អានតួអត្ថបទ
កម្ពុជា-សង្គម

​ក្រសួង​កសិកម្ម​កំណត់​ខេត្ត​រតនគិរី ដើម្បី​កម្ចាត់​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​

ជំងឺប៉េស្តជ្រូកអាហ្វ្រិក បាន​ផ្ទុះឡើងជាលើកដំបូង​នៅកម្ពុជា ក្នុង​ខេត្ត​រតនគិរី! ដើម្បីឆ្លើយ​តប​ទៅនឹង​កង្វល់នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញប្រកាស​ ៧ប្រការ ដោយ​កំណត់តំបន់​ផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក​ ១កន្លែង ស្ថិតនៅភូមិ​សោមកានិញ ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្ត​រតនគិរី ដើម្បីចាត់​វិធានការ ជាមួយអាជ្ញាធរខេត្ត។ ការចាត់​វិធានការ​នោះ គឺជាការផ្អាក​ជាបណ្តោះអាសន្ន រាល់​សកម្ម​ភាព ចិញ្ចឹម ទិញ លក់ និ​ងដឹកជញ្ជូន​សត្វ សាច់ និង​ផលិតផល​មានដើម​កំណើរពីជ្រូក រហូត​ដល់​ប្រកាស​​រំសាយ។ 

សត្វជ្រូក​នៅក្នុង​កសិដ្ឋាន​មួយ​របស់​ប្រជា​ជន​កម្ពុជា​។
សត្វជ្រូក​នៅក្នុង​កសិដ្ឋាន​មួយ​របស់​ប្រជា​ជន​កម្ពុជា​។ @RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ប្រកាស​របស់​ក្រសួងកសិកម្ម បាន​តម្រូវឲ្យ​អគ្គនាយក​ដ្ឋាន​សុខភាពសត្វ និង​ផលិតកម្ម​សត្វ ត្រូវចាត់វិធានាការ​បសុ​ព្យាបាល​ជាបន្ទាន់​ នៅតំបន់ផ្ទុះជំងឺ​ប៉េស្តជ្រូក​អាហ្វ្រិក និង​ត្រូវ​អនុលោម​តាមមាត្រា ១៤ នៃច្បាប់​ស្តីពីសុខភាពសត្វ និង​ផលិតកម្ម​សត្វ។

មាត្រា ១៤ ដែលអនុញ្ញាតឲ្យ បំផ្លាញចោល​ចំពោះសត្វជ្រូកគ្រប់ប្រភេទ ក្នុងតំបន់​ផ្ទុះជំងឺទៅតាមវិធានការ​បសុព្យាបាល។ ត្រូវផ្អាក​លើការទិញ លក់ និង​ការ​ដឹកជញ្ជូន​សត្វ​ជ្រូក សាច់ជ្រូក និង​ផលិតផល​មានដើម​កំណើតពីសត្វជ្រូកគ្រប់ប្រភេទ​ចូល ចេញ ឬ ឆ្លងកាត់​ក្នុងរង្វង់ ៣គីឡូម៉ែត្រ ពីចំណុចផ្ចិត​នៃតំបន់​ផ្ទុះជំងឺ និង​ដាក់​តំបន់​នេះ ជាតំបន់​ត្រួតពិនិត្យ និ​ងតាមដាន។ ក្នុងនោះ ក៏តម្រូវឲ្យ​មានការ​សិក្សា ស្រាវជ្រាវ​ប្រភព​ជំងឺប៉េស្តជ្រូក​អាហ្វ្រិក និង​ត្រួតពិនិត្យ​ឃ្លាំមើល​ចលនា​សត្វជ្រូក សាច់ជ្រូក និង​ផលិតផល​មានដើម​កំណើត​ពីសត្វជ្រូកជាប្រចាំ ក្នុងរង្វង់កាំប្រវែង ១០គីឡូម៉ែត្រ ពីចំណុចផ្ចិត​នៃតំបន់ផ្ទុះជំងឺ។

ការ​កំណត់​របស់​ក្រសួងកសិកម្ម​នេះ នឹង​ត្រូវ​ធ្វើឡើង​រហូត​ទាល់​តែមានប្រកាសថ្មី រំសាយ​តំបន់​ជំងឺប៉េស្ត​ជ្រូកអាហ្វ្រិកនេះ។ ដូច្នេះ មានន័យ​ថា នៅក្នុង​រយៈពេលនេះ ភូមិ​សោម​កានិញ ឃុំសោម​ធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ត្រូវតែផ្អាក​រាល់​ការ​ធ្វើ​សកម្ម​ប៉ះពាល់​នឹង​សត្វជ្រូកទាំងអស់។

សូម​រម្លឹកជូនថា បន្ទាប់​ពីមានសត្វជ្រូក​ប្រហែល ៤០០ក្បាល បានងាប់​កាលពីថ្ងៃទី ២២ខែមីនា នៅតំបន់​កំណត់​ផ្ទុះជំងឺប៉េស្តជ្រូកនេះ វិទ្យាស្ថាន​ស្រាវជ្រាវ​សុខភាព​សត្វ និង​ផលិតកម្ម​សត្វនៃអគ្គនាយកដ្ឋាន​សុខភាពសត្វ និង​ផលិតកម្ម​សត្វ បាន​ពិនិត្យ និងបង្ហាញ​លទ្ធផល​វិភាគ កាលពីថ្ងៃទី ២៩ខែមីនា ដោយអះអាងថា បាន​​រកឃើញវត្តមាន​មេរោគជំងឺប៉េស្តជ្រូក​អាហ្វ្រិក​ ពីវត្ថុវិភាគឈាមជ្រូក​ចំនួន ៥ របស់​កសិករ​ចិញ្ចឹម​ជ្រូក​ពូជកណ្តុរ​ជាលក្ខណៈព្រលែង​ ក្នុង​តំបន់​ផ្ទុះជំងឺនេះ។

ទោះបីជា​ជំងឺប៉េស្តជ្រូក​អាហ្វ្រិកនេះ មិន​ឆ្លង​ និងប៉ះពាល់​ដល់​មនុស្ស ប៉ុន្តែ​ជំងឺនេះ បណ្តាល​ឲ្យ​ជ្រូកឈឺ និងងាប់​មានអត្រាខ្ពស់ រហូត ១០០ភាគរយ​ ដែល​បង្ករការខាតបង់​ធ្ងន់ធ្ងរ​ ដល់​អ្នក​ចិញ្ចឹម​ជ្រូក​។ សមាគម​អ្នក​ចិញ្ចឹម​សត្វកម្ពុជា បាន​ទម្លាក់កំហុស​ថា ការ​ឆ្លងជំងឺនេះ ​មក​កម្ពុជា គឺ​ដោយ​សារតែ​​ការ​លួច​នាំ​ជ្រូក​ចូល​ពី​វៀតណាម​។​ ប្រទេសវៀតណាម ដែល​ឆ្លង​ជំងឺនេះ ពីប្រទេសចិន កាលពីខែកុម្ភៈកន្លងទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ