អានតួអត្ថបទ
កម្ពុជា

រថភ្លើង​ដឹក​អ្នក​ដំណើរ​ភ្នំពេញ-ព្រះសីហនុ មិន​ទាន់​កំណត់​ពេល​ដំណើរ​ការ​ទេ

មក​ទល់​នឹង​ថ្ងៃ​នេះ ខ្សែ​រថភ្លើង​ដឹក​អ្នក​ដំណើរ​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ ដែល​គេ​រំពឹង​ថា​នឹង​ត្រូវ​ដាក់​អោយ​ដំណើរ​ការនៅ​ដើម​ឆ្នាំ២០១៦ នៅ​មិន​ទាន់​មាន​សកម្មភាព​នៅ​ឡើយ​ទេ។ មិន​ទាន់​មាន​សកម្មភាព ព្រោះ​ក្រុមហ៊ុន​កំពុង​សិក្សា​លំអិត​ទៅ​លើ​គម្រោង​នេះ​នៅ​ឡើយ។

ស្ថានីយ៍​រថ​ភ្លើង​នៅ​កម្ពុជា។​
ស្ថានីយ៍​រថ​ភ្លើង​នៅ​កម្ពុជា។​
ផ្សាយពាណិជ្ជកម្ម

លោក ទិត សំអឿន ប្រធាន​ផ្នែក​ពាណិជ្ជកម្ម របស់​ក្រុមហ៊ុន រ៉ូយ៉ាល់ រ៉េលវេ (Royal Railway) បាន​អោយ​ដឹងថា ​ក្រុមហ៊ុន​មិន​ទាន់​កំណត់​ពេល​វេលា​ច្បាស់លាស់ ដើម្ប​ដាក់​អោយ​រថភ្លើង​ដំណើរ​ការ​នៅ​ឡើយ​ទេ ព្រោះ​ក្រុម​ហ៊ុន​កំពុង​តែ​ធ្វើ​ការ​សិក្សា​ផ្ទៃ​ក្នុង​នៅ​ឡើយ។ ក្នុង​ការ​សិក្សា​នេះ រួម​មាន ថ្លៃឈ្នួល​សម្រាប់​អ្នក​ដំណើរ​ម្នាក់​ៗ កាល​វិភាគ​នៃ​ការ​ធ្វើ​ដំណើរ ចំនួន​ទូរ​រថភ្លើង​ដែល​ដាក់​អោយ​រត់​នៅ​លើ​ផ្លូវ​ដែក ​និងចំនួន​អ្នក​ដំណើរ​នៅ​លើ​រថ​ភ្លើង​ជា​ដើម។ លោក​បន្ត​ថា ក្រុមហ៊ុន​នឹង​ធ្វើ​ការ​ផ្សព្វផ្សាយ​ អំពី​កាល​បរិច្ឆេទ​ច្បាស់​លាស់​ទាក់​ទង​នឹង​ការ​ដាក់​អោយ​ដំណើរ​ការ​នូវ​រថ​ភ្លើង​ដឹក​អ្នក​ដំណើរ​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ​ នៅ​ពេល​ដែល​ក្រុម​ហ៊ុន​ធ្វើ​ការ​សិក្សា​រួច​រាល់។

សូម​រំលឹក​ថា កាល​ពី​ដើម​ខែ​មករា ឆ្នាំ​២០១៦ ក្រុមហ៊ុន​រ៉ូយ៉ាល់​រ៉េលវេ បាន​សាកល្បង​ដាក់​អោយ​ដំណើរ​ការ​នូវ​រថភ្លើង​ដឹក​អ្នក​ដំណើរ​ចំនួន​៣ទូរ ពី​រា​ជាយស្ម័យយាន​ភ្នំពេញ​ទៅ​ដល់​ស្ថានីយ​រថភ្លើង​អូដឹម ក្នុង​គោល​បំណង​ដឹក​អ្នក​ដំណើរ​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ។

លោក RUSSEL TIZON មន្ត្រី​ផ្នែក​សេវាកម្ម​អតិថិជន​របស់ក្រុម​ហ៊ុនរ៉ូយ៉ាល់រ៉េលវេ បាន​ប្រាប់​អ្នក​សារព័ត៌​មាន​ក្នុង​ស្រុក​ថា ការ​ចេញ​ដំណើរ​ពី​ភ្នំពេញ​ទៅ​កាន់​ខេត្ត​ព្រះសីហនុ និង​ពី​ខេត្ត​ព្រះសីហនុ​មក​កាន់​ភ្នំពេញ​ត្រូវ​ប្រើ​រយៈ​ពេល ៨ម៉ោង និង​មាន​ចម្ងាយ​ផ្លូវ ២៦០គីឡូម៉ែត្រ ហើយ​បើក​ក្នុង​ល្បឿន ៣៥គីឡូ​ម៉ែត្រ​ក្នុង ១​ម៉ោង។ លោក​ថា​ការ​បើក​ដំណើរ​ការ​ឡើង​វិញ​នេះ​នូវ​ការ​ដឹក​អ្នក​ដំណើរ​នេះ គឺ​ផ្តោត​សំខាន់​លើ​ភ្ញៀវ​ទេសចរ​ និង​ដើម្បី​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរ​តាម​ផ្លូវ​ជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ