អានតួអត្ថបទ
កម្ពុជា

CLC ​មើល​ឃើញ​សេរីភាព​សហជីព​ឆ្នាំ​២០១៧​នៅ​តែ​រួម​តូច ​ខណៈ​រដ្ឋាភិបាល​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​កម្មករ

សហភាព​ការងារ​កម្ពុជា​(CLC)​ លើក​ឡើង​ថា​ស្ថានភាព​សហជីព ​កម្មករ ​ឆ្នាំ​២០១៧​កន្លង​ទៅ ​នៅតែ​ជាការ​ព្រួយ​បារម្ភ ​ខណៈ​ដែល​អ្នក​សហជីព​ទទួល​រង​នូវ​បណ្តឹង​កាន់​តែ​ច្រើន ​និង​ធ្វើ​សកម្មភាព​ប្រកប​ដោយ​ភាព​រួញ​តូច​នៃ​សេរីភាព​។ ​ជាមួយ​គ្នានេះ​អ្នក​សហជីព​ក៏​បាន​មើលឃើញ​ដែរ​ពី​ការ​ប្រឹងប្រែង​របស់​រដ្ឋា​ភិ​បាល ​ដែល​បាន​យកចិត្ត​ទុកដាក់​ដល់ក​ម្មក​រលើ​វិស័យ​កាត់ដេរ​ ខ្លាំងក្លា​ជាង​ឆ្នាំ​មុន​។

សកម្មភាពរបស់សហជីព កម្មករកន្លងមក ជំទាស់នឹងការបង្កើតច្បាប់សហជីព
សកម្មភាពរបស់សហជីព កម្មករកន្លងមក ជំទាស់នឹងការបង្កើតច្បាប់សហជីព CLC
ផ្សាយពាណិជ្ជកម្ម

សហភាព​ការងារ​កម្ពុជា ​ដែល​ប្រមូល​ផ្តុំ​ដោយ​សហជីព​ចំនួន​៨​វិស័យ ​មាន​សមាជិក​ជាង​១០​ម៉ឺន​នាក់​និង​ធ្វើ​សកម្មភាព​គ្រប​ដណ្តប់​លើ​១៦​ខេត្ត ​រាជធានី ​បាន​ឲ្យ​ដឹងថា សេរីភាព​នៃ​ការ​ជួបប្រជុំ​ កូដកម្ម ​បាតុកម្ម ​នៅ​តែ​មានការ​ប្រឈម​មួយ​ចំនួន​។ ​ប្រឈម​ដោយ​សិទ្ធិ​កម្មករ​មានការ​ថយចុះ ​ក្នុង​ការ​ចូលរួម​ជាមួយ​សហជីព​និង​ការ​ចរចា​ផ្សេង​ៗ ​មន្ត្រី​អាជ្ញាធរ​ តុលាការ ​ហាក់ដូច​មានការ​រិត​បន្តឹង​សកម្មភាព​សហជីព​ច្រើន​ជាង​មុន ​រហូត​ដល់​មាន​ការ​ចាប់​ខ្លួន ​ការ​ចោទប្រកាន់ ​និង​ការ​គម្រាម​កំហែង​ផ្សេងៗ​។ ​នេះ​បើតាម​សេចក្តី​ថ្លែងការណ៍​របស់​សហភាព​ការងារ​កម្ពុជា ​ដែល​បាន​ចែកចាយ​ដល់​សារព័ត៌មាន​នៅ​ថ្ងៃ​នេះ​។

របាយការណ៍​របស់​CLC​បន្ត​ថា ​សមត្ថកិច្ច​និង​តុលា​ការ​បន្ត​ជម្រុញ​បណ្តឹង​ព្រហ្មទណ្ឌ​ប្រឆាំង​អ្នក​សហជីព​កាន់តែ​ខ្លាំង​ឡើង​។ ​ច្បាប់​សហជីព ​និង​ស្ថានភាព​នយោបាយ​ចុងក្រោយ​នេះ ​កាន់តែ​ធ្វើ​ឲ្យ​សេរីភាព​របស់​កម្មករ​និង​សហជីព​កាន់តែ​រួញ​តូច​ទៅ​។ ​តាមរយៈ​នេះ​សហភាព​ការងារ​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក​ អាត់ ធន់ ​ក៏បាន​បង្ហាញ​ផងដែរ​ពី​រឿង​ក្តី ​ដែល​ក្រុមហ៊ុន​និង​អាជ្ញាធរ​ប្តឹង​ប្រឆាំង​ពួក​គេ​ទៅ​តុលាការ​ទាំង​អយុត្តិធម៌​មាន​ចំនួន​៤៣​ករណី ​រួមមាន​មនុស្ស៦០៤​នាក់ ​ធៀប​ទៅនឹង​ឆ្នាំ​២០១៦ ​មាន​ការ​កើនឡើង​១៧​ករណី ​និង​ជាប់​ពន្ធនាគារ​១​នាក់​។​

ក្រៅពី​នេះ ​ក៏មាន​ការ​បញ្ឈប់​ថ្នាក់​ដឹកនាំ​សហជីព​និង​កម្មករ​ពី​ការងារ​ជាង​១​ពាន់​នាក់​។ ​ជា​សរុប​កម្មករ​និ​យោ​ជិ​ក​មិនបាន​ចូល​ធ្វើការ​វិញ​ចំនួន​ជាង​២​ពាន់​នាក់ ​តែ​ទទួលបាន​សំណង​ជា​ប្រាក់​ចំនួន​ជាង​៤,៥​លាន​ដុល្លារ​។ ​តាម​CLC​ មាន​ក្រុមហ៊ុន​ចំនួន​៤​ត្រូវ​បាន​បិទ ​បន្សល់​ទុក​កម្មករ​អត់​ការងារ​ធ្វើ​ចំនួន​២៥០០​នាក់ ​តែ​ទាមទារ​សំណង​បាន​ចំនួន​៤,៦​លាន​ដុល្លារ​។ ​ដោយឡែក​CLC ​បាន​រកឃើញ​កម្មករ​សន្លប់​ក្នុង​ឆ្នាំ​២០១៧​ចំនួន​១៦០០​នាក់ ​ធៀប​នឹង​ឆ្នាំ​២០១៦ ​មាន​តែ​១១៦០​នាក់​​ប៉ុណ្ណោះ​។ ​បញ្ហា​សំខាន់​ៗ​ដែល​នាំ​ឲ្យ​សន្លប់​មាន​សុខភាព​ខ្សោយ ​ធ្វើការ​យូរ​ឆ្នាំ​ ថែម​ម៉ោង​ហួស​កម្លាំង ​បរិយាកាស​មិន​ល្អ ​និង​ជាតិ​គីមី​ផ្សេង​ៗ​នៅ​ក្នុង​រោងចក្រ​។

ជាមួយ​គ្នានេះ ​កម្មករ​និ​យោ​ជិ​ក​ដែល​រង​នូវ​គ្រោះថ្នាក់​ការងារ​មាន​ចំនួន​៣៦២​ករណី ​និង​មាន​អ្នក​រងគ្រោះ​សរុប​ជិត​២​ពាន់​នាក់ ​ក្នុងនោះ​មាន​ស្លាប់​២៦​នាក់​។ ​ទោះយ៉ាងណា ​របាយការណ៍​សង្ខេប​រ​បស់​សហភាព​ការងារ​កម្ពុជា ​ក៏​បាន​រំលេច​ផងដែរ​នូវ​សកម្ម​ភាពជា​វិជ្ជមាន​របស់​រដ្ឋាភិបាល ​ដោយ​ប្រមុខ​រដ្ឋាភិបាល ​និង​ស្ថាប័ន​ពាក់ព័ន្ធ​បាន​យក​ចិត្ត​ទុក​ដាក់​មក​លើ​កម្មករ​ច្រើន​ជាង​មុន​។ ​ច្រើនជាង​មុន​តាម​រយៈ​ការ​ចុះ​ទៅ​ជួប​កម្មករ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ជា​ញឹកញាប់ និង​បាន​ដោះស្រាយ​បញ្ហា​ឲ្យ​កម្មករ​មួយ​ចំនួន ​ដូច​ជា​ការ​ជម្រុញ​ឲ្យ​និយោជក​អនុវត្ត​ច្បាប់​ស្តី​ពី​ការងារ​ ការ​តម្លើង​ប្រាក់​ឈ្នួល​អប្បបរមា ​ផ្តល់​សេវា​សុខភាព ​ជាពិសេស​ស្ត្រី​មាន​ផ្ទៃពោះ ​និង​ការ​ដោះស្រាយ​បញ្ហា​អសកម្ម​មួយចំនួន​ទៀត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ