អានតួអត្ថបទ
កម្ពុជា

គម្រោង​ទូរទស្សន៍​ព្រះអាទិត្យ​រក​ប្រាក់​បាន​ប្រហែល​៤៥​ម៉ឺន​ដុល្លារ​ហើយ​

គិត​ត្រឹម​ថ្ងៃ​ម្សិល​មិញ​ គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​ប្រាក់​ជំនួយ​ពី​អ្នក​គាំទ្រ​ចំនួន​ប្រមាណ​ជា៤សែន​៥​ម៉ឺន​ដុល្លារ​ហើយ ​សម្រាប់​ទ្រទ្រង់​គម្រោង​បង្កើត​ទូរ​ទស្សន៍​ព្រះ​អាទិត្យ​របស់​ខ្លួន​។ ​នេះ​បើ​យោងតាម​អ្នក​នាំ​ពាក្យ​របស់​គណបក្ស​នេះ ​ដែល​ឱ្យ​ដឹង​បន្ថែម​ទៀត​ថា ​ការ​បញ្ជា​ទិញ​ដី​ និង​ការ​តម្លើង​អង់​តែន ​ត្រូវ​ចាប់​ផ្តើម​ធ្វើ​នៅ​ក្នុង​ខែ​សីហា​នេះ​តែ​ម្តង​។

ពលរដ្ឋ​នាំគ្នា​ទៅ​បរិច្ចាគ​ថវិកា​សម្រាប់​ដំណើរ​ការ​ទូរទស្សន៍​ព្រះអាទិត្យ​ដល់​ទីស្នាក់​ការ​កណ្តាល​របស់​គណបក្ស​សង្រ្គោះជាតិ
ពលរដ្ឋ​នាំគ្នា​ទៅ​បរិច្ចាគ​ថវិកា​សម្រាប់​ដំណើរ​ការ​ទូរទស្សន៍​ព្រះអាទិត្យ​ដល់​ទីស្នាក់​ការ​កណ្តាល​របស់​គណបក្ស​សង្រ្គោះជាតិ សហការី
ផ្សាយពាណិជ្ជកម្ម

មូល​និធិ​សម្រាប់​ទ្រ​ទ្រង់​គម្រោង​ទូរទស្សន៍​ព្រះ​អាទិត្យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ​កើន​ដល់​ប្រហែល៤៥​ម៉ឺន​ដុល្លារ​ហើយ​ គិត​ចាប់​ពី​ថ្ងៃទី​២៧​ ខែ​មិថុនា ​ដែល​ជា​ថ្ងៃ​ប្រកាស​ទទួល​ប្រាក់​ជំនួយ​ដំបូង​ រហូតដល់​ថ្ងៃ​ទី០១​ ខែ​សីហា ​ឆ្នាំ​២០១៥​ម្សិល​មិញ​។ នេះ​បើ​យោង​តាម​លោក ​យ៉ែម ​បុញ្ញឫទ្ធិ ​ដែល​ជា​អ្នក​នាំពាក្យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ។

លោក​ យ៉ែម ​បុញ្ញឫទ្ធិ ​បាន​បញ្ជាក់​ទៀត​ថា ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​បញ្ជា​ទិញ​ដី ​ព្រម​ទាំង​តម្លើង​អង់តែន​ នៅ​ក្នុង​ខែ​សីហា​នេះ​តែ​ម្តង ​ដើម្បី​អាច​ចាប់​ផ្តើម​ផ្សាយ​ជំហាន​ទី១​ ឱ្យ​បាន​មុន​ដំណាច់​ឆ្នាំ​២០១៥​ សម្រាប់​ទី​ក្រុង​ភ្នំ​ពេញ ​និង​តំបន់​ជុំវិញ​ទី​ក្រុង​ភ្នំពេញ។​ ចំពោះ​ខេត្ត​ក្រុង​នានា ​គណបក្ស​នេះ​នឹង​ពង្រីកការ​ផ្សាយ​ជា​បន្ត​បន្ទាប់​ទៀត ​នៅ​ពេល​ក្រោយ​។

របាយ​ការណ៍​ប្រចាំ​ថ្ងៃ​នៃ​ការ​ប្រមូល​វិភាគ​ទាន ​និង​ទុន​វិនិយោគ​ចុង​ក្រោយ ​ដែល​អ្នក​ទទួល​ខុស​ត្រូវ​ក្នុងគណបក្ស​សង្គ្រោះ​ជាតិ​ បាន​ផ្សាយ​ឱ្យ​ដឹង​ជា​សាធារណៈ ​គឺ​ត្រឹម​ថ្ងៃ​ទី១៤​ ខែ​កក្កដា ​ឆ្នាំ​២០១៥​ប៉ុណ្ណោះ​។ ការណ៍​នេះ​ធ្វើ​ឱ្យ​អ្នក​តាម​ដាន​រឿង​នេះ ​ឆ្ងល់ ​និង​ចង់​ដឹង​ជា​ខ្លាំង ​អំពី​ចំនួន​ទឹក​ប្រាក់​ដែល​គណ​បក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន ​ជា​រៀង​រាល់​ថ្ងៃ​ពី​សប្បុ​រសជន​។
គម្រោង​បង្កើត​ទូរ​ទស្សន៍ ​ស្ថិត​ក្រោម​ឥទ្ធិ​ពល​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​នៅ​ក្រៅ​រដ្ឋាភិ​បាល​មួយ​នេះ ​ត្រូវ​ការ​មូល​ធន​ចាំ​បាច់​ជាង​៣លាន​ដុល្លារ​អាមេរិក​ ហើយ​បច្ចុប្បន្ន​សមា​ជិក​របស់គណបក្ស​ប្រ​ឆាំង​ កំពុង​អង្គាស​ប្រាក់​បង្គ្រប់ ​ទាំង​នៅ​ទូទាំង​ប្រទេស ​ទាំង​នៅ​ក្រៅ​ប្រទេស​។​

​កាល​ពីថ្ងៃ​ទី២៧​ ខែវិច្ឆិកា​ ឆ្នាំ២០១៤​ ក្រសួង​ព័ត៌​មាន​កម្ពុជា​បាន​សម្រេច​ផ្តល់​អាជ្ញា​ប័ណ្ណ​ឱ្យគ​ណ​បក្សសង្គ្រោះ​ជាតិ​ តាម​រយៈ​ក្រុម​ហ៊ុន​ឯក​ជន ​បន្ទាប់​ពី​មាន​ការ​ទាម​ទារ​យ៉ាង​ស្វិត​ស្វាញ​។ ​សេច​ក្តី​សម្រេច​នោះនឹង​អនុញ្ញាត​ឱ្យ​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ​នៅ​កម្ពុជា ​មាន​ស្ថានីយ​ទូរទស្សន៍​ដំបូង​បំផុត​ ដែល​មានកម្លាំង​ផ្សាយ​១០គីឡូ​វ៉ាត់​ នៅ​រាជ​ធានី​ភ្នំ​ពេញ ​និង​១គីឡូ​វ៉ាត់​ នៅ​តាម​បណ្ដា​ខេត្ត​ក្រុង​ផ្សេង​ៗ​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ