តម្លាភាពត្រូវតែមានគ្រប់កម្រិត និងគ្រប់វិស័យក្នុងដំណើរអភិវឌ្ឍន៍
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:៥៨
តម្លាភាពក្នុងដំណើរអភិវឌ្ឍន៍ប្រទេសកម្ពុជា ប្រែប្រួលគួរឱ្យកត់សម្គាល់។ ខុសពីមុនដែលអ្វីៗស្ងាត់ដូចគេចុក បច្ចុប្បន្ននេះ ស្ថាប័នរដ្ឋទាំងថ្នាក់ក្រោមជាតិ ទាំងថ្នាក់ជាតិ ខំផ្សាយព័ត៌មានស្តីពីការងាររបស់ខ្លួនឱ្យប្រជាជនបានដឹងកាន់តែច្រើន។ ប៉ុន្តែ កម្រិតតម្លាភាពនៃស្ថាប័នថ្នាក់ក្រោមជាតិ ត្រូវបានលើកកម្ពស់ខ្លាំងជាងនៅថ្នាក់ជាតិ ត្បិតការគ្រប់គ្រងវិស័យមួយចំនួនដែលពាក់ព័ន្ធនឹងការទទួលខុសត្រូវ ឬផលប្រយោជន៍របស់មន្ត្រីកំពូលៗខ្លះ គឺមិនបើកចំហរខ្លាំងឡើយ។
ឥលូវខុសពីមុន។ ការអញ្ជើញឱ្យចូលរួមដេញថ្លៃធ្វើផ្លូវ ស្ថាបនាអាគារ ផលិតសម្លៀកបំពាក់ ឬផ្គត់ផ្គង់សម្ភារៈបរិក្ខារក្នុងក្របខណ្ឌស្ថាប័ន និងអង្គភាពរដ្ឋ ផ្សាយពេញទិនានុប្បវត្តិ វិទ្យុ ទូរទស្សន៍ វ៉ិបសាយត៍ និងបណ្តាញទំនាក់ទំនងសង្គម។ រឿងអ្នកនយោបាយ បញ្ហាព្រំដែន ក៏ដូចជាការស៊ើបអង្កេតរឿងក្តី ក៏មិនសូវអាថ៌កំបាំងដូចមុនដែរ។ ព័ត៌មានគ្រប់ប្រភេទដែលហូរចេញពីប្រព័ន្ធផ្សព្វផ្សាយ នាំចំណេះដឹង ការកម្សាន្ត និងក្តីអាម៉ាស់ខ្លះមែន ប៉ុន្តែព័ត៌មានរួមចំណែកលើកស្ទួយតម្លាភាពនៅក្នុងសង្គមកម្ពុជា។
ជាគោលការណ៍ធំមួយនៃអភិបាលកិច្ចល្អ តម្លាភាពមានន័យសាមញ្ញថា៖ «សេចក្តីសម្រេចទាំងឡាយ និងការពង្រឹងសេចក្តីសម្រេចទាំងនោះ គឺធ្វើឡើងដោយអនុលោមតាមច្បាប់ និងបទបញ្ញត្តិនានា»។ តម្លាភាពក៏មានន័យផងដែរថា៖ «ព័ត៌មានសម្រាប់អ្នកដែលរងផលប៉ះពាល់ដោយសេចក្តីសម្រេច និងការពង្រឹងសេចក្តីសម្រេចទាំងនោះ គឺអាចរកបានដោយសេរី និងអាចទទួលដោយផ្ទាល់»។ លើសពីនេះទៀត តាមគោលការណ៍តម្លាភាព «ព័ត៌មានត្រូវតែពេញលេញ និងផ្តល់ឱ្យតាមទម្រង់ និងវិធីងាយយល់»។ កម្ពុជាកំពុងលើកស្ទួយតម្លាភាពក្នុងការអភិវឌ្ឍទាំងនៅថ្នាក់ក្រោមជាតិ ទាំងនៅថ្នាក់ជាតិ។
ជាក់ស្តែង គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ត្រូវបានបង្កើតឡើងនាចុងឆ្នាំ២០០៨ ដើម្បីជម្រុញការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឱ្យមានប្រសិទ្ធភាព។ ក្រសួងមហាផ្ទៃ និងទីស្តីការគណៈរដ្ឋមន្ត្រី ជាអ្នកដឹកនាំ គ.ជ.អ.ប ដែលមានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួង១២ទៀតជាសមាជិក។ បន្ថែមឱ្យព័ត៌មានដែលខេត្ត ក្រុង និងរាជធានី ផ្តល់ឱ្យតាមរយៈមន្ត្រីព័ត៌មាន និងវ៉ិបសាយត៍របស់ខ្លួន គ.ជ.អ.ប ក៏តែងតែផ្សាយព័ត៌មានលម្អិតអំពីក្របខណ្ឌច្បាប់ ស្ថាប័នអនុវត្ត កម្មវិធីជាតិ គម្រោង ដៃគូអនុវត្ត នីតិវិធីការងារ និងដំណឹងដែលទាក់ទងនឹងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា នៅថ្នាក់ក្រោមជាតិដែរ។
នៅថ្នាក់ជាតិ ក្រសួង និងស្ថាប័នរដ្ឋ បានបង្កើតវ៉ិបសាយត៍ និងបណ្តាញទំនាក់ទំនងសង្គម ហើយបានតែងតាំងមន្ត្រីព័ត៌មានស្ទើរគ្រប់វិស័យ។ អ្នកសារព័ត៌មាន និងពលរដ្ឋទូទៅ ពិតជាអាចស្វែងរកព័ត៌មានចាំបាច់មួយចំនួនពីប្រភពទាំងនេះ កាន់តែប្រសើរ និងឆាប់រហ័សជាងពេលដែលប្រព័ន្ធផ្តល់ព័ត៌មានបែបនេះ មិនទាន់កើតនៅកម្ពុជា។ ដោយពឹងផ្អែកលើប្រភពព័តមានបែបនេះមួយភាគធំ ប្រព័ន្ធផ្សព្វផ្សាយតែងរាយការណ៍ឱ្យសាធារណៈជនដឹងរាល់ព្រឹត្តិការណ៍ធំៗទាក់ទងនឹងជម្លោះព្រំដែន ការបង្ក្រាបមន្ត្រីពុករលួយ ការផ្តន្ទាទោសឧក្រិដ្ឋជនល្បីៗ ការលើកទឹកចិត្តបុគ្គលឆ្នើមៗ និងដំណើរនៃការធ្វើច្បាប់ថ្មីជាដើម។ ទោះតិចក្តី ច្រើនក្តី ការបញ្ចេញដំណឹងជាបន្តបន្ទាប់ដោយភ្នាក់ងារសាធារណៈ ពិតជាផ្តល់ឱកាសឱ្យប្រជាជនកម្ពុជាដឹងអំពីរបៀបរបបដឹកនាំប្រទេសដោយរដ្ឋាភិបាលកាន់អំណាច។
ក៏ប៉ុន្តែ នៅមានបញ្ហាច្រើនទៀតដែលពលរដ្ឋកម្ពុជាចង់ដឹង ចាំបាច់ត្រូវដឹង និងមានសិទ្ធិដឹង ព្រោះពាក់ព័ន្ធនឹងការរស់នៅរបស់ខ្លួនផ្ទាល់ ហើយភ្នាក់ងាររដ្ឋមិនបានផ្សព្វផ្សាយឱ្យដឹង ឬខំព្យាយាមលាក់តែម្តង។ ឧទាហរណ៍៖ ថ្មីៗនេះ អង្គការ សមាគមមិនមែនរដ្ឋាភិបាល និងសហជីពមួយចំនួន បានលើកឡើងអំពីការបិទបាំងខ្លឹមសារនៃសំណើច្បាប់ដែលស្ថាប័នជាតិតែងឡើងដើម្បីគ្រប់គ្រងពួកគេ។ ជាអ្នកស្នើច្បាប់រដ្ឋាភិបាលកម្ពុជាបែរជាយល់ឃើញថា ការបង្កើតច្បាប់ដើម្បីគ្រប់គ្រងសង្គមស៊ីវិលដែលរួមចំណែកយ៉ាងខ្លាំងក្នុងដំណើរអភិវឌ្ឍន៍កម្ពុជា គឺចាំបាច់ជាងការបង្កើតច្បាប់ស្តីពីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋដែលអាចរារាំងមន្ត្រីមានអំណាច មិនឱ្យយកធនធានរដ្ឋទៅបម្រើផលប្រយោជន៍ឯកជន ទៅវិញ។
ម្យ៉ាងទៀត ព័ត៌មានស្តីពីការផ្តល់អាជ្ញាប័ណ្ណឱ្យក្រុមហ៊ុនឯកជន វិនិយោគទុនលើធនធានធម្មជាតិមួយចំនួនដូចជា ដីកសិកម្ម ព្រៃឈើ រ៉ែជាដើម កម្រត្រូវបានរដ្ឋាភិបាលលាតត្រដាង ឬប្រកាសឱ្យមានការចូលរួមដេញថ្លៃពីសំណាក់វិនិយោគិនទូទៅណាស់ ថ្វីបើគម្រោងទាំងនោះងាយជះផលអវិជ្ជមានដល់ការរស់នៅជាប្រក្រតីរបស់ប្រជាជនក្តី។ ដោយសារប្រព័ន្ធគ្រប់គ្រងខ្លះតម្លាភាពនៅថ្នាក់ជាតិ ក្រុមហ៊ុនឯកជនខ្លះដែលទទួលបានសិទ្ធិលើដីសម្បទានសេដ្ឋកិច្ច មិនញញើតនឹងឈូសកសិករចេញពីដីដែលពួកគេកំពុងអាស្រ័យផលឡើយ។ ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនឯកជនមួយចំនួនផ្សេងទៀតដែលបានទទួលសិទ្ធិកាន់កាប់ដីសម្បទានសេដ្ឋកិច្ចរាប់សិបឆ្នាំដោយខ្វះតម្លាភាព ហើយមិនបានអភិវឌ្ឍអ្វីសោះនៅលើដីទាំងនោះ ក៏មិនបានរងការផាកពិន័យអ្វីធំដុំ ក្រៅពីការដកហូតអាជ្ញាប័ណ្ណឡើយ។ ការណ៍នេះធ្វើឱ្យរដ្ឋាភិបាលបាត់បង់ចំណូលជាតិយ៉ាងជាក់ស្តែង។
ដល់ពេលហើយដែលថ្នាក់ដឹកនាំស្ថាប័នជាតិកម្ពុជា លើកស្ទួយតម្លាភាពក្នុងការងារអភិវឌ្ឍន៍ប្រទេសឱ្យបានម៉ឺងម៉ាត់ បើមិនចង់ឱ្យមាន«ការយល់ច្រឡំ»ក្នុងចំណោមសាធារណៈមតិជាតិ និងអន្តរជាតិ ដូចក្នុងករណីសេចក្តីស្នើច្បាប់ថ្មីៗ ដីសម្បទានសេដ្ឋកិច្ច និងរឿងព្រំដែនជាដើម។ ការបង្កើនតម្លាភាពនៅគ្រប់កម្រិត និងគ្រប់វិស័យ ពីសំណាក់ថ្នាក់ដឹកនាំស្ថាប័នជាតិ គឺជាទង្វើប្រសើរជាងការថ្លែងដៀលត្មះ«អ្នកយល់ច្រឡំ»ដោយសារបញ្ហាខ្វះព័ត៌មាន។ ធម្មតា ការយល់ច្រឡំមិនស្ថិតនៅតែក្នុងចិត្តមនុស្សទេ វាក៏ស្តែងចេញជាសកម្មភាពដែលអាចបំផ្លាញដំណើរអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកម្ពុជាទៅវិញក៏មាន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ