អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

​ការ​ចត​យានយន្ត​លើ​ផ្លូវ​សាធារណៈ រួម​ចំណែក​ធ្វើ​ឲ្យ​កក​ស្ទះ​ចរាចរណ៍

ចុះផ្សាយ​នៅ​ថ្ងៃ៖

បញ្ហា​កក​ស្ទះ​ចរាចរណ៍ នៅ​តែ​ជា​បញ្ហា​ដែល​មិន​ទាន់​អាច​ដោះ​ស្រាយ​បាន​នៅ​ឡើយ សម្រាប់​រាជធានី​ភ្នំពេញ បេះដូង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ មាន​មូលហេតុ​សំខាន់​ៗ​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​ចរាចរណ៍​កក​ស្ទះ ប៉ុន្តែ​កត្តា​ដែល​សំខាន់​មួយក្នុង​ចំណោម​​​នោះ ​គឺ​ការ​ចត​យានយន្ត​នៅ​លើ​ផ្លូវ​សាធារណៈ​។

ការ​កក​ស្ទះ​​ចរាចរណ៍​នៅ​រាជ​ធានី​ភ្នំពេញ។​
ការ​កក​ស្ទះ​​ចរាចរណ៍​នៅ​រាជ​ធានី​ភ្នំពេញ។​ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

បញ្ហា​កក​ស្ទះ​ចរាចរណ៍ នៅ​តែ​ជា​បញ្ហា​ដែល​មិន​ទាន់​អាច​ដោះ​ស្រាយ​បាន​នៅ​ឡើយ សម្រាប់​រាជធានី​ភ្នំពេញ បេះដូង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ មាន​មូលហេតុ​សំខាន់​ៗ​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​ចរាចរណ៍​កក​ស្ទះ ប៉ុន្តែ​កត្តា​ដែល​សំខាន់​មួយក្នុង​ចំណោម​​​នោះ ​គឺ​ការ​ចត​យានយន្ត​នៅ​លើ​ផ្លូវ​សាធារណៈ​។

បញ្ហា​កក​ស្ទះ​ចរាចរណ៍​ បាន​ក្លាយ​ទៅ​ជា​ជំងឺ​ដ៏​រ៉ាំរ៉ៃ​មួយ​នៅ​រាជធានី​ភ្នំពេញ​។ កាល​​ពី​ពេល​មុន ការ​កក​ស្ទះ​ចរាចរណ៍​កើត​ឡើង​តែ​នៅ​ក្នុង​ចន្លោះ​ម៉ោង​រវល់ ជា​អាថិ៍ ម៉ោង​៧​ដល់​ម៉ោង​៩​ព្រឹក និង​ម៉ោង​៥​ដល់​ម៉ោង​៧​ល្ងាច​តែ​ប៉ុណ្ណោះ​។ ប៉ុន្តែ​សព្វ​ថ្ងៃ​នេះ បញ្ហា​កក​ស្ទះ​ចរាចរណ៍នៅ​ភ្នំពេញ​មាន​សភាព​កាន់​តែ​អាក្រក់​ឡើង​ៗ​។ ពោល​គឺ ការ​កក​ស្ទះ​ចរាចរណ៍​កើត​ឡើង​ស្ទើរ​តែ​គ្រប់​ម៉ោង និង​ស្ទើរ​តែ​រាល់​ថ្ងៃ​តែ​ម្ដង​។ មាន​មូលហេតុ​ច្រើន ដែល​រួម​ចំណែក​ធ្វើ​ឲ្យ​រាជធានី​ភ្នំពេញត្រូវ​កក​ស្ទះ​ចរាចរណ៍​ជា​ប្រចាំ​។ ប៉ុន្តែ​មូលហេតុ​សំខាន់​មួយ​ក្នុង​ចំណោម​នោះ គឺ ​បណ្ដាល​មក​ពី​មាន​ការ​ចត​យានយន្ត​នៅ​លើ​ផ្លូវ​សាធារណៈ​។

នៅ​គ្រប់​ផ្លូវ​សាធារណៈ មិន​ថា​ផ្លូវ​តូច ​ផ្លូវ​ធំ ឬ​​ផ្លូវ​ដែល​មាន​ដាក់​ស្លាក​ហាម​ចត​ក៏​ដោយ ក៏​គេ​តែង​តែ​សង្កេត​ឃើញ​មាន​យានយន្ត ដោយ​ចំពោះ​រថយន្ត និង​ម៉ូតូ​កង់​បី ចត​តម្រៀប​ជា​ជួរ​យ៉ាង​អាណាធិបតេយ្យ​។ អ្នក​ប្រើ​ប្រាស់​ទ្រូង​ផ្លូវនៅ​ភ្នំពេញ មាន​ទម្លាប់​ចត​យានយន្ត​នៅ​លើ​ផ្លូវ​សាធារណៈ ដោយ​គ្មាន​ការ​ក្រែង​ចិត្ត​អ្នក​ដំណើរ​ដទៃ​ទៀត​សោះ​ឡើយ​។ ពេល​ខ្លះ ការ​កក​ស្ទះ​បណ្ដាល​មក​ពី​ម្ចាស់​យានយន្ត​មួយ​ចំនួន ចត​យានយន្ត​នៅ​ត្រង់​ផ្លូវ​កែង ឬ​ពេល​ខ្លះ គឺ​ចតនៅ​ពាក់​កណ្ដាល​ផ្លូវ​តែ​ម្ដង​។

មែនទែន​ទៅ ប្រសិន​បើ​គេ​ដាក់​ការ​ទទួល​ខុស​ត្រូវ​ទៅ​លើ​​អ្នក​ប្រើ​ប្រាស់​ទ្រូង​ផ្លូវ​តែ​ឯង​ក៏​មិន​កើត​។ ហាង និង​ភោជនីយដ្ឋាន​មួយចំនួន មិនមានចំណតយានយន្តផ្ទាល់ខ្លួនទេ។ ហើយ​ជា​រឿយ​​ៗ គេ​តែង​សង្កេត​ឃើញ​ម្ចាស់​អាជីវកម្ម​ និង​ភោជនីយដ្ឋាន​ទាំង​នោះ ​បាន​​យ​ក​​ផ្លូវ​​ថ្នល់​​សាធារណៈ ជាចំណតរថយន្តសម្រាប់ភ្ញៀវរបស់ខ្លួន បង្កជា ការ​រំខាន​ដល់​អ្នក​ប្រើប្រាស់​ផ្លូវ​ដទៃ​ទៀត។ នៅ​តាម​ភោជនីយដ្ឋាន​ខ្លះ រថយន្តចត២-៣ជួរ សឹង​តែ​ពាក់​កណ្ដាល​ផ្លូវ​ទៅ​ហើយ​។ ដោយ​ឡែក អាជ្ញាធរ​​មាន​សមត្ថកិច្ច​វិញ ហាក់​ដូច​ជា​មិន​បាន​ចាត់​វិធានការ​ណា​មួយជាក់​លាក់ នៅ​ចំពោះ​មុខ​បញ្ហា​អស់​ទាំង​នេះ​ទេ​។

បើ​និយាយ​ដល់​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ភ្នំពេញ​ជួប​បញ្ហា​កក​ស្ទះ​ចរាចរណ៍ មិន​មែន​បណ្ដាល​មក​ពី​ការ​ចត​យានយន្ត​នៅ​លើ​ផ្លូវ​តែ​ម្យ៉ាង​នោះ​ទេ​។ មូលហេតុ​សំខាន់​ៗ​មួយ​ចំនួន​ទៀត ដែល​រួម​ចំណែក​ធ្វើ​ឲ្យ​មាន​ការ​កក​ស្ទះ​​ចរាចរណ៍​នៅ​​ភ្នំពេញ​​ដែរ​​នោះ ​មាន​​ដូច​ជា​​ ​ការ​មិន​​គោរព​​ច្បាប់​​ចរាចរណ៍ ការមិនចេះយោគយល់គ្នាពីសំណាក់អ្នកប្រើប្រាស់ទ្រូងផ្លូវ និងការ​កើន​ឡើង​នៃ​ចំនួន​យានយន្តជា​ដើម​។

បញ្ហា​កក​ស្ទះ​ចរាចរណ៍ អាច​មើល​ទៅ​មិន​មែន​ជា​រឿង​ធ្ងន់ធ្ងរ ប៉ុន្តែ​មែនទែន​ទៅ វា​កំពុង​តែ​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​អារម្មណ៍ ជា​ពិសេស​គឺ​ការប្រកប​របរ​ចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​​ផង​ដែរ​​។ ម្ល៉ោះ​ហើយ អាជ្ញាធរនិង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​ឡាយ មិន​អាច​មើល​រំលង​បញ្ហា​នេះ​បាន​ឡើយ និង​ចាំ​បាច់​ត្រូវ​ចាត់​វិធានការ​ជា​បន្ទាន់​ចំពោះ​ការ​កក​ស្ទះ​ចរាចរណ៍​នេះ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ទៅ​មក​របស់​ពលរដ្ឋ​។

សរុប​មក​វិញ ការ​ចត​យានយន្ត​លើ​ដង​ផ្លូវ ជា​ការពិត គឺបាន​រួម​ចំណែក​ធ្វើ​ឲ្យ​ចរាចរណ៍​នៅ​ភ្នំពេញ​កក​ស្ទះ​កាន់​តែ​អាក្រក់​ឡើង​ៗ​ជា​រៀង​រាល់​ថ្ងៃ​។ ប៉ុន្តែ​បញ្ហា​នេះ មិន​ងាយ​​ដោះ​ស្រាយ​បាន​​ឡើង ព្រោះ​វា​ត្រូវ​ការ​ការ​ចូល​រួម​ពី​អ្នក​ពាក់ព័ន្ធ​នៅ​ក្នុង​រឿង​នេះ​ទាំង​អស់​។ អ្នក​ដែល​ពាក់ព័ន្ធ​ដែល​មាន​ជា​អាថិ៍ ម្ចាស់​អាជីវកម្ម និង​ភោជនីយដ្ឋាន​នានា​ដែល​និយម​យក​ផ្លូវ​សាធារណៈ​ធ្វើ​ជា​ចំណត​សម្រាប់​អតិថិជន​ខ្លួន ត្រូវ​តែ​ពិចារណា​បញ្ឈប់​ការ​ប្រព្រឹត្ត​នេះ​ជា​បន្ទាន់ និងចាំ​បាច់​ត្រូវ​គិត​គូរ​ពី​ការ​បង្កើត​ចំណត​យានយន្ត​ឯកជន​សម្រាប់​អតិថិជន​របស់​ខ្លួន​។

ចំណែកម្ចាស់​យានយន្ត​ទាំង​តូច​ទាំង​ធំ ក៏​គួរ​កម្ចាត់​ចោល​ភាព​អាត្មា​និយម​របស់​ខ្លួន ដោយ​ងាក​មក​បណ្ដុះ​ទម្លាប់​ក្រែង​ចិត្ត​អ្នក​ប្រើ​ប្រាស់​ផ្លូវ​សាធារណៈ​ដទៃ​ទៀត​ខ្លះ​ផង​។ សូម​កុំ​គិត​ថា ផ្លូវ​សាធារណៈ​ជា​កម្មសិទ្ធិ​ផ្ដាច់​មុខ​របស់​ខ្លួន​ឲ្យ​សោះ​​។ ​ការ​ពិចារណា​វិនិយោគ​កន្លែង​ចត​យានយន្ត​គិត​ថ្លៃ ក៏​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ពិចារណា​ផង​ដែរ​។ ដោយ​ឡែក អាជ្ញាធរ​មាន​សមត្ថកិច្ច​ ​ទាំង​អស់ គួរ​តែពង្រឹង​ការអនុវត្ត​ច្បាប់​ឲ្យ​បាន​ម៉ឺងម៉ាត់ជាង​នេះ ជា​​ពិសេស​ការ​ផាក​ពិន័យ​ផ្សេង​ៗ ដើម្បី​ដោះ​ស្រាយ​បញ្ហា​កក​ស្ទះ​ចរាចរណ៍​ដែល​ភ្នំពេញ​កំពុង​ជួប​ប្រទះ​សព្វ​ថ្ងៃ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ