សភាកម្ពុជាថាការបារម្ភរបស់ព្រឹទ្ធសភាអាមេរិកគឺជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង
សភាកម្ពុជាទាំងពីរថ្នាក់ បានចេញសេចក្តីថ្លែងការណ៍មួយដោយចាត់ទុកការបារម្ភរបស់សភាអន្តរជាតិជាពិសេសព្រឹទ្ធសភារបស់សហរដ្ឋអាមេរិកនាពេលកន្លងមកនោះថា ជាការបារម្ភលើសពីភាពចាំបាច់ រហូតក្លាយជាទង្វើជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ ប្រតិកម្មនេះដែលទើបតែធ្លាក់មក កាលពីថ្ងៃទី២៤វិច្ឆិកាម្សិលមិញនេះគឺជាការឆ្លើយដោយប្រយោលទៅកាន់សភាអន្តរជាតិ និងជាការឆ្លើយតបចំៗទៅកាន់ព្រឹទ្ធសភាអាមេរិក។ ព្រឹទ្ធសភាអាមេរិកដែលបានដាក់ឱសានវាទឲ្យរដ្ឋាភិបាលកម្ពុជាដោះលែង លោក កឹម សុខា តាំងពីថ្ងៃ៩វិច្ឆិកា និងទាមទារឲ្យបញ្ឈប់ការរំលាយគណបក្សសង្រ្គោះជាតិនោះ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:១២
ដោយ អ៊ឹង ប៊ុនថន
នៅក្នុងសេចក្តីថ្លែងការណ៍ដែលធ្វើឡើងនៅថ្ងៃទី២៤ ខែវិច្ឆិកា ព្រឹទ្ធសភា និងរដ្ឋសភារបស់កម្ពុជា អះអាងថា ការរំលាយគណបក្សសង្គ្រោះជាតិ និងការចាប់ខ្លួនលោក កឹម សុខា គឺធ្វើឡើង ទៅតាមច្បាប់របស់កម្ពុជា ដោយចោទថា លោក កឹម សុខា បានឃុបឃិតជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។
ជាមួយគ្នានេះ សភាកម្ពុជាទាំងពីរថ្នាក់នេះ ក៏បានគាំទ្រពេញទំហឹងនូវគោលករណ៏មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសដទៃ របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ផងដែរ។
សេចក្តីការណ៍កម្រាស់៣ទំព័ររបស់សភាខ្មែរនេះ ក៏បានឆ្លើយតបទៅនឹងការរិះគន់ពីមជ្ឈដ្ឋានអន្តរជាតិ ចំពោះការបិទវិទ្យុ និងកាសែតដែលតែងតែផ្សាយរិះគន់រដ្ឋាភិបាលកម្ពុជានោះដែរ។
សភាកម្ពុជាទាំងពីរថ្នាក់នេះ បកស្រាយថា ការបញ្ឈប់ផ្សាយរបស់វិទ្យុអាស៊ីសេរី និង វិទ្យុVOA គឺដោយសាររំលោភកិច្ចព្រមព្រៀងជាមួយក្រសួងព័ត៌មាន ខណៈកាសែត The Cambodia Daily បញ្ឈប់ផ្សាយដោយសារតែមិនបានបង់ពន្ធ។ចំណែក ការបញ្ឈប់ប្រតិបត្តិការអង្គការNDI គឺដោយសារតែអង្គការនេះមិនចុះបញ្ជី និងបង្ហាញរបាយការណ៍ហិរញ្ញវត្ថុ។
សូមបញ្ជាក់ថា សមាជិកព្រឹទ្ធសភាអាមេរិក លោក Ted Cruz បានចេញសារព្រមានម្តងហើយម្តងទៀតថា ទាមទារឲ្យរដ្ឋាភិបាលកម្ពុជាដោះលែង លោក កឹម សុខា តាំងពីថ្ងៃទី ៩វិច្ឆិកា ឆ្នាំ២០១៧។ជាមួយគ្នានោះ ព្រឹទ្ធសភាអាមេរិកដែលធ្លាប់តែមានឥទ្ធិពលរូបនេះ បានអះអាងថាលោកនឹងស្នើទៅរដ្ឋបាលលោកដូណាល់ ត្រាំ ដើម្បីដាក់ទណ្ឌកម្ម ហាមឃាត់មិនឲ្យមន្រ្តីរដ្ឋាភិបាលកម្ពុជាចូលទឹកដីអាមេរិក និងអាចឈានទៅបង្កកព្រទ្យសម្បត្តិទៀតផង។
លើសពីនេះទៀត សហភាពអ៊ឺរ៉ុបដែលជាបណ្តុំប្រទេសចំនួន២៧ បានព្រមាននាពេលចុងក្រោយនេះថា សហភាពអ៊ឺរ៉ុបនឹងបញ្ឈប់ការអនុគ្រោះពន្ធលើការនាំទំនិញពីកម្ពុជាចូលទៅលក់នៅទីផ្សារអ៊ឹរ៉ុប ករណីដែលកម្ពុជាបានរំលាយគណបក្សប្រឆាំងដ៏ធំជាងគេ។
សហភាពអ៊ឺរ៉ុប ក៏បានគូសបញ្ជាក់ថា ការគាំទ្ររបស់ខ្លួនគឺសម្រាប់ឲ្យកម្ពុជាមានការគោរពសិទ្ធិមនុស្សជាចំបង និងមានប្រជាធិបតេយ្យសេរីពហុបក្ស។
យ៉ាងណាក៏ដោយ នៅក្នុងសេចក្តីថ្លែងការណ៍របស់សភាកម្ពុជា បានអះអាងថា កម្ពុជានៅតែបន្តប្តេជ្ញារៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងតំណាងរាស្រ្តនៅឆ្នាំ២០១៨ដោយបន្តលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋ ដែលមានគណបក្សនយោបាយជាង៣០នៅកម្ពុជា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ