អានតួអត្ថបទ
កម្ពុជា

សាលា​ក្រុង​ភ្នំពេញ សិក្សា​ពី​លទ្ធភាព​សាងសង់​ស្ពាន​អាកាស​ក្បាល​ថ្នល់​បន្ថែម

គម្រោង​សាង​សង់​ស្ពាន​អាកាស​និង​ផ្លូវ​ក្រោម​ដី​ក្បាល​ថ្នល់ បន្ថែម​លើ​គម្រោង​ដែល​មាន​ស្រាប់ ត្រូវ​បាន​សាលារាជធានី​ភ្នំពេញ​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​កាល ​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​។ គម្រោង​សាងសង់​ស្ពាន​អាកាស​ក្បាល​ថ្នល់​បន្ថែម​នេះ ត្រូវ​បាន​មន្ដ្រី​សាលា​រាជធានី​ភ្នំពេញ​អះអាង​ថា នឹង​អាច​ជួយ​សម្រួល​ទិស​ដៅ​ចរាចរណ៍​នៅ​តំបន់​ក្បាល​ថ្នល់ ឲ្យ​កាន់​តែ​រលូន​ជាង​មុន​​។ ប៉ុន្តែ​​យ៉ាង​ណា​ក៏​ដោយ គម្រោង​នេះនៅ​មិន​ទាន់​សម្រេច​សាងសង់​នៅ​ឡើយ​ទេ ព្រោះ​​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​សិក្សា​នៅ​ឡើយ​​​។   

គម្រោង​សាង​សង់​ស្ពាន​អាកាស​ក្បាល​ថ្នល់​បន្ថែម របស់​សាលា​រាជធានី​ភ្នំពេញ
គម្រោង​សាង​សង់​ស្ពាន​អាកាស​ក្បាល​ថ្នល់​បន្ថែម របស់​សាលា​រាជធានី​ភ្នំពេញ រូប​ភាព​ពី​បណ្ដាញ​សង្គម​សាលា​រាជធានី​ភ្នំពេញ
ផ្សាយពាណិជ្ជកម្ម

សាលា​ក្រុង​ភ្នំពេញ កំពុង​តែ​សិក្សា​ពី​លទ្ធភាព​សាងសង់​ស្ពាន​អាកាស​ក្បាល​ថ្នល់​បន្ថែម​។ គម្រោង​បន្ថែម​នេះ រួម​​មាន​ស្ពានបត់​ឆ្វេង​កោង​ឯកទិស​ចំនួន​ពីរ ​បែក​ចេញ​ពី​តួ​ស្ពាន​អាកាស​ក្បាល​ថ្នល់​សព្វ​ថ្ងៃ​ និង​ផ្លូវ​ក្រោម​ដី​ចំនួន​ពីរ​ទៀត​​។

 

លោក ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ ​បាន​គូស​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ​នៅ​ថ្ងៃ​ទី​០៦​កក្កដា​នេះ​ថា គម្រោង​បន្ថែម​ថ្មី​លើ​ស្ពាន​អាកាស​ក្បាល​ថ្នល់ នឹង​ត្រូវ​ធ្វើ​ឡើង​ដើម្បី​សម្រួល​​ការ​ធ្វើ​ចរាចរណ៍បត់​ឆ្វេង​​នៅ​ក្បាល​ថ្នល់​​។ សព្វ​ថ្ងៃ​នេះ បើ​តាម​ស្ថានភាព​ជាក់​ស្ដែង ការ​​ធ្វើ​ដំណើរ​​ពី​មហាវិថី​ព្រះ​នរោត្តម​​​បត់​ឆ្វេង​ទៅ​កាន់​ស្ពានច្បារ​អំពៅ​មាន​ភាព​ពិបាក ការ​ធ្វើ​ដំណើរ​ពី​ចាក់​អង្រែ​បត់​ឆ្វេង​ទៅ​កាន់​មហាវិថី​ព្រះ​មុនីវង្ស​ក៏​ពិបាក ហើយ​ការ​ធ្វើ​ដំណើរ​ពី​មហាវិថី​ព្រះ​មុនីវង្ស​បត់​ឆ្វេង​ទៅ​កាន់​មហាវិថី​ព្រះ​នរោត្តម​វិញ​ក៏​ពិបាក​។ យល់​ពី​ស្ថានភាព​ពិបាក​អស់​ទាំង​នេះហើយ ទើប​​សាលារាជធានី​ភ្នំពេញ​ បាន​សម្រេច​សិក្សា​ពី​ប្រព័ន្ធ​បត់​ឆ្វេង​នេះ​ឡើង​វិញ​ ដោយ​សហការ​ជាមួយ​ក្រសួង​សាធារណៈការ​និង​ដឹក​ជញ្ជូន។

គម្រោង​សាង​សង់​ស្ពាន​អាកាស​និង​ផ្លូវ​ក្រោម​ដី​ក្បាល​ថ្នល់ បន្ថែម​លើ​គម្រោង​ដែល​មាន​ស្រាប់ ត្រូវ​បាន​សាលារាជធានី​ភ្នំពេញ​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​។ ប៉ុន្តែ​ សាលារាជធានី​ភ្នំពេញ​មិន​ទាន់​កំណត់​ថា នឹង​ត្រូវ​សាងសង់​គម្រោង​នេះនៅ​ពេល​ណា​ច្បាស់​លាស់​នៅ​ឡើយ​ទេ ដោយ​ចាំ​បាច់​ត្រូវ​​សិក្សា​ឲ្យ​បានល្អិត​ល្អន់​ជា​មុន​សិន​​​​។

យ៉ាង​ណា​ក៏​ដោយ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​បង្ហាញ​សុទិដ្ឋិនិយម​ចំពោះ​គម្រោង​បន្ថែម​ថ្មី​នេះ​។ លោក​ថា ប្រសិន​បើ​ត្រូវ​បាន​សាង​សង់​ដោយ​ជោគជ័យ គម្រោង​សាងសង់​​បន្ថែម​ស្ពាន​អាកាស​និង​ផ្លូវ​ក្រោម​ដី​ក្បាល​ថ្នល់ នឹង​អាច​ជួយ​សម្រួល​ទិស​ដៅ​ចរាចរណ៍​នៅ​តំបន់នេះ​ ឲ្យ​កាន់​តែល្អ​ប្រសើរ​​ជាង​សព្វ​ថ្ងៃ​ទៅ​ទៀត​៕

 

 

 

 
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ