អានតួអត្ថបទ
កម្ពុជា-នយោបាយ

គ.ជ.ប ប្រាប់​ឲ្យ​គ្រប់​ភាគី​ពាក់​ព័ន្ធ​​ទៅ​ពិសោធន៍​គុណ​ភាព​ទឹក​ខ្មៅ​លើក​ទី២​

អ្នក​នាំ​ពាក្យ​គណៈកម្មាធិ​ការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត ​(គ.ជ.ប)​ បាន​ឲ្យ​ដឹង​ថា​ គ.ជ.ប នឹង​ពិសោធន៍​សាកល្បង​គុណ​ភាព​ទឹក​ខ្មៅ​ជ្រលក់​ម្រាម​ដៃ​ជា​លើក​ទី២ នៅ​ថ្ងៃទី១៧ ខែ​ឧសភា​ ខាង​មុខ ហើយ​គ្រប់​ភាគី​ពាក់​ព័ន្ធអាច​យក​សារធាតុ​អ្វី​ទៅ​លាង​ជម្រះ​ក្នុង​ការ​ពិសោធន៍​សាក​ល្បង​នេះ​បាន​។ ការ​ពិសោធន៍​គុណ​ភាព​ទឹក​ខ្មៅនេះ ធ្វើ​ឡើង​ក្រោយ​ពី គ.ជ.ប បាន​រក​ឃើញ​ថា​ទឹក​ខ្មៅ​គំរូ ដែល​យក​​មក​ពី​ប្រទេស​ឥណ្ឌា​អាច​លាង​ជ្រះ​។

ផ្សាយពាណិជ្ជកម្ម

លោក​ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ គ.ជ.ប បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​នៅ​ថ្ងៃទី​១៤ ខែ​ឧសភា ថា​ដើម្បី​ជម្រះ​មន្ទិល​សង្ស័យ គ.ជ.ប នឹង​ពិសោធន៍​គុណ​ភាព​ទឹក​ខ្មៅ​ម្តង​ទៀត នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា​ខាង​មុខ​នេះ​ ហើយ​ គ.ជ.ប ចង់​ឲ្យ​ភាគី​ពាក់​ព័ន្ធ​ដូច​ជា​គណបក្ស​នយោបាយ តំណាង​ស្ថាន​ទូត អង្គការ​មិន​មែន​រដ្ឋាភិបាល និង​អ្នក​សារព័ត៌មាន ចូល​រួម​ក្នុង​ការ​ពិសោធន៍​នេះ​។​ លោក​ហង្ស ពុទ្ធា​បញ្ជាក់​ថា អ្នក​ចូល​រួម​អាច​យក​សារ​ធាតុអ្វី​ក៏​បាន​ដែរ ដើម្បី​លាង​ជម្រះ​ក្រោយ​ពី​ការ​ជ្រលក់​ដៃ​នឹង​ទឹក​ខ្មៅ​នេះ​ហើយ​។

លោក​ហង្ស ពុទ្ធា​បាន​ឲ្យ​ដឹង​ថា​ទឹក​ខ្មៅ​ចំនួន​៤៦,៥០០ដប ដែល​យក​មក​ពី​ប្រទេស​ឥណ្ឌា សម្រាប់​ប្រើ​ប្រាស់​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា ឃុំ សង្កាត់ នៅ​ថ្ងៃទី​០៤ ខែ​មិថុនា ខាង​មុខ​នេះ បាន​យក​មក​ដល់​ប្រទេសកម្ពុជា​ហើយ​។ លោក​ថា​ទឹក​ខ្មៅ​ចំនួន​៤៦,៥០០ដប ដែល​ទើប​យក​មក​ដល់​នេះ គឺ​ត្រូវ​បាន​ពិសោធន៍​រក​ឃើញ​ថា​លុប​មិន​ជ្រះ​ទេ​។

អ្នក​នាំ​ពាក្យ គ.ជ.ប រូប​នេះ បញ្ជាក់​ថា​ទឹក​ខ្មៅ ដែល​ពិសោធន៍​ឃើញ​ថា​លុប​ជ្រះ​នោះ គឺ​មាន​ចំនួន​តែ​ពីរ​ដបប៉ុណ្ណោះ ដែល​គ.ជ.ប ស្នើ​សុំ​ពី​ក្រុម​ហ៊ុន​ឥណ្ឌា​ធ្វើ​ជា​គំរូ​។​ ពេល​នេះ​គ.ជ.ប គ្រោង​នឹង​បញ្ជូន​ទឹក​ខ្មៅ​លុប​ជ្រះ ​នោះ​ទៅ​ឲ្យ​ស្ថាប័ន​អន្តរ​ជាតិ ដើម្បី​ឆែក​មើល​លើ​គុណ​ភាព​បន្ថែម​ទៀត​។

កន្លង​មក​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​បាន​បង្ហាញ​ក្តី​បារម្ភ​របស់​ខ្លួន​ចំពោះ​គុណ​ភាព​ទឹក​ខ្មៅ​នេះ​ ដែល​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់ដល់​ភាព​ត្រឹម​ត្រូវ​នៃ​ការ​បោះ​ឆ្នោត​ឃុំ សង្កាត់​។ លោក សំ គន្ធាមី ប្រធាន​អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​និច​ហ្វិច និង​ជា​អ្នក​នាំ​ពាក្យ​បន្ទប់​ស្ថាន​ការណ៍​សម្រាប់​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​បាន​ថ្លែង​ថា​លោក​នឹង​បញ្ជូន​មន្ត្រី​របស់​លោក​ចូល​រួម​នៅ​ក្នុង​ការ​សាកល្បង​ពិសោធន៍​គុណ​ភាព​ទឹក​ខ្មៅ​លុប​មិន​ជ្រះ​នេះ​។

លោក​បញ្ជាក់​ថា​ប្រសិន​បើ​គុណ​ភាព​ទឹក​ខ្មៅ ដែល​គ្រោង​ធ្វើ​ការ​សាកល្បង​គុណ​ភាព​នា​ពេល​ខាង​មុខ​លុប​មិនជ្រះ​នោះ​គឺ​ជា​ការ​ល្អ ព្រោះ​គុណ​ភាព​ទឹក​ខ្មៅ​ល្អ​អាច​ជួយ​ឲ្យ​ដំណើរ​ការ​បោះ​ឆ្នោត​មាន​ភាព​សុក្រឹត​ច្រើន​។ ប៉ុន្តែ​លោក​សំ គន្ធាមី បន្ថែម​ថា បើ​ទឹក​ខ្មៅ​លុប​ជ្រះ នោះ​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ដំណើរ​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​។

សូម​ជម្រាប​ជូន​ថា ប្រទេស​កម្ពុជា​នឹង​រៀប​ចំការ​បោះ​ឆ្នោត​ជ្រើស​រើស ក្រុម​ប្រឹក្សា ឃុំ សង្កាត់​ អាណតិ្ត​ទី៤ នៅ​ថ្ងៃទី៤ ខែ​មិថុនា​ខាង​មុខ មាន​គណបក្ស​នយោបាយ​ចំនួន​១២​គណបក្ស​នឹង​ចូល​រួម​ប្រកួត​ប្រជែង​ដណ្តើម​បេក្ខភាព​មេឃុំ នៅ​ក្នុង​ឃុំ-សង្កាត់​ចំនួន​ ១,៦៤៦ ទូទាំង​២៥​រាជ​ធានី-ខេត្ត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ