អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

កម្ដៅ​នយោបាយ និង​យុទ្ធសាស្ត្រ​​ចាប់​ដៃ​ជាន់​ជើង

ចុះផ្សាយ​នៅ​ថ្ងៃ៖

ដំណើរ​មាតុភូមិ​និវត្ត​របស់​លោក សម រង្ស៊ី កាល​ពី​ម្សិលមិញ ត្រូវ​បាន​គេ​រំពឹង​ថា អាចជា​គន្លឹះ​ឈាន​ទៅ​​ដោះ​ស្រាយ​បញ្ហា​នយោបាយ​​នៅ​កម្ពុជា ដែល​កំពុង​តែ​ឡើង​កម្ដៅ​យ៉ាង​ខ្លាំង នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ​។ យ៉ាង​ណា​ក៏​ដោយ ក្ដី​សង្ឃឹមនេះ ​កើត​ឡើង​ទន្ទឹម​នឹង​ភាព​អស់​សង្ឃឹម។ អស់​សង្ឃឹម​ព្រោះ​ដំណោះ​ស្រាយ​នយោបាយ​គ្រា​នេះ ប្រហែល​ជា​មិន​អាច​ធានា​ឲ្យ​បាន​យូរ​អង្វែង​ទេ ប្រសិន​បើ​បក្ស​ប្រជាជន​និង​សង្គ្រោះ​ជាតិ នៅ​តែ​ប្រកាន់​យក​​នយោបាយ​ចាប់​ដៃ​ជាន់​ជើង​ដូច​សព្វ​ថ្ងៃ​​។

លោក​ហ៊ុន សែន​ និង​លោកសម រង្ស៊ី​ ​ក្នុង​កិច្ច​ប្រជុំ​លើ​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ថ្មី​ នៅ​​រដ្ឋសភាជាតិ​នា​​ព្រឹក​​ថ្ងៃ​ទី០៩ ខែមេសានេះ។។
លោក​ហ៊ុន សែន​ និង​លោកសម រង្ស៊ី​ ​ក្នុង​កិច្ច​ប្រជុំ​លើ​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ថ្មី​ នៅ​​រដ្ឋសភាជាតិ​នា​​ព្រឹក​​ថ្ងៃ​ទី០៩ ខែមេសានេះ។។ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

វិបត្តិ​នយោបាយ​នៅ​កម្ពុជា មាន​ភាព​ស្មុគស្មាញ​និង​ធ្ងន់ធ្ងរ​ណាស់​ នៅ​អាណត្តិ​ទី​៥​នេះ​។ កម្ដៅ​នយោបាយ​បាន​កើន​ឡើង​យ៉ាង​ខ្លាំង ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣​ និង​បន្ត​រហូត​ដល់​ពាក់​កណ្ដាល​ឆ្នាំ​២០១៤​។ បក្ស​ប្រឆាំង​មិន​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត ហើយ​ចោទ​បក្ស​កាន់​អំណាច​ថា លួច​បន្លំ​សន្លឹក​ឆ្នោត​។ បាតុកម្ម​តវ៉ា​ជំទាស់​កើត​ឡើង​ជា​បន្ត​បន្ទាប់ ជំរុញ​ឲ្យ​មាន​ការ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​នៅ​ការិយាល័យ​បោះ​ឆ្នោត​មួយ​ចំនួន​។

វិបត្តិ​នយោបាយ​បាន​កើន​កម្ដៅ​ដល់​កម្រិត​កំពូល នៅ​ពេល​បក្ស​កាន់​អំណាច​ប្រើ​កម្លាំង បង្ខំ​ឲ្យ​បក្ស​ប្រឆាំង​បញ្ចប់​ការ​តវ៉ា​តាម​ដង​ផ្លូវ​។ ប៉ុន្តែ​ការ​តវ៉ា​តាម​ដង​ផ្លូវ​របស់​បក្ស​សង្គ្រោះ​ជាតិ​មិន​បាន​បញ្ចប់​ទាំង​ស្រុង​ទេ គឺ​រហូត​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ជា​ថ្មី​ទៀត នៅ​ថ្ងៃ​ទី​១៥​កក្កដា ឆ្នាំ​២០១៤ ក្នុង​យុទ្ធនាការ​រំដោះ​ទីលាន​ប្រជាធិបតេយ្យ​។ យុទ្ធនាការ​កាល​ណោះ បាន​ផ្ដល់​ឱកាស​ឲ្យរដ្ឋាភិបាល​នៃ​បក្ស​ប្រជាជន ចាប់​ខ្លួន​តំណាង​រាស្ត្រ​និង​សកម្មជន​បក្ស​ប្រឆាំង​ដាក់​ពន្ធនាគារ​ថែម​ទៀត​ផង​។

​ដោយ​សារ​ព្រឹត្តិការណ៍​នេះ បក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​បាន​ជួប​ចរចា​គ្នា ហើយ​សម្រេច​ព្រម​ព្រៀង​គ្នា​បញ្ចប់​ភាព​ជាប់​គាំង​ខាង​នយោបាយ នៅ​ថ្ងៃ​ទី​២២​កក្កដា​ឆ្នាំ​២០១៤​។ តាំង​ពី​ថ្ងៃ​ទី​២២​កក្កដា​នោះ​មក កម្ដៅ​នយោបាយ​បាន​ធ្លាក់​ចុះ​វិញ​បន្តិច នៅ​ពេល​តំណាង​រាស្ត្រ​និង​សកម្មជន​បក្ស​ប្រឆាំង ត្រូវ​បាន​ដោះ​លែង​។

ចុង​ក្រោយ​នេះ ការ​ចាប់​ខ្លួន​សកម្មជន​និង​សមាជិក​ព្រឹទ្ធសភា​ពី​បក្ស​ជំទាស់ ព្រម​ទាំង​បញ្ហា​ចម្រូង​ចម្រាស់​រឿង​ព្រំដែន បាន​ធ្វើ​ឲ្យ​វិបត្តិ​នយោបាយ​ពុះ​កញ្ជ្រោល​ជា​ថ្មី​។ រហូត​មក​ទល់​ពេល​នេះ មិន​ទាន់​មាន​ទេ ដំណោះ​ស្រាយ​។ ប៉ុន្តែ​បក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​ថា ​ប្រើ​ប្រាស់​នយោបាយ​ចាប់​ដៃ​ជាន់​ជើង​។ នយោបាយ​ចាប់​ដៃ​ជាន់​ជើង ដែល​បាន​​ធ្វើ​ឲ្យ​រាត្រី​ទឹក​ឃ្មុំ​របស់​បក្ស​ទាំង​ពីរ ប្រែ​ជា​រាត្រី​ទឹក​ខ្មេះ​។

ដំបូង​និយាយ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​។ ថ្មី​ៗ​នេះ ប្រធាន​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​បង្ហើប​ពី​ការ​សង្ស័យ​របស់​ខ្លួន​ចំពោះ​ភាព​ស្មោះ​ត្រង់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។ ការ​សង្ស័យ​នេះ កើត​ឡើង​ព្រោះ​តែ​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង អុក​ឡុក​រដ្ឋាភិបាល​បក្ស​កាន់​អំណាច​យ៉ាង​ខ្លាំង​ក្នុង​រឿង​ព្រំដែន ជា​ពិសេស​គឺ​បដិសេធ​ដាច់​ណាត់​ការ​ធ្វើ​វិសោធនកម្ម​មាត្រា​២​នៃ​រដ្ឋធម្មនុញ្ញ ខណៈ​ដែល​ប្រមុខ​បក្ស​ប្រឆាំង មាន​ជំហ​ផ្ទុយ​ពី​តំណាង​រាស្ត្រ​របស់​ខ្លួន​។ បើ​តាម​លោក​នាយក​រដ្ឋ​មន្ដ្រី លោក សម រង្ស៊ី បាន​ផ្ញើ​សារ​មក​រូប​លោក ក្នុង​ន័យ​ស្នើ​ឲ្យ​ពិនិត្យ​លទ្ធភាព​នៃ​ការ​ធ្វើ​វិសោធនកម្ម​មាត្រា​២ នៃ​រដ្ឋធម្មនុញ្ញ​។ លោក​នាយក​រដ្ឋ​មន្ដ្រី​ថា វា​ជា​ការ​សង្ស័យ​ណាស់ រឿង​ចាប់​ដៃ​ជាន់​ជើង​នោះ​។

និយាយ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​។ សង្គ្រោះ​ជាតិ រង​គ្រោះ​ដោយ​នយោបាយ​ចាប់​ដៃ​ជាន់​ជើង ឬ​នយោបាយ​លាក់​កាំបិត​ស្នៀត​ពី​ក្រោយ​ខ្នង​របស់​បក្ស​កាន់​អំណាច​ជា​ថ្មី​ម្ដង​ទៀត នៅ​ពេល​មាន​ការ​ចាប់​ខ្លួន​សកម្មជន​របស់​ខ្លួន និង​សមាជិក​ព្រឹទ្ធសភា​ពី​គណបក្ស​សម​រង្ស៊ី​។ ថ្វី​ត្បិត​តែ​បក្ស​កាន់​អំណាច​អះអាង​ថា ការ​ចាប់​ខ្លួន​នេះធ្វើ​ឡើង​តាម​នីតិវិធី​តុលាការ​ក៏​ដោយ ប៉ុន្តែ​បើ​ផ្អែក​តាម​បទ​ពិសោធ​កន្លង​មក បញ្ហា​ដូច្នេះ អាច​នឹង​​បញ្ចប់​ដោយវប្បធម៌​សន្ទនា ព្រម​ទាំង​​​កិច្ច​ព្រម​ព្រៀង​នយោបាយ ដែល​ផ្ដល់​ប្រយោជន៍​ឲ្យ​បក្ស​កាន់​អំណាច ជាង​បក្ស​ប្រឆាំង​។

ជា​ការ​ពិត ថ្វីត្បិតតែវប្បធម៌សន្ទនាហាក់ដូចជារីកចម្រើនទៅមុខបន្តិចក្ដី ក៏ប៉ុន្តែនយោបាយ​ចាប់​ដៃ​ជាន់​ជើង​នៅ​តែ​​កើត​ឡើង​ជា​បន្ត​បន្ទាប់ ដូច​ទឹក​រលក​។ កន្លងមក នៅ​ក្នុង​អំឡុង​ពេល​ចរចា ជំនួប​ប្រជុំ​រវាង​អ្នក​នយោបាយ ​កើត​ឡើង​ទន្ទឹម​នឹង​ការ​គម្រាម​ចាប់​ដាក់​គុក។​

សកម្មភាពអស់ទាំងនេះសរ​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ពី​នយោបាយ​ចាប់​ដៃ​ជាន់​ជើង ដែល​កើត​ចេញ​ពី​ការ​មិន​ទុក​ចិត្ត​គ្នា​រវាង​អ្នក​នយោបាយ​។ ទម្លាប់​នេះ ​បើ​នៅ​តែ​បន្ត​ទៅ​មុខ​ទៀត វា​អាច​​ធ្វើឲ្យ​ជាតិ​ប្រេះ​ឆា មិន​អាច​ចូល​គ្នា​ចុះ​ដូច​ទឹក​និង​ប្រេង​។

ជំងឺ​មិន​ទុក​ចិត្ត មិន​មែន​ថា​មិន​អាច​ព្យាបាល​បាន​ទេ ប៉ុន្តែ​វា​ត្រូវ​ការ​ការ​ស្ម័គ្រ​ចិត្ត​ពី​អ្នក​ជំងឺ​ខ្លួន​ឯង​។ ​នយោបាយ​ចាប់​ដៃ​ជាន់​ជើង ក៏​ដូច​គ្នា​ដែរ​។ ដើម្បី​ឈាន​ទៅ​ព្យាបាល​ទម្លាប់​នយោបាយ​ដ៏​ចាស់​គំរិល​នេះ អ្នក​នយោបាយ​ត្រូវ​តែ​ពង្រឹង​ទំនុក​ចិត្ត តាម​រយៈ​កា​រពង្រីក​វប្បធម៌​នយោបាយ​​ស្មោះ​ត្រង់ និង​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​។ ព្រោះបើគ្មានភាព​ស្មោះ​ត្រង់ និង​ការ​ទុកចិត្តទេ វិបត្តិ​នយោបាយ​នៅ​តែ​កើត​ឡើង​ជា​ដរាប​ គ្មាន​ឡើយ​ដំណោះ​ស្រាយ​នយោបាយ​​ដាច់​ស្រេច​និង​យូរ​អង្វែង​។ ជាការពិត ការងារ​នេះជារឿងពិបាក ប៉ុន្តែ​មិន​មែន​មិន​អាច​ទៅ​រួចសោះនោះទេ។ វាគ្រាន់តែត្រូវការពេលវេលា និងកិច្ចខិតខំប្រឹងប្រែងច្រើនតែប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ