អានតួអត្ថបទ
កម្ពជា

លោក ហ៊ុន សែន ៖សុំ​ចិត្ត​ប្រជាពលរដ្ឋ​ទុក​ឱកាស​ឲ្យ​រដ្ឋាភិបាល​អនុវត្ត​ច្បាប់​ចរាចរណ៍មួយ​រយៈ​សិន

ទន្ទឹម​ការ​រិះគន់​របស់​ប្រជាពលរដ្ឋ​ជុំវិញ​ការ​អនុវត្ត​ច្បាប់​ ចរាចរណ៍​ផ្លូវ​គោក​ថ្មី​មិន​ដល់មួយ​សប្ដាហ៍​ផង លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​សុំ​ចិត្ត​ប្រជាពលរដ្ឋ​ទុក​ឱកាស​ឲ្យ​រដ្ឋាភិបាល​អនុវត្ត​ច្បាប់​នេះ​ មួយ​រយៈ​សិន។ ជា​មួយ​គ្នា​ប្រមុខ​រដ្ឋាភិបាល​ក៏​បានស្នើ​ទៅ​លោក​ស្រី ហ៊ុន ស៊ីណាត ដែល​ជា​ប្អូន​ស្រី កុំ​មើល​ឃើញ​បញ្ហា​នៃ​ការ​ផាក​ពិន័យ​យក​ធ្វើជា​ឧបសគ្គ​ក្នុង​ការ​អនុវត្ត​ ច្បាប់​ចរាចរណ៍។

លោក ហ៊ុន សែន ក្នុងឱកាសសម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ផ្លូវ​ក្រោម​ដី​និង​ស្ពានអាកាស​តិច​ណូ​នៅ​ព្រឹក​ថ្ងៃ​ទី​០៥ មករា​នេះ ​
លោក ហ៊ុន សែន ក្នុងឱកាសសម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ផ្លូវ​ក្រោម​ដី​និង​ស្ពានអាកាស​តិច​ណូ​នៅ​ព្រឹក​ថ្ងៃ​ទី​០៥ មករា​នេះ ​ @siv channa
ផ្សាយពាណិជ្ជកម្ម

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រតិកម្ម​ជា​លើក​ដំបូង​បន្ទាប់​ពី​ច្បាប់​ចរាចរណ៍​ថ្មីត្រូវ​ដាក់​ឲ្យ​អនុវត្ត​មិន​ដល់​មួយ​សប្ដាហ៍​ផង រង​ការ​រិះ​គន់​ខ្លាំង​ពី​ប្រជាពលរដ្ឋ​និង​សូម្បី​តែប្អូន​ស្រី​បង្កើត​របស់​លោក។  ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ផ្លូវ​ក្រោម​ដី​និង​ស្ពានអាកាស​តិច​ណូ​នៅ​ព្រឹក​ថ្ងៃ​ទី​០៥ មករា​នេះ ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តាម​រយៈសន្ទរក​ថា​ដំបូង​នៅ​ឆ្នាំ​២០១៦នេះ ​គឺ​លោក​នឹង​គិត​ពិចារណា​លើ​សំណូម​ពរ​របស់​ប្រជាពលរដ្ឋ​ពាក់​ព័ន្ធ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ដើម្បី​ស្វែង​រក​ចំណុច​ខ្វះ​ខាត។ លោក ហ៊ុន សែន ឲ្យ​ដឹង​ថា ពលរដ្ឋ​ដែល​រិះ​គន់​មក​លើ​ច្បាប់​ចរាចរណ៍​ច្រើន​ជាង​គេ​គឺ​ជា​អ្នក​ទិញ​ម៉ូតូនិង​ឡាន​គ្មាន​ពន្ធ។

ទន្ទឹម​គ្នា​នេះ ប្រមុខ​រដ្ឋាភិបាល​ក៏​បាន​សម្ដែង​ការ​ហួស​ចិត្ត​នឹង​ការ​រិះ​គន់​របស់​លោក​ស្រី ហ៊ុន ស៊ីណាត ដែល​បាន​ចោទ​ជា​សំណួរ​មក​លើ​ច្បាប់ចរាចរណ៍​ថា ធ្វើ​ឡើង​ដើម្បីការពារ​ឬ​គាប​សង្កត់​ប្រជាជន។ លោក​ស្រី​ហ៊ុន ស៊ីណាត បាន​សរសេរ​ថា ប្រសិន​បើ​ចង់រិត​បន្តឹង​ច្បាប់ ដើម្បី​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍ គឺ​គួរ​តែ​ចាប់​ផ្តើម​ចេញ​ពី​សណ្តាប់ធ្នាប់​នៃ​ការ​បើក​បរ​និង​ការ​ចត​យាន​ជំនិះ គ្មាន​សណ្តាប់​ធ្នាប់​នៅ​តាម​ដង​វិថី​នានា មិនមែន​ចែង​ច្បាប់​ចេញ​មក​យក​ការ​ផាក​ពិន័យ​ជា​ប្រាក់​ច្រើន​បែប​នេះ​ឡើយ ។

លោក​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ពី​ចម្ងាយ​ទៅ​លោក​ស្រី ហ៊ុន ស៊ីណាត​ថា តម្លៃ​នៃច្បាប់​ចរាចរណ៍​គឺ​ការ​ពារ​ជីវិត​មនុស្ស។ ហើយ​ច្បាប់​នេះ​ក៏​គ្មាន​ហេតុ​ផល​ណា​សម្លាប់ប្រជាជន​ដែរ។ លោក​ក៏​បាន​ស្នើ​ឲ្យ​ប្អូន​ស្រី​កុំ​មើល​ឃើញ​បញ្ហា ឃាត់ ចាប់ ស្ទាក់ មក​រិះគន់​លើ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍។ ការ​រិះ​គន់​ទាំង​នេះ​លោក​នាយក​រដ្ឋមន្ត្រី​ចាត់​ទុក​ថាការ​ម៉ាក់​ងាយ​មក​លើ​រដ្ឋសភា​និង​រដ្ឋាភិបាល​មិន​ដឹង​ខ្យល់។

ជា​រួម​មក រដ្ឋាភិបាល​នៅ​តែ​បន្ត​អនុវត្ត​ច្បាប់​ចរាចរណ៍​ទោះ​មាន​ការ​ស្នើ​សុំ​ឲ្យ​ពន្យា​ពេលនិង​ការ​រិះគន់​ក៏​ដោយ។ សូមបញ្ជាក់ថា មកដល់ពេលនេះ គឺជា​ថ្ងៃទី៥ហើយ​នៃ​ការចាប់ផ្តើម​អនុវត្ត​ច្បាប់​ចរាចរណ៍​ថ្មី​របស់​នគរបាល​ ចរាច​រណ៍ ។ នៅក្នុង​រយៈពេល​បី​ថ្ងៃ ចាប់ពី​ថ្ងៃទី១ ដល់​ថ្ងៃទី៣ ខែមករា កន្លងទៅនេះ នគរបាល​ចរាចរណ៍​ផ្លូវគោក​បាន​រកឃើញ​យានយន្ត​ល្មើសច្បាប់​ចំនួន​ ជាង២ម៉ឺន៣ពាន់​គ្រឿង។

គួរ​ជម្រាប​ជូន​ថា ការ​លើក​ឡើង​បែប​រិះ​គន់​ខ្លាំងៗ​តាម​ប្រព័ន្ធ​ហ្វេស​ប៊ុក​ទៅ​លើ​ការ​អនុវត្តការ​រឹត​បណ្តឹង​ច្បាប់​ចរាចរណ៍​ពេល​ថ្មីៗ​នេះ​ទទួល​បាន​ការ​សាទរ​ជា​ច្រើន​ពី​ប្រជារដ្ឋ​ខ្មែរនឹង​មាន​ការផ្សព្វ​ផ្សាយ​ព្រោង​ព្រាត​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ផង​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ