អគ្គស្នងការនគរបាលជាតិបញ្ជូនក្រុមការងារមួយក្រុម ពីភ្នំពេញទៅជួយពង្រឹងសន្តិសុខនៅខេត្តព្រះសីហនុ
អគ្គស្នងការនគរបាលជាតិ កាលពីចុងខែសីហា បានបញ្ជូនក្រុមការងារពីភ្នំពេញ ចុះទៅពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ នៅខេត្តព្រះសីហនុ។ ខេត្តព្រះសីហនុរបស់ខ្មែរ ដែលត្រូវបានគេមើលឃើញជាទូទៅថា បានក្លាយជាទីកន្លែងប្រមូលផ្ដុំ ដោយការវិនិយោគរបស់ជនជាតិចិន ខណៈដែលបញ្ហាអសន្តិសុខសង្គមមួយចំនួនបង្កឡើង ដោយជនជាតិចិន ក៏បានកើតឡើងទន្ទឹមគ្នាដែរ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:១៤
ក្រុមការងារ ដែលមានសមាសភាពចំនួន១១នាក់ ត្រូវបានបង្កើតឡើងតាមរយៈលិខិតបង្គាប់ការ របស់អគ្គស្នងការនគរបាលជាតិចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ តែទើបត្រូវបានចេញផ្សាយជាសាធារណៈនៅថ្ងៃទី៥ខែកញ្ញា ម្សិលមិញ។ ក្រុមការងារថ្មីនេះមានភារកិច្ចពិនិត្យវាយតម្លៃសភាពការណ៍សន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៅក្នុងខេត្តព្រះសីហនុ។
បើទោះបីជាលិខិតបង្គាប់ការ របស់អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ត្រឹមថា ក្រុមការងារថ្មីនេះ ត្រូវពង្រឹង សន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៅក្នុងខេត្តព្រះសីហនុក៏ដោយ តែអ្វីជាការកត់សម្គាល់ក្រុមការងារថ្មីនេះ បង្កើតឡើងជួនចំពេលបញ្ហាអសន្តិសុខ និងសោភ័ណភាព នៅក្នុងខេត្តព្រះសីហនុ មួយរយៈពេលចុងក្រោយនេះ បានទទួលរងនូវការរិះគន់ពីសាធារណជនយ៉ាងខ្លាំង។ ហើយភាគច្រើននៃបញ្ហាសុទ្ធតែបង្កឡើងដោយជនជាតិចិន។ តួយ៉ាងដូចជា ករណីចែកខិត្តបណ្ណនៃអាជីវកម្មផ្លូវភេទ ករណីប្លន់ ជួញដូរគ្រឿងញៀន រួមនឹងបទល្មើសផ្សេងៗទៀតជាដើម។
លោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមយល់ថា ការបង្កើតក្រុមការងារថ្មីនេះ ហាក់ដូចជាបង្ហាញថា រដ្ឋាភិបាលខ្មែរ មិនបានដាក់វិធានការណ៍ទប់ស្កាត់ជាមុន ចំពោះបទល្មើស ដែលបង្កឡើងដោយជនជាតិមួយចំនួន។ តាមរយៈក្រុមការងារថ្មីនេះ បង្ហាញថាអាជ្ញាធររដ្ឋាភិបាលបានដើរថយក្រោយមួយជំហាន ពោលគឺបណ្ដោយក្រុមជនជាតិចិន ដើរទៅមុខមួយជំហាន ដែលធ្វើឲ្យពួកគេបង្កបទល្មើសនានាកាលពីកន្លងមក។ នេះបើតាម លោក សន ជ័យ។
ប៉ុន្តែយ៉ាងណាក៏ដោយ កន្លងមក លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ធ្លាប់អះអាងថា ករណីបទល្មើស ដែលបង្កឡើងដោយជនជាតិចិននោះ មិនបានបង្កជាការលំបាកដល់សមត្ថកិច្ច ក្នុងការគ្រប់គ្រងនោះទេ។ មិនពិបាកក៏ព្រោះថា ប្រទេសកម្ពុជាមានច្បាប់ ហើយសមត្ថកិច្ចបានរៀបចំផែនការត្រឹមត្រូវ និងអាចគ្រប់គ្រងសភាពការណ៍ទាំងនោះបាន។
សូមបញ្ជាក់ថា ស្របពេលដែលអគ្គស្នងការនគរបាលជាតិ បញ្ជូនក្រុមការងារទៅគ្រប់គ្រងសភាពការណ៍សន្តិសុខ ក្នុងខេត្តព្រះសីហនុ មន្ត្រីនៃក្រសួងសន្តិសុខចិន លោក ហូ ប៊ីនជិន (Hu Binchen) ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ក៏បានឆ្លៀតឱកាសទៅទស្សនកិច្ចនៅខេត្តព្រះសីហនុដោយផ្ទាល់ ដើម្បីជួបថ្នាក់ដឹកនាំខេត្ត និងជជែកអំពីការបន្តពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈផងដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ