អានតួអត្ថបទ
កម្ពុជា-បោះឆ្នោត

លទ្ធផល​បឋម​នៃ​ការ​បោះ​ឆ្នោត ត្រូវបានគ.ជ.ប. ប្រកាសជាផ្លូវការ នៅលើគេហទំព័រ

លទ្ធផល​បឋម​នៃ​ការ​បោះ​ឆ្នោត​ឃុំ សង្កាត់ ត្រូវ​បាន គ.ជ.ប ប្រកាស​រួច​រាល់​ហើយ នៅ​ថ្ងៃ​ទី​៧ ខែ​មិថុនា ម្សិល​មិញ។ គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​ការ​គាំទ្រ នៅ​ឃុំ សង្កាត់​ចំនួន ១១៦៥ ។ បន្ទាប់​មក​គឺ គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ការ​គាំទ្រ​ នៅ​ឃុំ សង្កាត់​ចំនួន ៤៨០។ និង​គណបក្ស​ខ្មែរ​រួប​រួម​ជាតិ​ឈ្នះ​ការ​គាំទ្រ នៅ​ឃុំ សង្កាត់​ត្រឹម​តែ១ ប៉ុណ្ណោះ។ នេះ​បើ​យោង​តាម​ការ​ប្រកាស​លទ្ធផល​បឋម​នៅ​លើ​គេហទំព័រ​របស់ គ.ជ.ប។

លោក​ហង្ស ពុទ្ធា​ អ្នក​នាំ​ពាក្យ​គ.ជ.ប​
លោក​ហង្ស ពុទ្ធា​ អ្នក​នាំ​ពាក្យ​គ.ជ.ប​ @គ.ជ.ប
ផ្សាយពាណិជ្ជកម្ម

លោក ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ គ.ជ.ប បាន​បញ្ជាក់​ថា សូម​សាធារណជន​កុំ​យល់​ច្រលំ​ចំពោះ​ការប្រកាស​នូវ​លទ្ធផល​បោះ​ឆ្នោត​បឋម​នេះ។ លទ្ធផល​បឋម គឺ​បង្ហាញ​ត្រឹម​សំឡេង​ឆ្នោត ដែល​គណបក្សនីមួយៗ ទទួល​បាន​ប៉ុណ្ណោះ ប៉ុន្តែ​មិន​ទាន់​បង្ហាញ​ពី​ការ​បែង​ចែក​ចំនួន​អាសនៈ​នៃ​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ដែល​គណបក្ស​នីមួយៗ ត្រូវ​ទទួល​បាន​នោះ​ទេ។

ហើយ​ចំពោះ​ការ​ប្រកាស​លទ្ធផល​បឋម​នេះ​ទៀត​សោត គឺ​ត្រឹម​តែ​អាច​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​តាម​រយៈ​គេហទំព័រ​របស់ គ.ជ.ប ប៉ុណ្ណោះ មិន​មាន​ធ្វើ​ជា​តារាង​ដើម្បី​បូក​សរុប​លទ្ធផល​ដែល​គណបក្ស​នីមួយៗ​ទទួល​បាន​នោះ​ទេ។ អ្នក​នាំ​ពាក្យ​រូប​នេះ​បញ្ជាក់!

ដោយ​ឡែក លោក យ៉ង់ គឹមអេង អ្នក​នាំ​ពាក្យ​បន្ទប់​ស្ថានការណ៍​រៀប​ចំ​ការ​បោះ​ឆ្នោត វិញ បាន​លើក​សរសើរ​ចំពោះ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​គ.ជ.ប នៅ​ក្នុង​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត ក្រុម​ប្រឹក្សា ឃុំ សង្កាត់ អាណត្តិ​ទី​៤​នេះ។ ពិសេស​ចំពោះ​ការ​ចុះ​ឈ្មោះ និង​ការ​ពិនិត្យ​លទ្ធផល តាម​រយៈ​ប្រពន្ធ័​កុំព្យូទ័រ។

ប៉ុន្តែ​លោក ចង់​ឱ្យ​គ.ជ.ប ធ្វើ​យ៉ាង​ណា​ពន្លឿន​ការ​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​ទៅ​តាម​ពេល​វេលា​ដែល​បាន​កំណត់។ ព្រោះ​ការ​ធ្វើ​បែប​នេះ អាច​ជៀស​វាង​ការ​ងឿង​ឆ្ងល់​ពី​សាធារណជន និង ការ​យល់​ច្រលំ​ ឬ ខ្វែង​គំនិត​គ្នា​ចំពោះ​អ្នក​ដែល​មាន​និន្នាការ​នយោបាយ​ខុសៗ​គ្នា​ផង​ដែរ។  មួយ​វិញ​ទៀត​លោក​ថា ការ​ប្រកាស​លទ្ធផល​បឋម​នេះ គួរ​តែ​បាន​សរុប​ពី​ចំនួន​គណបក្ស​ណា ឈ្នះ ឬ ចាញ់​នៅ​តាម​ឃុំ​សង្កាត់​នីមួយៗ ហើយ​ប្រកាស​ឱ្យ​សាធារណជន​បាន​ដឹង មិន​មែន​ផ្សាយ​តែ​ក្នុង​គេហទំព័រ​របស់​ខ្លួន​នោះ​ទេ ។

គួរ​ជម្រាប​ជូន​ថា ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា ឃុំ សង្កាត់​អាណត្តិ​ទី​៤​នេះ មាន​ប្រជាពលរដ្ឋ​ជិត​៩០%  នៅ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​សរុប​ជាង​៧​លាន​៨​សែន​នាក់ បាន​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត។ ចំណែក​ការ​ប្រកាស​លទ្ធផល ធ្វើ​ឡើង​ជា​បី​ដំណាក់​កាល​ គឺ ការ​ប្រកាស​លទ្ធផល​បឋម, ការ​ប្រកាស​លទ្ធផល​បណ្តោះ​អាសន្ន និង ការ​ប្រកាស​លទ្ធផល​ផ្លូវ​ការ​ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២៥ មិថុនា ឆ្នាំ​២០១៧ ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ