ក្រសួងអប់រំ៖សិស្សមានបញ្ហាសុខភាពមិនទទួលបានការអនុគ្រោះឡើយ
ថ្ងៃទី១នៃដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបដំណើការនៃការប្រឡងគឺមានភាពល្អប្រសើរ។ ប៉ុន្តែសិស្ស២១នាក់មានបញ្ហាសុខភាព។ ប្រឈមបញ្ហានេះក្រសួងអប់រំយុវជន និងកីឡាគ្មានគោលការណ៍ អនុគ្រោះចំពោះពួកគេឡើយ។ តែផ្ទុយទៅវិញ ក្រសួងជំរុញឲ្យគេខំប្រឹងរៀនសូត្រ និងថែរក្សាសុខភាពដើម្បីចូលរួមប្រឡងនាឆ្នាំក្រោយវិញ។ នេះបើតាមការគូសបញ្ជាក់របស់លោក ហង់ ជួនណារ៉ុន។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៥៩
លោករដ្ឋមន្រ្តីបានពន្យល់ថា បើកាលណាមានគោលការណ៍អនុគ្រោះចំពោះសិស្សដែលមានបញ្ហាសុខភាពគឺ ពួកគេអាចយកបញ្ហាសុខភាពធ្វើជាមូលហេតុប្រឡងមិនកើតមានដើម្បីទទួលបានការជាប់ដោយស្វ័យប្រវត្តិ។ តែក្នុងចំណោមបេក្ខជនមានបញ្ហាសុខភាពចំនួន២១នាក់នេះគឺ២នាក់ប្រឡងបានធម្មតាវិញ។
ក្រៅតែពីបញ្ហាសុខភាពរបស់បេក្ខជនហើយ ដំណើរការប្រឡងថ្ងៃដំបូងជួបភាពមិនប្រក្រតីចំនួន៦ករណីផ្សេងទៀត។ ចម្លងពីសំណៅដើម២ករណី លួចចម្លងគ្នា៤ករណី។ដំណោះស្រាយចំពោះបញ្ហានេះ ក្រសួងអប់រំនឹងដោះស្រាយដោយផ្អែកទៅតាមច្បាប់អប់រំដែលមានស្រាប់។ ក៏មានដែរបញ្ហាកើតឡើងចំពោះគ្រូអនុរក្សដែល អនុវត្តខុសបទបញ្ជានាអំឡុងពេលប្រឡង។ នោះគឺការឲ្យគ្នាមកប្រចាំការណ៍ជំនួស ដែលចំណុចនេះក្រសួងមើលឃើញថា បានធ្វើខុសនឹងវិន័យ។
បើតាមការកត់សម្គាល់ពីលោក ហង់ ជួនណារ៉ុន បេក្ខជនប្រឡងនៅឆ្នាំនេះពួកគេបានកាត់បន្ថយខ្លាំងមែនទែន ក្នុងការយកសំណៅឯកសារ ឬទូរសព្ទដៃចូលបន្ទប់ប្រឡង។ ដែលចំណុចនេះលោកចាត់ទុកថា ដំណើរការប្រឡងពីមួយឆ្នាំទៅមួយឆ្នាំ មានភាពល្អប្រសើរ។
ដោយឡែកចំពោះបញ្ហាអាកាសធាតុវិញលោក ហង់ ជួនណារ៉ុន បន្តអះអាងថា មិនបានរំខានដល់ដំណើរការប្រឡងទេ ទោះជានៅខេត្តខ្លះមានភ្លៀងធ្លាក់ចំថ្ងៃនេះក៏ដោយ។ ពាក់ព័ន្ធបញ្ហាអាកាសធាតុនេះដែរ ក្រសួងបានអនុគ្រោះ ប្រសិនបើមាន ភ្លៀងធំ គណៈមេប្រយោគ ប្រធានមណ្ឌល និងអនុរក្ស អាចពន្យារពេលចែកក្រដាសវិញ្ញាសាសរសេររយៈ៣០នាទីក្រោយសំឡេងជួងចាប់ផ្ដើម ប៉ុន្តែមិនអនុញ្ញាតឲ្យពន្យារពេល ប្រមូលវិញ្ញាសានីមួយៗឡើយ។ ចំណែកបេក្ខជនអាចទៅយឺតយ៉ាងយូរបំផុត ១៥នាទី ក្រោយជួងចាប់ផ្ដើមវិញ្ញាសាសរសេរ។
សូមបញ្ជាក់ថា ថ្ងៃទី១នៃដំណើរការប្រឡងនេះ បេក្ខជនមួយពាន់ប្រាំរយនាក់បានអវត្តមានពេលប្រឡង។ ភាគច្រើននៃនាក់អវត្តមាននេះពួកគេគឺជាបេក្ខជនស្វ័យរិន។ ចំនួនអវត្តមាននេះ គឺមានការថយចុះខ្លាំងបើធៀបនឹងការប្រឡងជំនាន់កំណែទម្រង់ដំបូងឆ្នាំ២០១៤ ដែលមានបេក្ខជនអវត្តមានរហូតដល់ទៅជាង៥ពាន់នាក់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ