អានតួអត្ថបទ
កម្ពុជា-ច្បាប់

​លោក​រ៉ាត់ រដ្ឋមុនី អាច​ប្រឈម​នឹង​ទោស​ជាប់​ពន្ធនាគារ​យ៉ាង​តិច​១​ឆ្នាំ បើ​សិន​តុលាការ​រក​ឃើញ​កំហុស​

លោក​រ៉ាត់ រដ្ឋមុនី ដែល​បាន​ចូល​រួម​ផលិត​ភាពយន្ត​ឯកសារ​ស្តី​ពី​ការ​លក់​កូន​ស្រី​ជាមួយ​ទូរទស្សន៍​រុស្ស៊ី ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​ក្នុង​ពន្ធនាគារ​កាល​ពី​ល្ងាច​មិញ​នេះ​។ តុលាការ​បាន​ចោទ​ប្រកាន់​លោក​ពី​បទ​ញុះ​ញង់​ឲ្យ​មាន​ការ​រើស​អើង​តាម​មាត្រា​៤៩៦​នៃ​ក្រម​ព្រហ្មទណ្ឌ​។ តាម​មាត្រា​ច្បាប់​នេះ លោក​រ៉ាត់ រដ្ឋមុនី អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​យ៉ាង​តិច​មួយ​ឆ្នាំ បើ​សិន​តុលាការ​រក​ឃើញ​ថា​លោក​បាន​ប្រព្រឹត្ត​កំហុស​មែន​នោះ​។ 

រូបភាព៖ លោករ៉ាត់ រដ្ឋមុនី ដែល​បាន​រួម​ចំណែក​នៅ​ក្នុង​ការ​ផលិ​តវីដេអូ​ឯកសារ​ស្ដីពី​ «ម្ដាយ​ខ្ញុំ​ លក់​ខ្ញុុំ»
រូបភាព៖ លោករ៉ាត់ រដ្ឋមុនី ដែល​បាន​រួម​ចំណែក​នៅ​ក្នុង​ការ​ផលិ​តវីដេអូ​ឯកសារ​ស្ដីពី​ «ម្ដាយ​ខ្ញុំ​ លក់​ខ្ញុុំ» @FB
ផ្សាយពាណិជ្ជកម្ម

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់​កម្ពុជា លោក​រ៉ាត់ រដ្ឋមុនី អាច​ប្រឈម​នឹង​ទោស​ជាប់​ពន្ធនាគារ​ពី១ ឆ្នាំ​ទៅ​៣ឆ្នាំ​និង​ពិន័យ​ជា​ទឹក​ប្រាក់​ពី​២លាន​រៀល​ទៅ​៦លាន​រៀល ប្រសិន​បើ​តុលាការ​កម្ពុជា​រក​ឃើញ​ថា​លោក​បាន​ប្រព្រឹត្ត​បទ​ល្មើស​ញុះ​ញង់​ឲ្យ​មាន​ការ​រើស​អើង​។ បទ​ល្មើស​ញុះញង់​ឲ្យ​មាន​ការ​រើស​អើង​នេះ ត្រូវ​បាន​ចោទ​ប្រកាន់​ឡើង បន្ទាប់​ពី​លោក​រ៉ាត់ រដ្ឋមុនី បាន​ចូល​រួម​ផលិត​ខ្សែ​ភាពយន្ត​ឯកសារ“ម្តាយ​ខ្ញុំ លក់​ខ្ញុំ” ជា​មួយ​ទូរទស្សន៍​RT របស់​រុស្ស៊ី​។ ជាខ្សែ​ភាពយន្ត​ឯកសារ​ដែល​អាជ្ញាធរ​ខ្មែរ​អះ​អាង​ថា​ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខ​មាត់​របស់​កម្ពុជា​។

លោក​រ៉ាត់ រដ្ឋមុនី ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ទៅ​នាំ​ខ្លួន​ពី​ប្រទេស​ថៃ​មក​កាន់​ប្រទេស​កម្ពុជា​កាល​ពី​រសៀល​ថ្ងៃ​ទី១២ ធ្នូ ក្រោយ​ពី​លោក​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់ និង​ឃុំ​ខ្លួន​អស់​រយៈ​ពេល​៥ថ្ងៃ​នៅ​មណ្ឌល​ឃុំ​ខ្លួន​ជន​អន្តោរ​ប្រវេសន៍​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ​។ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ លោក​ត្រូវ​បាន​ចៅ​ក្រម​ស៊ើប​សួរ​នៃ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​សម្រេច​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​ក្នុង​ពន្ធនាគារ ដើម្បី​បន្ត​នីតិ​វិធី​ស៊ើប​អង្កេត​។

អ្នក​ស្រី​ឡុង គឹមហ៊ាង ភរិយា​របស់​លោក​រ៉ាត់ រដ្ឋមុនី បាន​ប្រាប់​បណ្តាញ​សារព័ត៌មាន​ថា អ្នក​ស្រី​មិន​អាច​ទទួល​បាន​ទេ​នូវ​ការ​ចោទ​ប្រកាន់​មក​លើ​ប្តី​អ្នក​ស្រី​បែប​នេះ ព្រោះ​ថា​ប្តី​របស់​អ្នក​ស្រី​មិន​បាន​ធ្វើ​អ្វី​ខុស​នោះ​ឡើយ​។ ជាមួយ​គ្នា​នេះ អ្នក​ស្រី​ក៏​គ្រោង​នឹង​ធ្វើ​បាតុកម្ម​ ដើម្បី​ទាមទារ​រក​យុត្តិធម៌​សម្រាប់​ប្តី​អ្នកស្រី​ផង​ដែរ​។ បន្ថែម​លើ​នេះ អ្នក​ស្រីឡុង គឹមហ៊ាង ក៏​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​កម្ពុជា​គួរ​តែ​កោះ​ហៅ​តំណាង​ទូរទស្សន៍​RT ដើម្បី​មក​បញ្ជាក់​ជុំ​វិញ​ការ​ផលិត​ភាព​យន្ត​ឯកសារ​ទាក់​ទង​នឹង​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​នេះ​។

នាយក​ផលិត​ខ្សែ​ភាព​យន្ត​ឯកសារ“ម្តាយ​ខ្ញុំ លក់​ខ្ញុំ” លោក Pavel Burnatov បាន​សម្តែង​នូវ​ការ​ផ្អើល​ចំពោះ​ការ​ប្រតិកម្ម​របស់​រដ្ឋា​ភិបាល​កម្ពុជា​មក​លើ​ខ្សែ​ភាព​យន្ត​ឯកសារ​របស់​លោក​។ ចំណែក​ទូរទស្សន៍​RT (Russia Today) វិញ បាន​សម្តែង​នូវ​ការ​ព្រួយ​បារម្ភយ៉ាង​ខ្លាំង​ចំពោះ​ការ​ឃុំ​ខ្លួន​លោករ៉ាត់ រដ្ឋមុនី ​។ RT បាន​បញ្ជាក់​ប្រាប់​កាសែតខ្មែរ​ថាមន៍កាលពីថ្ងៃអង្គារ​ថា​ ខ្លួន​កំពុង​តែ​ធ្វើ​គ្រប់​យ៉ាង​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ជួយ​ដោះ​ស្រាយ​បញ្ហា​នេះ​ដែល​ក្នុង​នោះ រួម​មាន​ទាំង​តាម​រយៈ​ផ្លូវ​ទូត​ផង​ដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ