតិ ​បាន​ថ្លែង​គាំទ្រ​ដល់​ការ​បង្កើត​ឲ្យ​មាន​របៀប​របប​នៅ​ក្នុង​រដ្ឋសភា​ដូច្នេះ​ ដោយ​លោក​អត្ថា​ធិប្បាយ​ថា​កាល​ពី​លើក​មុន​អ្នក​នាំពាក្យ​រដ្ឋសភា ​មាន​លោក ឈាង វុន​ តំណាង​រាស្ត្រ​មក​ពី​គណបក្ស​កាន់​អំណាច​នោះ ​មិន​អាច​ជា​តំណាង​ឲ្យ​ជំហរ​របស់​គណបក្សទាំ​ងអស់​នៅ​ក្នុង​រដ្ឋសភាបាន​ទេ។

​ដូចគ្នា​ដែរ​ អតីត​អ្នកនាំពាក្យ​រដ្ឋសភា​លោក​ឈាង វុន ​បាន​សម្តែង​នូវ​ការ​សាទរ​ ដែរ​ចំពោះ​ការ​បែង​ចែក​ភារកិច្ច​ឲ្យ​ដាច់​ស្រឡះ​នៅ​ពេល​នេះ។​ លោក​លើក​ឡើង​ថា​កន្លង​មក​ការងារ​អ្នក​នាំពាក្យ​រដ្ឋសភា​ទាំង​មូល​មិន​មែន​ជា​ការ​ងាយ​ស្រួល​នោះ​ទេ។​ ទោះ​យ៉ាង​នេះ​ក្តី​លោក​តែង​ជំនះ​គ្រប់​ឧបសគ្គ​ ក្នុ​ងនាម​ជា​អ្នក​នាំពាក្យ​រដ្ឋសភា​កន្លង​មក។​

សូម​បញ្ជាក់​ថា​រហូតម​កទល់​ពេល​នេះ​ ទាំង​គណបក្ស​សង្គ្រោះ​ជាតិ ​ទាំង​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​មិន​ទាន់​សម្រេច​ការ​តែងតាំង​តំណាង​រាស្ត្រ​រូប​ណា​មួយ​នៅ​ឡើយ​ដើម្បី​និយាយ​តំណាង​ឲ្យ​បក្ស​របស់​ខ្លួន​នៅ​ក្នុង​រដ្ឋសភាឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ