អានតួអត្ថបទ
កម្ពុជា-នយោបាយ

អ្នក​នាំ​ពាក្យ ​គ.ជ.ប អំពាវ​នាវ​ឲ្យ​ម្ចាស់​ស្ថានីយ​ទូរទស្សន៍ ជួល​ម៉ោង​ផ្សាយ​ដល់​គណបក្ស​នយោបាយ

អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ (គ.ជ.ប) នៅ​ថ្ងៃ​នេះ​បាន​អំពាវ​នាវ និង​ជូន​ដំណឹង​ដល់ម្ចាស់​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​ទាំង​អស់ ឲ្យ​ចូល​រួម​ជួល​ម៉ោង​ផ្សាយ​ដល់​គណបក្ស​នយោបាយ​ទាំង​១២ តាម​តែ​អាច​ធ្វើ​ទៅ​បាន​។ រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​មាន​ស្ថានីយ​ទូរទស្សន៍​ណា​មួយ បាន​ជូន​ដំណឹង​ទៅ​ គ.ជ.ប អំពី​ការ​ជួល​ម៉ោង​ផ្សាយ​ទៅ​ឲ្យ​គណបក្ស​នយោបាយ​នៅ​ឡើយ​ទេ ខណៈ​ដែល​ការ​ឃោសនា​បោះ​ឆ្នោតឃុំ​សង្កាត់​ជិត​មក​ដល់​។

កម្មវិធី​សមធម៌​របស់​គ.ជ.ប. ផ្តល់​ពេល ១៥​នាទីសម្រាប់​ឃោសនា​គោល​នយោបាយ
កម្មវិធី​សមធម៌​របស់​គ.ជ.ប. ផ្តល់​ពេល ១៥​នាទីសម្រាប់​ឃោសនា​គោល​នយោបាយ
ផ្សាយពាណិជ្ជកម្ម

លោក​ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ គ.ជ.ប បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​នៅ​ថ្ងៃទី​១៤ ខែ​ឧសភា ថា​ រហូត​មក​ដល់ពេល​នេះ​មាន​តែ​ស្ថានីយ​វិទ្យុ​២​ប៉ុណ្ណោះ បាន​ជូន​ដំណឹង​មក​គ.ជ.ប អំពី​ការ​ជួល​ម៉ោង​ផ្សាយ​របស់​ខ្លួន​ឲ្យ​ទៅគណបក្ស​នយោបាយ​សម្រាប់​ធ្វើ​ការ​ឃោសនា​បោះ​ឆ្នោត​នា​ពេល​ខាង​​មុខ។ ស្ថានីយ​វិទ្យុ​២ដែល​បាន​ជូនដំណឹង​មក គ.ជ.ប អំពី​ការ​ជួល​ម៉ោង​ផ្សាយ​ឲ្យ​គណបក្ស​នយោបាយ​នោះ រួម​មាន​ស្ថានីយ​វិទ្យុ​FM106.5 និង​ស្ថានីយ​វិទ្យុ FM93.5។ ដោយ​ឡែក មិន​ទាន់​មាន​ស្ថានីយ​ទូរទស្សន៍​ណា​មួយ ប្រកាស​ឬ ជូន​ដំណឹង​មក​ គ.ជ.ប អំពី​ការ​ជួល​ម៉ោង​ផ្សាយ​របស់​ខ្លួន​ទៅ​គណបក្ស​នយោបាយ​នៅ​ឡើយ​ទេ​។

អ្នក​នាំ​ពាក្យ​គ.ជ.ប រូប​នេះ​បាន​អំពាវ​នាវ និង​ជូន​ដំណឹង​ដល់​ម្ចាស់​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​ទាំង​អស់​ឲ្យ​ចូលរួម​ទាំង​អស់​គ្នា​ក្នុង​ការ​ជួល​ម៉ោង​ផ្សាយ​ឲ្យ​គណបក្ស​នយោបាយ​សម្រាប់​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត ​ព្រោះ​ការ​បោះ​ឆ្នោត​នេះ ធ្វើ​ឡើង​ដើម្បី​ប្រយោជន៍​របស់​ប្រទេស​កម្ពុជា​។ លោក​បន្ថែម​ថា​រាល់​ការ​ជួល​ម៉ោងផ្សាយ​របស់​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍ ត្រូវ​ជូន​ដំណឹង​មក គ.ជ.ប ដើម្បី​ឲ្យ​ការ​អនុវត្ត​នេះ ស្រប​តាម​ច្បាប់ និង​នីតិវិធី​នៃ​ការ​បោះ​ឆ្នោត​។ លោក​បញ្ជាក់​ថា​ការ​ចូល​រួម​របស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ គឺ​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​គណបក្ស​នយោបាយ​ទាំង​អស់ ដែល​មាន​គោល​បំណង​ល្អៗ​ ក្នុង​ការ​អភិវឌ្ឍ​ឃុំ សង្កាត់​។

អ្នក​នាំ​ពាក្យ​គណបក្ស​សង្រ្គោះ​ជាតិ​លោក​យឹម សុវណ្ណ ក្នុង​ពិធី​សំណេះ​សំណាល​ជា​មួយ​បេក្ខជន​ក្រុម​ប្រឹក្សា​សង្កាត់​ប្រចាំ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​១៤ ឧសភា បាន​បង្ហាញ​ចម្ងល់​របស់​លោក​ចំពោះ​ស្ថានីយ​ទូរទស្សន៍​ក្នុងស្រុក ដែល​រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​ជួល​ម៉ោង​ផ្សាយ​ឲ្យ​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ឡើយ​។ លោក​បញ្ជាក់​ថា​ទូរទស្សន៍​ទាំង​នោះ​មិន​គោរព​គោល​ការណ៍​ណែនាំ​របស់ គ.ជ.ប ហើយ​លោក​នឹង​លើក​យក​បញ្ហា​នេះ​ប្រាប់​ទៅ​គ.ជ.ប ​នា​ពេល​ខាង​មុខ​។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជា​ជន​កម្ពុជា លោក​សុខ ឥសាន បាន​ថ្លែង​ថា​រហូត​មក​ដល់​ពេល​នេះ​គណបក្ស​មិនទាន់​បាន​ជួល​ម៉ោង​ផ្សាយ​ពី​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​ណា​មួយ​នៅ​ឡើយ​ទេ ប៉ុន្តែ​គណបក្ស​បាន​ត្រៀម​ធន​ធាន​មនុស្ស​ដើម្បី​ចូល​រួម​វេទិកា​ផ្សេងៗ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ក្នុង​ពេល​ឃោសនា​បោះ​ឆ្នោត​។

បើ​តាម​គោល​ការណ៍​សម្រាប់​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​ក្នុង​ការ​លក់ និង​ជួល​ម៉ោង​ផ្សាយ​ឲ្យ​គណបក្ស​នយោបាយ ធ្វើ​ការ​ផ្សព្វ​ផ្សាយ​អំពី​គោល​នយោបាយ​របស់​គណបក្ស ត្រូវ​ផ្អែក​ទៅ​តាម​គោល​ការណ៍​ស្មើ​ភាព តម្លៃ​ស្មើៗ​គ្នា និង​តាម​លំដាប់​មុន​ក្រោយ​។ ក្នុង​គោល​ការណ៍​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ការ​លក់​ ឬ​ជួល​ម៉ោងផ្សាយ​ឲ្យ​គណបក្ស​នយោបាយ មិន​អនុញ្ញាត​ឲ្យ​ម្ចាស់​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​លក់ ឬ​ជួល​ផ្តាច់​មុខ​ឲ្យ​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ​។

កាល​ពី​ថ្ងៃទី​១១ ខែ​ឧសភា​ក្រសួង​ព័ត៌មាន​ក៏​បាន​ចេញ​លិខិត​ជូន​ដំណឹង​មួយ​ដល់​ម្ចាស់​ប្រព័ន្ធ​ផ្សាយ​ទាំង​អស់​អនុវត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ​ក្រម​សីលធម៌ វិជ្ជាជីវៈ បទ​បញ្ញតិ្ត​ច្បាប់​ស្តីពី​ការ​បោះ​ឆ្នោត និង​គោល​ការ​សម្រាប់​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​។ ក្រសួង​ព័ត៌មាន​បាន​បញ្ជាក់​ថា​ម្ចាស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ណា​មិន​យក​ចិត្ត​ទុក​ដាក់អនុវត្ត​តាម​សេច​ក្តីជូន​ដំណឹង​នេះ ហើយ​បាន​បំពាន​ច្បាប់ ​និង​គោល​ការ​ណែនាំ ក្រសួង​នឹង​បិទ​ការ​ផ្សាយ​ ហើយ​ដក​ហូត​អាជ្ញា​បណ្ណ​បញ្ឈប់​ការ​ធ្វើ​អាជីវ​កម្ម​ជា​ស្ថាពរ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ