អានតួអត្ថបទ

អ្នកនយោបាយចាប់អារម្មណ៍ផ្តល់អំណោយឱ្យបេក្ខជនណាដែលប្រលងជាប់បាក់ឌុប

ឆ្នាំនេះ បេក្ខជន​ដែល​ត្រូវ​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៅ​តំបន់​ខ្លះ អាច​ធូរ​សោហ៊ុយ​ថ្លៃ​ធ្វើដំណើរ ដោយសារ​តែមាន​សប្បុរ​សជន​ជា​អ្នកនយោបាយ យក​ចិត្ត​ទុក​ដាក់​រំលែក​​បន្ទុក​របស់​ពួកគេ។ បេក្ខជន​ណា​ដែល​ប្រឡង​ជាប់​សញ្ញាបត្រ​អាច​ទទួលបាន​ប្រាក់​ផង ហើយ​អ្នក​បាន​និទ្ទេស​ល្អ​អាច​បាន​ទោចក្រយានយន្ត​ថ្មី​មួយគ្រឿង​ផង។  

បេក្ខជន​ប្រលង​សញ្ញា​បត្រ​បាក់ឌុប កំពុង​ពិនិត្យ​មើល​លទ្ធផល​របស់​ខ្លួន​ កាលពី​ថ្ងៃ​ទី​២៩ ​ខែ​សីហា​ ឆ្នាំ២០១៤។
បេក្ខជន​ប្រលង​សញ្ញា​បត្រ​បាក់ឌុប កំពុង​ពិនិត្យ​មើល​លទ្ធផល​របស់​ខ្លួន​ កាលពី​ថ្ងៃ​ទី​២៩ ​ខែ​សីហា​ ឆ្នាំ២០១៤។ rfi/siv channa
ផ្សាយពាណិជ្ជកម្ម

សិស្ស​ថ្នាក់​ទី១២ នៅ​ស្រុក​កោះធំ ខេត្តកណ្តាល នឹង​ទទួលបាន​ប្រាក់​បួន​សែន​រៀល ពី​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម បើ​ពួកគេ​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំនេះ​ជាប់។ នេះ​ជាការ​ប្រកាស​របស់លោក ស៊ុន ចាន់ថុល ដែល​បាន​សន្យា​បន្ថែមទៀតថា បេក្ខជន​ណា​ដែល​ទទួលបាន​និទ្ទេស​ល្អ ក្នុងសម័យ​ប្រលង​ថ្ងៃទី២៤ និង២៥ ខែសីហា ឆ្នាំ២០១៥ខាង​មុន​នោះ នឹង​បាន​ទោចក្រយានយន្ត​ថ្មី​មួយគ្រឿង​ជា​ង្វាន់«លើកទឹកចិត្ត»។

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹង​ដូច្នេះ តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្រសួង​ពាណិជ្ជកម្ម ដែល​បង្ហាញ​គណៈប្រតិភូ​មួយក្រុម ចុះសួរសុខទុក្ខ និង​សំណេះសំណាល ជាមួយ​សិស្សានុសិស្ស៦៩៣នាក់ មកពី​វិទ្យាល័យ​ប៊ុនរ៉ានី​ហ៊ុនសែន​ព្រែក​តា​ដួង វិទ្យាល័យ​ហ៊ុនសែន​កោះធំ វិទ្យាល័យ​សំពៅ​ពូន និង​វិទ្យាល័យ​កំពង់​កុង ក្នុងស្រុក​ជាប់​ព្រំដែន​វៀតណាម។ នៅ​ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥ លោក​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម បានផ្តល់​ប្រាក់​ឱ្យ​សិស្ស​ម្នាក់​ចំនួន​ពីរម៉ឺន​រៀល និង​គ្រូ​ម្នាក់​បួន​ម៉ឺន​រៀល មុនពេល​ការប្រឡង​ចាប់ផ្តើម​នៅ​ថ្ងៃ​ចន្ទ​សប្ដាហ៍​ក្រោយ។

ព្រឹត្តិការណ៍​បែបនេះ​រីក​រាលដាល​គួរឱ្យកត់សម្គាល់ ក្នុងចំណោម​អ្នកនយោបាយ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា នា​រដូវ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ២០១៤-២០១៥នេះ។

លោក ព្រាប កុល នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា យល់ថា នេះ​ជា​រូបភាព​នៃ​«ការលើកទឹកចិត្ត» និង​ជា«ការធ្វើ​អំណោយ​សប្បុរសធម៌» ហើយ​អ្នកផ្តល់«ចង់បាន​កិត្តិយស មុខមាត់ ការសរសើរ»  និង«ការស្រឡាញ់» ពី​មហាជន ព្រមទាំង​ពី​សិស្ស​និស្សិត។ ទោះបីជា​យ៉ាងណាក៏ដោយ លោក ព្រាប​កុល ជឿថា ក្នុងការ​ប្រលង ទោះបីជា​មិនមាន​អំណោយ​ក៏​សិស្ស​ត្រូវតែ​ខំប្រឹង​ប្រលង​ឱ្យ​ជាប់​ដែរ ព្រោះ​វា​ជា«កាតព្វកិច្ច»របស់​សិស្ស៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ