អានតួអត្ថបទ
កម្ពុជា-នយោបាយ

គជប ណែនាំ​ពី​ការ​លើក​ស្លាក​សញ្ញា​គណបក្ស​នយោបាយ​ក្នុង​អំឡុងពេល​​ឃោសនា​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់

គណៈកមា្មធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គជប) កាល​ពី​ថ្ងៃ​ទី ១២ ឧសភា បាន​ចេញ​សេច​ក្តី​ណែនាំ​មួយ​ស្តី​ពី​ការ​លើក​ស្លាក​សញ្ញា​របស់​គណបក្ស​នយោបាយ​ក្នុង​អំឡុង​ពេល​ឃោសនា​បោះ​ឆ្នោត​សម្រាប់​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ដែល​នឹង​ឈាន​ចូល​មក​ដល់​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។ បើ​តាម​គជប ការ​លើក​សញ្ញា​គណបក្ស​នយោបាយ​ក្នុង​ពេល​ឃោសនា ក្នុង​ពេល​ឃោសនា​បោះ​ឆ្នោត ត្រូវ​បាន​បែង​ចែក​ជា​បី​ប្រភេទ​ដូច​ជា៖ ការ​លើក​សញ្ញា​គណបក្ស​នយោបាយ​នៅ​ទី​ស្នាក់​ការ​អចិន្រ្តៃយ៍ ការ​លើក​ស្លាក​សញ្ញា​គណបក្ស​នៅ​ទី​លំនៅឋាន​ឯកជន ឬ​ទី​កន្លែង​ឯកជន និង ការ​លើក​សញ្ញា​គណបក្ស​នៅ​ទីកន្លែង​សាធារណៈ។

គជប ណែនាំ​​ពី​​ការ​​លើក​​ស្លាក​​សញ្ញា​​គណបក្ស​​នយោបាយ​​ក្នុង​​អំឡុង​​ពេល​ឃោសនា​​​​បោះ​​ឆ្នោត​​ក្រុម​​ប្រឹក្សា​​ឃុំ​​សង្កាត់
គជប ណែនាំ​​ពី​​ការ​​លើក​​ស្លាក​​សញ្ញា​​គណបក្ស​​នយោបាយ​​ក្នុង​​អំឡុង​​ពេល​ឃោសនា​​​​បោះ​​ឆ្នោត​​ក្រុម​​ប្រឹក្សា​​ឃុំ​​សង្កាត់
ផ្សាយពាណិជ្ជកម្ម

គជប បាន​បង្គាប់​ឲ្យ​គណបក្ស​នយោបាយ​ទាំង ១២ ដែល​បាន​ចុះ​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ អាណត្តិ​ទី ៤ ឆ្នាំ ២០១៧ អនុវត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ ដោយ​ឈរ​លើ​គោល​ការណ៍​ស្មើភាព​ និង​លំដាប់​មុន​ក្រោយ ក្នុង​ការ​លើក​ស្លាក​សញ្ញា​គណបក្ស​នយោបាយ​ក្នុង​អំឡុង​ពេល​ឃោសនា​បោះ​ឆ្នោត ចាប់​ពី​ថ្ងៃ​ទី ២០ ខែ ឧសភា ដល់​ថ្ងៃ​ទី ២ ខែ​មិថុនា។

បើ​តាម​សេចក្តី​ណែ​នាំ ការ​លើក​ស្លាក​សញ្ញា​គណបក្ស​នយោបាយ​នៅ​ទី​កន្លែង​សាធារណៈ ក្នុង​អំឡុង​ពេល​ឃោសនា​បោះ​ឆ្នោត​ត្រូវ​មាន​ការ​សម្រប​សម្រួល​ជាមួយ​អាជ្ញាធរ​ដែន​ដី ដោយ​ឈរ​លើ​គោល​ការណ៍​ស្មើភាព​លំដាប់​មុន ក្រោយ។ ខណៈ​ដែល​ការ​លើក​សញ្ញា​គណបក្ស​នយោបាយ​នៅ​លំនៅឋាន​ឯកជន ឬ​ទី​កន្លែង​ឯកជន ត្រូវ​ធ្វើ​ឡើង​ដោយ​មាន​ការ​យល់​ព្រម​ពី​ម្ចាស់​កន្លែង​នោះ។

ទន្ទឹម​នឹង​នេះ សម្រាប់​ស្លាក​សញ្ញា​គណបក្ស​នយោបាយ ដែល​ស្ថិត​នៅ​ក្នុង​រង្វង់ ១០០ ម៉ែត្រ ពី​ការិយាល័យ​បោះ​ឆ្នោត ត្រូវ​យក​ចេញ​យ៉ាង​យូរ​បំផុត​នៅ​ថ្ងៃ​បញ្ចប់​ការ​ឃោសនា​បោះ​ឆ្នោត លើក​លែង​តែ​ស្លាក​សញ្ញា​ដែល​មាន​នៅ​ទី​ស្នាក់​ការ​អចិន្រ្តៃយ៍​របស់​គណបក្ស​នយោបាយ​ដែល​ត្រូវ​គ្រប់​ឬ​បិទ​បាំង។

គជប បន្ថែម​ទៀត​ថា គណបក្ស​នយោបាយ ត្រូវ​ប្រមូល​មក​វិញ​ទាំង​អស់​ពី​គ្រប់​កន្លែង​សាធារណៈ​ក្នុង រយៈ​ពេល ១៥ ថ្ងៃ បន្ទាប់​ពី​ថ្ងៃ​បោះ​ឆ្នោត នូវ​ស្លាក​សញ្ញា​គណបក្ស​នយោបាយ​និង​សម្ភារ​ឃោសនា​បោះ​ឆ្នោត​ដែល​បាន​លើក ឬ បិទ​នៅ​ទី​សាធារណៈ​ក្នុង​អំឡុង​ពេល​ឃោសនា​បោះ​ឆ្នោត។

ព្រម​ជាមួយ​គ្នា​នេះ គជប ​ក៏​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ដែន​ដី និង​គណបក្ស​នយោបាយ ចូល​រួម​សហការ​គ្នា​ដើម្បី​ឲ្យ​ការ​ឃោសនា​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ អាណត្តិ​ទី ៤ នេះ​ ប្រព្រឹត្តិ​ទៅ​ដោយ​សន្តិសុខ សណ្តាប់​ធ្នាប់​សាធារណៈ និង​សោភ័ណភាព​សាធារណៈ។
សូម​ជម្រាប​ជូន​ថា ប្រទេស​កម្ពុជា​នឹង​រៀប​ចំ​ការ​បោះ​ឆ្នោត​ជ្រើស​រើស ក្រុម​ប្រឹក្សា​ ឃុំ សង្កាត់ អាណតិ្ត​ទី​៤ នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា​ខាង​មុខ ដោយ​មាន​គណបក្ស​នយោបាយ​ចំនួន ១២​គណបក្ស​នឹង​ចូល​រួម​ប្រកួត​ប្រជែង​ដណ្តើម​បេក្ខភាព​មេឃុំ ជាង ៩ នាក់ នៅ​ក្នុង​ឃុំ-សង្កាត់​ចំនួន ១,៦៤៦ ទូ​ទាំង​ ២៥​រាជធានី-ខេត្ត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ