គណបក្សថ្មីរបស់អតីតសហការី លោក ខឹម វាសនា ត្រូវបានក្រសួងមហាផ្ទៃទទួលស្គាល់
ក្រសួងមហាផ្ទៃ កាលពីម្សិលមិញ បានសម្រេចចុះឈ្មោះគណបក្សថ្មីមួយ ដែលបង្កើតឡើងដោយអតីតសហការីរបស់ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យហៅកាត់ថា(LDP)។ គណបក្សថ្មីនេះ មានឈ្មោះថា «គណបក្សបំណងពលរដ្ឋ» ដែលមានសមាជិកស្ថាបនិក គឺជាអតីតអនុប្រធាន និងជាអតីតអគ្គលេខាធិការរបស់គណបក្សLDP។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៣៣
លោក អោក វ៉េត អតីតអគ្គលេខាធិការគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានប្រាប់វិទ្យុបារាំងអន្តរជាតិRFIថា មូលហេតុដែលលោកនិងមនុស្សសំខាន់ៗមួយចំនួនទៀតចាកចេញពីគណបក្សLDP ដោយសារតែពួកគេមិនអាចទទួលយកបាននូវអ្វីដែលប្រមុខបក្ស លោក ខឹម វាសនា តែងតែធ្វើការ«ជេរប្រមាថ»។ ការជេរប្រមាថយូរៗទៅ ដែលធ្វើឲ្យសមាជិកបក្សកាន់តែច្រើន នឹងដើរចេញពីគណបក្សនេះបន្តទៀត។ នេះជាការអះអាងរបស់ លោក អោក វ៉េត ដែលបច្ចប្បន្នជាសមាជិកស្ថាបនិកគណបក្សបំណងពលរដ្ឋ។
គណបក្សបំណងពលរដ្ឋ ដែលមាន លោក អ៊ិត សារម្យ នឹងត្រូវបានសមាជិកជ្រើសតាំងឲ្យធ្វើជាប្រធានគណបក្សនៅពេលធ្វើសមាជនាពេលខាងមុខនេះ។ នេះបើតាម លោក អោក វ៉េត។
លោក អោក វ៉េត បានឲ្យដឹងបន្ថែមថា ការបង្កើតគណបក្សបំណងពលរដ្ឋនៅពេលនេះ ក៏ដើម្បីត្រៀមចូលរួមក្នុងការបោះឆ្នោតជ្រើសរើសតាំងសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នាពេលខាងមុខនេះផងដែរ។
គណបក្សបំណងពលរដ្ឋនេះ គឺមានទីស្នាក់ការនៅក្នុងបុរីពិភពថ្មី ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
គិតត្រឹមឆ្នាំ២០១៨ មានគណបក្សនយោបាយចំនួន ៣៧ ត្រូវបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ដែលចំនួនកាន់តែច្រើនឡើងនេះ គឺបន្ទាប់ពីមានការរំលាយគណបក្សសង្រ្គោះជាតិ។
យ៉ាងណាក៏ដោយ នៅក្នុងការបោះឆ្នោតថ្នាក់ជាតិកាលពីថ្ងៃទី២៩កក្កដាឆ្នាំ២០១៨ កន្លងមក គឺមានតែគណបក្សប្រជាជនកម្ពុជាមួយប៉ុណ្ណោះ ដែលឈ្នះអសនៈទាំង១២៥របស់រដ្ឋសភា ខណៈ គណបក្សចំនួន១៩ផ្សេងទៀតមិនទទួលបានសូម្បីមួយអសនៈ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ