អានតួអត្ថបទ
កម្ពុជា-ផ្សព្វផ្សាយ

អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី​ពីរ​រូប​ត្រូវ​បាន​ឃាត់​ខ្លួន សង្ស័យ​ពី​បទ​លួច​ផលិត​ព័ត៌មាន​បញ្ជូន​ទៅ​ក្រៅ

លោក អ៊ួន ឈិន និង​លោក យាង សុធារិន ហៅ យាង សុជាមេត្តា គឺ​ជា​អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី​ពីរ​រូប ដែល​ត្រូវ​បាន​អាជ្ញាធរ​ខ័ណ្ឌ​មាន​ជ័យ​ឃាត់​ខ្លួន កាល​ពី​រាត្រី​ថ្ងៃ​ទី ១៤ វិច្ឆិកា នៅ​ក្នុង​បន្ទប់​សណ្ឋាគារ​មួយ ស្ថិត​នៅ​ក្បែរ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ក្រុង​ភ្នំពេញ។ ពួក​គេ​ត្រូវ​បាន សង្ស័យ​ថា បាន​លួច​ដំឡើង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ដោយ​ខុស​ច្បាប់ និង​លួច​ផលិត​ព័ត៌មាន​បញ្ជូន​ពី​ប្រទេស​កម្ពុជា​ទៅ​កាន់​វិទ្យុ​អាស៊ី​សេរី​ដែល​ស្ថិត​នៅ​ទីក្រុង​វ៉ាស៊ីនតោន​សហរដ្ឋ​អាមេរិក។

លោក អ៊ួន ឈិន និង​លោក យាង សុធារិន ហៅ យាង សុជាមេត្តា អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី
លោក អ៊ួន ឈិន និង​លោក យាង សុធារិន ហៅ យាង សុជាមេត្តា អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី @សហការី
ផ្សាយពាណិជ្ជកម្ម

អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី (RFA) ទាំង​ពីរ​រូប ត្រូវ​បាន​សមត្ថកិច្ច​ក្រុង​ភ្នំពេញ នាំ​ខ្លួន​ទៅ​កាន់​បន្ទប់​សណ្ឋាគារ​ម៉ារឌី​វិញ កាល​ពី​វេលា​ព្រឹក​ថ្ងៃ​ទី ១៥ វិច្ឆិកា ដើម្បី​ស្វែង​រក​ភស្តុតាង​បន្ថែម។ ការ​ចុះ​ឆែក​ឆេរ​ដល់​បន្ទប់ ដោយ​មាន​វត្តមាន​របស់​អ្នក​កាសែត​ទាំង​ពីរ គឺ​ធ្វើ​ឡើង​ក្រោម​ការ​បញ្ជា​ផ្ទាល់ ពី​ព្រះរាជអាជ្ញា​តុលាការ​ក្រុង​ភ្នំពេញ លោក អ៊ុំ សុភ័ក្រ បន្ទាប់​ពី​ពួក​គេ​ត្រូវ​បាន​ឃុំ​ខ្លួន​មួយ​យប់ នៅ​ឯ​ស្នង​ការដ្ឋាន​នគរបាល​ក្រុង​ភ្នំពេញ កាល​ពី​យប់​ថ្ងៃ​ទី ១៤ វិច្ឆិកា។

គិត​មក​ទល់​នឹង​រសៀល​ថ្ងៃ​ទី ១៥ វិច្ឆិកា នេះ លោក អ៊ួន ឈិន និង​លោក យាង សុធារិន ហៅ យាង សុជាមេត្តា នៅ​មិន​ទាន់​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​ជា​ផ្លូវ​ការ​តុលាការ​ក្រុង​ភ្នំពេញ​នៅ​ឡើយ​ទេ ប៉ុន្តែ​មាន​ការ​សង្ស័យ​ថា អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី​ទាំង​ពីរ​រូប បាន​លួច​ដំឡើង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ដោយ​ខុស​ច្បាប់ និង​លួច​ផលិត​ព័ត៌មាន​បញ្ជូន​ពី​ប្រទេស​កម្ពុជា​ទៅ​កាន់​វិទ្យុ​អាស៊ី​សេរី​ដែល​ស្ថិត​នៅ​ទីក្រុង​វ៉ាស៊ីនតោន​សហរដ្ឋ​អាមេរិក។ ប៉ុន្តែ​បើ​ផ្អែក​តាម​ចំលើយ​សារភាព​របស់​លោក អ៊ួន ឈិន បាន​ប្រាប់​សមត្ថកិច្ច​នៅ​ពេល​ចាប់​ខ្លួន​កាល​ពី​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី ១៤ វិច្ឆិកា​ថា ខ្លួន​បាន​ជួល​បន្ទប់​សណ្ឋាគារ​ម៉ារឌី ស្ថិត​នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ​នេះ គឺ​ដើម្បី​តម្លើង​ស្ទូឌីយោ​ផលិត​បទ​ចម្រៀង​លក់ និង​សម្រាប់​ច្រៀង​ខារ៉ាអូខេ​ជា​លក្ខណៈ​គ្រួសារ​តែ​ប៉ុណ្ណោះ។

គួរ​ជំរាប​ជូន​ថា នេះ​គឺ​ជា​លើក​ទី​មួយ​ហើយ ដែល​សមត្ថកិច្ច​កម្ពុជា​បាន​ឃាត់​ខ្លួន​អ្នក​កាសែត​វិទ្យុ​អាស៊ី​សេរី (RFA) ទាំង​ពីរ​រូប បន្ទាប់​ពី​មន្រ្តី​រដ្ឋាភិបាល​កម្ពុជា​បាន​ព្រមាន​កាល​ពី​ខែ​កញ្ញា​ថា​ នឹង​ចាត់​វិធានការ​ទៅ​លើ​អ្នក​យក​ព័ត៌មាន​នៃ​វិទ្យុ​អាស៊ី​សេរី បន្ទាប់​ពី​វិទ្យុ​សហរដ្ឋ​អាមេរិក​ផ្សាយ​ជា​ខេមរភាសា​នេះ បាន​សម្រេច​ដក​ការិយាល័យ​របស់​ខ្លួន ចេញ​ពី​ទីក្រុង​ភ្នំពេញ កាល​ពី​ខែ​កញ្ញា ឆ្នាំ២០១៧ ។

នៅ​មិន​ទាន់​មាន​ប្រតិកម្ម​ជា​ផ្លូវ​ការ​ពី​អ្នក​គ្រប់​គ្រង​វិទ្យុ​អាស៊ី​សេរី (RFA) ប្រចាំ​នៅ​ទីក្រុង​វ៉ាស៊ីន​តោន​សហរដ្ឋ​អាមេរិក​នៅ​ឡើយ​ទេ ចំពោះ​ករណី​ចាប់​ខ្លួន​អតីត​បុគ្គលិក​របស់​ខ្លួន​ទាំង​ពីរ​រូប​នេះ។ ប៉ុន្តែ អ្នក​នាំ​ពាក្យ​របស់​វិទ្យុ​អាស៊ី​សេរី លោក រ៉ូហីត ម៉ូហាចាន់ (Rohit Mahajan) បាន​ប្រាប់​កាសែត The Cambodia Daily Online ថា វិទ្យុ​អាស៊ី​សេរី​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំងចំពោះ​ការ​ចាប់​ខ្លួន​នេះ ហើយ​ថា ពួក​គេ​នឹង​តាម​ឃ្លាំ​មើល​បញ្ហា​នេះ​យ៉ាង​យក​ចិត្ត​ទុក​ដាក់។

ចំណែក​លោក អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត ដែល​បាន​រក្សា​ភាព​ស្ងប់​ស្ងាត់​មួយ​រយៈ​ពេល​នេះ បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសបុក​របស់​លោក ដោយ​បាន​ហៅ​ការ​ចាប់​ខ្លួន​អ្នក​កាសែត​ទាំង​ពីរ​រូប​នេះ​ថា​ គឺ​ជា​ការ​បង្ក្រាប និង​រឹត​បណ្តឹង​លើ​សេរីភាព​ដ៏​ធ្ងន់​ធ្ងរ​មួយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ