អានតួអត្ថបទ
កម្ពុជា

ក្រសួង​ដែនដី​ចាប់​ផ្តើម​ស្វែង​រក​ដំណោះស្រាយ​ជម្លោះ​ដីធ្លី​ ដែល​អូស​បន្លាយ​ជាង​១០​ឆ្នាំ ស្ថិត​នៅ​ខេត្ត​កោះកុង

ដូចការ​គ្រោង​ទុក ក្រុម​ការងារ​ក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់ បាន​ចុះ​ទៅ​កាន់​ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​ទី​១៨​ ខែ​សីហា​ម្សិលមិញ​នេះ ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ។ ជម្លោះ​ដីធ្លី​ ដែល​បាន​អូស​បន្លាយ​អស់​រយៈ​ពេល​ជាង​១០​ឆ្នាំ​មក​ហើយ រវាង​ប្រជាពលរដ្ឋ​ ៧៣៨​គ្រួសារ និង​ក្រុមហ៊ុន​ស្ករ​អំពៅ​ចំនួន​ពីរ​នៅ​ខេត្ត​កោះកុង។ មន្រ្តី​សិទ្ធិ​មនុស្ស​ប្រចាំ​ខេត្ត​កោះកុង បាន​សាទរ​ចំពោះ​ជំហាន​ដ៏​វិជ្ជមាន​នេះ ប៉ុន្តែ​បាន​បង្ហាញ​ក្តី​សង្ឃឹម​តិច​តួច​នៅ​ឡើយ។

ប្រជាពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​ បាន​មក​ភ្នំពេញ​ធ្វើ​ការ​តវ៉ា ​នា​ពេល​កន្ល​ងមក។​
ប្រជាពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​ បាន​មក​ភ្នំពេញ​ធ្វើ​ការ​តវ៉ា ​នា​ពេល​កន្ល​ងមក។​ RFI
ផ្សាយពាណិជ្ជកម្ម

ដំណើរ​ចុះ​ទៅ​កាន់​ខេត្ត​កោះកុង​របស់​ក្រុមការងារ​ក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់ កាល​ពី​ថ្ងៃ​ទី​ ១៨ សីហា គឺ​ជា​ដំណាក់​កាល​ដំបូង​នៃ​ការ​ស្រង់​ព័ត៌មាន និង​ទិន្នន័យ នៃ​ជម្លោះ​ដីធ្លី​​នេះ​ប៉ុណ្ណោះ។ ចំណែក​ដំណោះ​ស្រាយ​ជាក់​ស្តែង នៅ​មិន​ទាន់​លេច​ចេញ​ជា​រូបរាង​នៅ​ឡើយ​ទេ។ ក៏​ប៉ុន្តែ លោក អ៊ីន គង់ចិត្រ មន្រ្តី​ស៊ើប​អង្កេត​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ប្រចាំខេត្ត​កោះកុង និង​តំណាង​ប្រជាពលរដ្ឋ អ្នក​ស្រី ផាវ ញើង បាន​ចាត់​ទុកថា គឺ​ជា​ដំណើរ​វិជ្ជមាន​មួយ ដែល​ឈាន​ទៅ​រក​ដំណោះស្រាយ​លើ​ជម្លោះ​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ ៧៣៨​គ្រួសារ ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ Koh Kong Sugar និង Koh Kong Plantation ដែល​បាន​អូស​បន្លាយ​អស់​រយៈពេល​១០​ឆ្នាំ​មក​ហើយ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ខេត្ត​កោះកុង​បាន​ឲ្យ​ដឹង​ថា ក្រុម​ការងារ​ក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់ ដឹកនាំ​ដោយ​លោក ទេព ធន រដ្ឋលេខាធិការ​និង​ជា​ប្រធាន​ក្រុម​ការងារ​ដោះស្រាយ​វិវាទ​ដីធ្លី បាន​ចាប់​ផ្តើម​ស្រង់​ព័ត៌មាន និង​ទិន្នន័យ របស់​ប្រជាពលរដ្ឋ​តាំង​ពី​ថ្ងៃ​ទី​១៨​ខែ​សីហា នឹង​បន្ត​ធ្វើ​នៅ​ថ្ងៃ​នេះ​ទៀត មុន​ពេល​ក្រុម​ការងារ​នេះ ទៅ​ជួប​ជាមួយ​ភាគី​ក្រុមហ៊ុន និង​អាជ្ញាធរ​ដែន​ដី។

គួរ​រំលឹក​ជូន​ថា ដំណើរ​ចុះ​ទៅ​កាន់​ខេត្ត​កោះកុង​របស់​ក្រុម​ការងារ​ក្រសួង​ដែនដី​នៅ​ពេល​នេះ គឺ​ឆ្លើយ​តប​ទៅ​នឹង​ការ​សន្យា​ស្វែង​រក​ដំណោះ​ស្រាយ​ជូន​ប្រជាពលរដ្ឋ បន្ទាប់​ពី​ប្រជាពលរដ្ឋ​១៤៧​គ្រួសារ បាន​ឡើង​មក​តវ៉ា​នៅ​ទីក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៤ សីហា។ កាលណោះ​ តំណាង​ពលរដ្ឋ​សហគមន៍​មាន​ទំនាស់​ដីធ្លី ក្នុង​ស្រុកស្រែ​អំបិល និង​ស្រុក​បុទុមសាគរ​ចំនួន ១៤៧ គ្រួសារ បាន​ដាក់​ញត្តិ​ទៅ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់, សហភាពអឺរ៉ុប, រដ្ឋសភា និង​ក្រសួង​កសិកម្ម​ផង ដើម្បី​ទាមទារ​កាត់​ដី​ចំនួន ៧៨២.១៦ ហិកតា ពីក្រុមហ៊ុន Koh Kong Sugar និង Koh Kong Plantation ជូន​ប្រជាពលរដ្ឋ​ ដែល​ធ្លាប់​ប្រើ​ប្រាស់​ជាក់​ស្តែង​នោះ​វិញ។

សូម​បញ្ជាក់​ថា ជម្លោះ​ដីធ្លី​របស់​ប្រជាពលរដ្ឋ​១៤៧​គ្រួសារ គឺ​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ ៧៣៨​គ្រួសារ មក​ពី​ស្រុក​ស្រែ​អំបិល និង​ស្រុក​បុទុមសាគរ​នៃ​ខេត្ត​កោះកុង បាន​កើត​ឡើង​តាំង​ពី​ខែ​សីហា​ឆ្នាំ​២០០៦​មក ពោលគឺ​បន្ទាប់​ពី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ បាន​សម្រេច​ប្រគល់​ដី​សម្បទាន​សេដ្ឋកិច្ច​ជាង​៧០០​ហិចតា​ទៅ​ឲ្យ​ក្រុមហ៊ុន​ស្ករ​អំពៅ​របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ មុន​ពេល​លោក​ផ្ទេរ​សិទ្ធ​ទៅ​ឲ្យ​ក្រុមហ៊ុន​ស្ករ​អំពៅ​មក​ពី​ប្រទេស​ថៃ​នៅ​ឆ្នាំ​២០០៩។ ជាង​១០​ឆ្នាំ​មក​នេះ ប្រជាពលរដ្ឋ​ក្នុង​ស្រុក​ទាំង​ពីរ​នៃ​ខេត្ត​កោះកុង បាន​ប្រឈម​នឹង​ការ​ចាប់​ខ្លួន និង​ការ​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ នៅ​ក្នុង​សកម្មភាព​តវ៉ា​ដើម្បី​ស្វែង​រក​ដំណោះស្រាយ​នេះ។

សូម​បញ្ជាក់​ដែរ​ថា បន្ទាប់​ពី​ស្រង់​ព័ត៌មាន និង​ទិន្នន័យ​របស់​ប្រជាពលរដ្ឋ​ចប់ ក្រុម​ការងារ​នេះ ​នឹង​រាយការណ៍​ទៅ​កាន់​រដ្ឋ​មន្រ្តី​ក្រសួង​រៀបចំ​ដែនដី លោក ជា សុផារា ដើម្បី​ចេញ​សេចក្តី​សម្រេច​មួយ​ឈាន​ទៅ​បញ្ចប់​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​មួយ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ