អ្នកការពារធម្មជាតិ៖ តំបន់អារ៉ែង មិនគួរជាកន្លែងគេងចំណេញនយោបាយ
បន្ទាប់ពីមានសកម្មភាពអភិវឌ្ឍន៍តំបន់អារ៉ែង ជាបន្តបន្ទាប់ ពីសំណាក់ក្រុមយុវជនគាំទ្របក្សប្រឆាំង និងបក្សកាន់អំណាច ស្ថាបនិកការពារព្រៃឈើនៅតំបន់អារ៉ែង បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង។ ព្រួយបារម្ភ ព្រោះគេយល់ថាការជួយអភិវឌ្ឍន៍នេះ ជាសកម្មភាពទាញប្រយោជន៍នយោបាយ សេដ្ឋកិច្ច ជាជាងប្រយោជន៍សហគមន៍ និងព្រៃឈើក្នុងតំបន់។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:១៨
អ្នកការពារធម្មជាតិតំបន់អារ៉ែង បានថ្លែងប្រាប់វិទ្យុបារាំងថា ពួកគេកំពុងមានការព្រួយបារម្ភកាន់តែខ្លាំង ចំពោះសកម្មភាពអភិវឌ្ឍន៍ជាបន្តបន្ទាប់ទៅលើតំបន់អារ៉ែង របស់ក្រុមយុវជន ដែលមាននិន្នាការគាំទ្រគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា។ ជាការព្រួយបារម្ភ ដែលកើតចេញមក ដោយសំអាងថា អ្នកមកអភិវឌ្ឍន៍តំបន់នេះ បានឆ្លៀតគេងចំណេញប្រយោជន៍នយោបាយ សេដ្ឋកិច្ច សម្រាប់តែខ្លួនឯង មិនមែនសម្រាប់ប្រជាសហគមន៍ នៅក្នុងតំបន់នោះឡើយ។
លោក ម៊ូត គឹមរី សហស្ថាបនិកចលនាមាតាធម្មជាតិ បានប្រាប់វិទ្យុបារាំងនៅថ្ងៃនេះថា កាលពីចុងសប្តាហ៍នេះ តំបន់អារ៉ែង ទើបទទួលបានវត្តមានរបស់ក្រុមយុវជន ១៥៧ ដែលដឹកនាំដោយលោកហ៊ុន ម៉ាណែត កូនប្រុសលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ លោកគឹមរី បានសាទរចំពោះការចុះទៅចែកអំណោយ និងផ្តល់ជំនួយជាគោយន្ត ២គ្រឿងដល់ឃុំចំនួនមួយ នៅក្នុងតំបន់នេះ ប៉ុន្តែអ្នកការពារព្រៃឈើរូបនេះ បានសម្តែងការព្រួយបារម្ភច្រើន ជាងការសប្បាយចិត្ត។
លោកម៊ូត គឹមរី បានបង្ហាញទស្សនៈថា ការទៅដល់របស់ក្រុមយុវជន ១៥៧នេះ គឺដើម្បីគ្រាន់តែទាញប្រជាប្រិយភាពផ្នែកនយោបាយ ឬជាការមើលភូមិសាស្ត្រ ដាក់បន្ទាយទ័ព។ ហើយលោកថែមទាំងបារម្ភថា អាចនឹងមានការសាងសង់វារីអគ្គិសនី នៅតំបន់អារ៉ែងជាថ្មី បើទោះបីជាលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រកាសបញ្ឃប់សកម្មភាពវារីអគ្គិសនីនោះក៏ដោយ។ លោកគឹមរី មើលឃើញថា ការទៅដល់នេះ ក៏ហាក់ដូចជាការប្រើឥទ្ធិពលមួយទៅលើប្រជាពលរដ្ឋនៅទីនោះ ដោយសារគេសង្កេតឃើញមានការហែហមដោយកម្លាំងប៉ូលីស ទាហាន និងកម្លាំងយោធា ជាច្រើននាក់ បូករួមទាំងសម្ភារៈយោធាទៀតផង។
ក្រៅពីនេះ សហស្ថាបនិកចលនាមាតាធម្មជាតិរូបនេះ ចំពោះការអភិវឌ្ឍ រួមមានការសាងសង់បន្ទប់ទឹក របស់កញ្ញាធី សុវណ្ណថា យុវជនគាំទ្រគណបក្សសង្គ្រោះជាតិ គឺជារឿងល្អតែមួយជ្រុងប៉ុណ្ណោះ។ ប៉ុន្តែចំពោះការនាំភ្ញៀវចូលតំបន់អារ៉ែង របស់កញ្ញាម្នាក់នេះ មិនបាននាំចំណូលមកដល់អ្នកភូមិតំបន់អារ៉ែងនោះទេ ហើយផ្ទុយទៅវិញកញ្ញាធី សុវណ្ណថា មិនបានសហការជាមួយនឹងកម្មវិធីដំណើរកម្សាន្តអេកូទេសចរណ៍ទៀតផង។ លោកគឹមរី អះអាងថា សកម្មភាពរបស់កញ្ញាធី សុវណ្ណថា មានការអភិវឌ្ឍផង និងការធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន បាត់បង់វប្បធម៌ ប្រពៃណីរបស់ជនជាតិដើមភាគតិច នៅក្នុងតំបន់អារ៉ែងផងដែរ។
ជាសំណូមពរ អ្នកការពារធម្មជាតិតំបន់អារ៉ែង ចង់ឲ្យមានការអភិរក្សតំបន់អារ៉ែង ដូចជាការធ្វើផ្លូវថ្នល់ សាលារៀន ជាបន្តទៀត ក្នុងលក្ខខណ្ឌរក្សាប្រពៃណី វប្បធម៌ ជនជាតិដើមភាគតិចដដែល។ និងសំណូមពរ កុំឲ្យមានការប្រើប្រាស់តំបន់អារ៉ែង សម្រាប់រូបភាពផ្សេងៗ ដូចជាការផ្តល់ដីសម្បទាន ការដាក់លានដ្ឋាន បន្ទាយទ័ព នៅតំបន់នេះជាដើម៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ