អានតួអត្ថបទ
កម្ពុជា

នួន ជា «បង​​​ទី​២» នៃ​របប​ខ្មែរ​ក្រហម

សាល​ដីការ​ស្ថាពរ​របស់​តុលាការ​កំពូល​នៃ​សាលា​ក្ដីខ្មែរ​ក្រហម បាន​ប្រកាស​តម្កល់​សេចក្ដី​សម្រេច​របស់​សាលា​ដំបូង នៅ​ក្នុង​សំណុំ​រឿង​០០២​វគ្គ​១ ប្រឆាំង​នឹង​ជន​ជាប់​ចោទ ​នួន ជា និង ខៀវ សំផន ឲ្យ​នៅ​ដដែល។ ពោល​គឺ ផ្ដន្ទាទោស​​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​។ វិទ្យុ​បារាំង​អន្ដរជាតិ RFI សូម​ឆ្លៀត​ឱកាស​​​នេះ រំលឹក​ឡើងវិញ​អំពី​ប្រវត្តិ​របស់​ជន​​ទាំង​ពីរ​រូប​​ឡើង​វិញ ចាប់​ផ្ដើម​ដោយ​ប្រវត្តិ​របស់​ នួន ជា បង​​ទី​២​នៃ​របប​ខ្មែរ​ក្រហម ដែល​ជា​ការ​រៀបចំ​ជូន​ដោយ អ៊ឹម រចនា​៖

នួន ជា «បងទី២» នៃរបបខ្មែរក្រហម
នួន ជា «បងទី២» នៃរបបខ្មែរក្រហម
ផ្សាយពាណិជ្ជកម្ម

នៅ​ពេល​និយាយ​ដល់​របប​ខ្មែរ​ក្រហម ឈ្មោះ​ដែល​អណ្ដែត​ឡើង​មុន​គេ គឺ​ប៉ុល ពត​។ ប៉ុន្តែ​មែន​ទែន​ទៅ ប៉ុល ពត មិន​មែន​ជា​បុគ្គល​តែ​ម្នាក់​ដែល​ទទួល​ខុស​ត្រូវ​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​​ទេ​។ នួន ជា ក៏​ជា​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​នៅ​ក្នុង​របប​នេះ​ដែរ។ ដោយ​មាន​តួនាទី​ជា​អនុលេខា​បក្ស​កុម្មុយនិស្ត នួន ជា គឺ​ជា​ជន​ដែល​មាន​អំណាច​ទី​២​បន្ទាប់​ពី ប៉ុល ពត ហើយ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា «បង​​ទី​២»។

នួន​ ជា មាន​ឈ្មោះ​ដើម​ថា ឡុង ប៊ុនរួត កើត​នៅ​ឆ្នាំ​១៩២៩ នៅ​ភូមិ​វត្ត​គរ ក្នុង​ខេត្ត​បាត់ដំបង​។ នៅឆ្នាំ​១៩៤៥ នួន ជា បាន​ប្រឡងជាប់​សញ្ញាប័ត្រ​បាក់ឌុប ហើយ​បាន​បន្ត​ការសិក្សា​ផ្នែក​ច្បាប់ នៅ​សាកលវិទ្យាល័យ​ធម្មសាត ប្រទេស​ថៃ។ ក្រោយមក នួន ជា បាន​ទៅ​ធ្វើការ​ជា​ស្មៀន នៅ​ក្រសួង​ការបរទេស​ថៃ ហើយ​បាន​ចូល​ជា​សមាជិក​បក្ស​កុម្មុយនិស្ត​ថៃ។
 
នៅឆ្នាំ១៩៥០ នួន ជា បាន​សុំ​ផ្ទេរ​សមាជិកភាព​ពី​បក្ស​កុម្មុយនិស្ត​ថៃ ទៅ​បក្ស​កុម្មុយនិស្ត​ឥណ្ឌូចិន​វិញ។ នៅចន្លោះពី​ឆ្នាំ១៩៥២ ដល់​ឆ្នាំ១៩៥៤ នួន ជា ត្រូវបាន​បក្ស​កុម្មុយនិស្ត​ឥណ្ឌូចិន​បញ្ជូន​ឲ្យទៅ​រៀនសូត្រ​ខាង​នយោបាយ នៅក្រុង​ហាណូយ ប្រទេស​វៀតណាម។ ត្រឡប់​ពី​ប្រទេស​វៀតណាម​នៅ​ឆ្នាំ​១៩៥៤ នួន ជា ​បាន​ចូលរួម​ធ្វើការ​ជាមួយ​ក្រុមខ្មែរ​កុម្មុយនិស្ត ដែល​នៅ​លាក់ខ្លួន​ក្នុង​ទីក្រុង​ភ្នំពេញ។ នៅពេលនោះ​ហើយ ដែល នួន ជា បាន​ជួប​ជាមួយ សាឡុត ស ឬ ប៉ុល ពត។
 
នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ១៩៦០ នួន ជា បាន​ឡើង​កាន់តំណែង​ជា​អនុលេខា​បក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ ដែល​ជា​តំណែង​កំពូល​លំដាប់​ទី​២ បន្ទាប់​ពី​លេខា​បក្ស គឺ ទូ សាមុត​។ នួន ជា បន្ត​កាន់​តំណែង​ជាង​អនុ​លេខា​បក្ស​ដដែល នៅ​ពេល​ ទូ សាមុត បាត់​ខ្លួន​នៅ​ថ្ងៃ​ទី​២០​កក្កដា ឆ្នាំ​១៩៦២ ខណៈ ប៉ុល ពត ដែល​ស្ថិត​នៅ​លំដាប់​ទី​៣ បាន​ឡើង​មកជំនួស​តំណែង ទូ សាមុត​។ ​
 
ក្រោយពេល​ដែល​ខ្មែរក្រហម​បាន​ឡើង​កាន់អំណាច​ នៅ​ឆ្នាំ១៩៧៥ នួន ជា ក៏បាន​ក្លាយជា​ប្រធាន​សភា​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ។ នៅក្នុង​បក្ស នួន ជា គឺ​ជាអ្នក​ទទួលខុសត្រូវ​ក្នុងការ​រៀបចំ​អង្គការ​ចាត់តាំង​បក្ស និង​ទទួលបន្ទុក​កិច្ចការ​អប់រំ​ផ្នែក​នយោបាយ និង​មនោគមន៍វិជ្ជា។ យោងតាម​ឯកសារ​ដែល​រក្សាទុក​ដោយ​ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា នួន ជា គឺជា​អ្នក​ទទួលខុសត្រូវ​ក្នុងការ​ចេញ​គោលនយោបាយ​ឲ្យ​មន្រ្តី​ថ្នាក់​មូលដ្ឋាន​អនុវត្ត ក្នុងនោះ រួមទាំង​មន្រ្តី​មន្ទីរ ស២១ ឬ គុក​ទួលស្លែង​ផងដែរ។
 
នៅថ្ងៃទី២៧ កញ្ញា ឆ្នាំ១៩៧៦ នួន ជា បាន​ឡើង​កាន់តំណែង​ជា​នាយករដ្ឋមន្រ្តី​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ជំនួស ប៉ុល ពត ដែល​បាន​លាលែង​ដោយ​មាន​បញ្ហា​សុខភាព។ ក៏ប៉ុន្តែ ប្រមាណ​៣សប្តាហ៍​ក្រោយមក តំណែងនេះ​ត្រូវ ប៉ុល ពត យកទៅ​កាន់កាប់​វិញ។
 
ក្រោយពេល​ដែល​របប​កម្ពុជា​ប្រជាធិបតេយ្យ​បាន​ដួលរលំ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ នួន ជា បាន​រត់ទៅ​រស់នៅ​ជាយដែន​ខ្មែរ-ថៃ ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ផ្សេងៗទៀត។ នួន ជា ក៏​មិនខុសពី ប៉ុល ពត ប៉ុន្មាន​ដែរ គឺជា​មនុស្ស​ចូលចិត្ត​រស់នៅ​ក្នុង​ការ​លាក់​កំបាំង មិនឲ្យ​គេដឹង មិនឲ្យ​គេស្គាល់។ ដូចនេះហើយ​បានជា​មិនសូវ​មាន​ឯកសារ​ដែល​និយាយ​ពី នួន ជា នោះទេ។ គួររំឭកថា នួន ជា នេះឯង​ជា​មេគំនិត​នៃ​ការ​ដឹកនាំ​បែប​សម្ងាត់។ នួន ជា តែងតែ​បាន​លើកឡើង​ថា ការ​លាក់ការណ៍​សម្ងាត់ គឺជា​កត្តា​ដ៏​សំខាន់​ដែល​នាំ​ទៅរក​ជ័យជំនះ។
 
នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ នួន ជា បាន​ផ្តាច់ខ្លួន​ចុះចូល​ជាមួយ​រដ្ឋាភិបាល ជាថ្នូរនឹង​ការរួចផុត​ពី​រាល់​ការចោទប្រកាន់​ពី​បទឧក្រិដ្ឋ​នានា​ដែល​គាត់​បាន​ប្រព្រឹត្ត​ក្នុង​របប​ខ្មែរក្រហម។ ក៏ប៉ុន្តែ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៧ នួន ជា ត្រូវបាន​គេ​ចាប់ខ្លួន​ពីផ្ទះ​របស់គាត់​ នៅ​ស្រុក​សំឡូត មក​ភ្នំពេញ តាម​ដីកា​ចាប់ខ្លួន​របស់ តុលាការ​ខ្មែរក្រហម។ នួន ជា ត្រូវបាន​អង្គជំនុំជម្រះ​ចោទប្រកាន់​ពី​បទឧក្រិដ្ឋកម្ម​សង្រ្គាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ហើយ​កំពុង​ប្រឈមមុខ​នឹង​ការកាត់ទោស។ នួន ជា នៅតែ​អះអាង​ម្តងហើយ​ម្តងទៀត​ថា គាត់​មិនមែន​ជា​អ្នក​ទទួលខុសត្រូវ​ក្នុង​ការ​សម្លាប់​មនុស្ស​រាប់លាន​នាក់​ក្នុង​អំឡុងពេល​ដែល​ខ្មែរក្រហម​កាន់អំណាច​នោះទេ។ គាត់​អះអាង​ថា គាត់​មិនបាន​ដឹង​ពី​ការណ៍​ដែល​ប្រជាជន​អត់​អាហារ ហើយ​ក៏​មិនដឹង​ពី​រឿង​សម្លាប់​មនុស្ស​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ