អានតួអត្ថបទ
កម្ពុជា

អ្នក​ស្រី រ៉ូណា ស្មីត នៅ​តែ​ព្រួយ​បារម្ភ​ពី​ស្ថានភាព​ក្នុង​មជ្ឈមណ្ឌល​ព្រៃ​ស្ពឺ​

នៅ​ព្រឹក​ថ្ងៃពុធ​នេះ អ្នក​ស្រី រ៉ូណា ស្មីត អ្នក​រាយការណ៍​ពិសេស នៃ​អង្គការ​សហប្រជាជាតិ បាន​ជួប​ជាមួយ​នឹង​រដ្ឋ​មន្ត្រី​ក្រសួង​សង្គម​កិច្ច។ អ្នកស្រី រ៉ូណា ស្មីត បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ពី​ស្ថានភាព និង​ការ​បំបិទ​សិទ្ធ​ក្រុម​គ្រួសារ ព្រម​ទាំង​មន្ត្រី​សង្គម​ស៊ីវិល មិន​ឲ្យ​ចូល​ទៅ​សួរ​សុខ​ទុក្ខ​អ្នក​ជាប់​ឃុំ ក្នុង​មជ្ឈមណ្ឌល​ព្រៃស្ពឺ​។ ប៉ុន្តែ​រដ្ឋ​មន្ត្រី​ក្រសួង​សង្គម​កិច្ច លោក វង្ស សូត បាន​ឆ្លើយ​តប​ថា ស្ថានភាព​នៅ​ទី​នោះ ល្អ​ប្រសើរ​ជាង​មុន​ ហើយ​គេ​អាច​ចូលសួរ​សុខទុក្ខ​មនុស្ស​នៅទីនោះ ២៤​ម៉ោង​លើ​២៤​ម៉ោង។

អ្នកស្រី រ៉ូណា ស្មីត អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​។
អ្នកស្រី រ៉ូណា ស្មីត អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​។ @RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ក្នុង​ដំណើរ​ទស្សនកិច្ច​ឈ្វេង​យល់​ពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ក្នុង​ថ្ងៃ​ទី​៣​នេះ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ អ្នកស្រី រ៉ូណា ស្មីត បាន​លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភពី​បំបិទ​សិទ្ធិ​ ហាម​ឃាត់​មិន​ឲ្យ​ក្រុម​គ្រួសារ និង​មន្ត្រី​របស់​អង្គការ​សង្គម​ស៊ីវិល មិន​ឲ្យ​ចូល​ទៅ​សួរ​សុខ​ទុក្ខ​អ្នក​ជាប់​ឃុំ ឬអ្នក​ស្នាក់​នៅ​ ក្នុង​មជ្ឈមណ្ឌល​សុំ​ចត​រាជធានី​ភ្នំពេញ​ ឬ​ហៅថា​មជ្ឈមណ្ឌល​ព្រៃស្ពឺ​។

ជា​ការ​ឆ្លើយ​តប​ រដ្ឋ​មន្ត្រី​ក្រសួង​សង្គម​កិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា លោក វង្ស សូត បាន​ឆ្លើយ​តប​ថា ស្ថានភាព​នៅ​ទីនោះ ល្អ​ប្រសើរ​ជាង​មុន​ច្រើន​ ដោយសារ​តែ​ការ​កសាង​ហេដ្ឋារចនា​សម្ព័ន្ធ​ក្នុង​មណ្ឌល, ​បង្កើន​អគារ​ស្នាក់​នៅ​បន្ថែម​ទៀត ព្រម​ទាំង​ផ្តល់​ការ​ថែទាំ​វេជ្ជសាស្ត្រ​ជា​ដើម។ លើស​ពី​នេះ គេ​អាច​ចូល​សួរ​សុខ​ទុក្ខ​មនុស្ស​នៅ​ទីនោះ បាន​២៤​ម៉ោង​លើ​២៤​ម៉ោង។ ​

ចំណែក​អ្នកនាំពាក្យ​រដ្ឋ​មន្ត្រី​ក្រសួង​សង្គម​កិច្ច បាន​ប្រាប់​វិទ្យុ​បារាំង​បន្ថែម​ថា ក្នុង​ជំនួប​​នោះ ក៏​បាន​លើកឡើង​ពី​វិស័យ​ពិការ​ភាព​ ដែល​មាន​ការ​វិវត្ត​តាម​រយៈ​ការ​ជ្រើស​រើស​ជន​ពិការ​ឲ្យ​ចូល​ធ្វើ​ការ​ ហើយ​ក្រសួង​ក៏​បាន​ពង្រឹង​ការ​ផ្តល់​ប្រាក់​រង្វាន់​សម្រាប់​ជនពិការ ក្នុង​មុខ​ជំនាញ​ផ្សេងៗ​ ពិសេស​នៅក្នុង​ការ​ប្រកួត​កីឡា​សម្រាប់​ជន​ពិការ​ជាដើម។

តាម​ប្រភព​ដដែល​ ចំពោះ​កុមារ និង​ជន​អនាថា ពិសេស​អនីតិជន​ ដែល​មាន​ទំនាស់​នឹង​ច្បាប់ គឺ​ជំរុញ​ឲ្យ​បំបែក​កុមារ​ដែល​នៅក្នុង​ពន្ធនាគារ ទៅ​ដាក់​នៅ​មណ្ឌល​កែប្រែ​ដាច់​ដោយ​ឡែក​ ហើយ​ក្រសួង​កំពុង​កសាង​មណ្ឌល​ថ្មី​នេះ​។

ជុំវិញ​ការ​ស្មុំ​កូន​អន្តរប្រទេស​ ក្រសួង​សង្គម​កិច្ច​បាន​គូស​បញ្ជាក់​ប្រាប់​អ្នក​ស្រី រ៉ូណា ស្មីត ថា មាន​ចំនួន​ថយ​ចុះ​ ហើយ​ក្រសួង​យក​ទឹក​ចិត្ត​ក្នុង​ការ​រក​អាណាព្យាបាល​ទទួល​សុំ​ចិញ្ចឹម​កូន​នៅ​ក្នុង​ស្រុក​ឲ្យ​អស់​លទ្ធភាព មុន​នឹង​អនុញ្ញាត​ឲ្យ​ស្មុំ​កូន​អន្តរ​ប្រទេស​។

សូម​ជម្រាប​ដែរ​ថា កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ អ្នក​ស្រី រ៉ូណា ស្មីត បាន​ជួប​ជាមួយ​អភិបាល​ក្រុង​ភ្នំពេញ និង​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ព្រម​ទាំង​ក្រសួង​យុត្តិធម៌​។ ក្នុង​ឱកាស​នេះ អ្នក​ស្រី​បាន​លើក​ឡើង​ពី​ស្ថានភាព​សិទ្ធិ​ទូទៅ​នៅ​កម្ពុជា និង​ពិសេស​ការ​វាយ​ដំ​ទៅ​លើ​មន្ត្រី​សិទ្ធិ​មនុស្ស កាល​ពី​ថ្ងៃ​ចន្ទ​ គឺ​ចំ​ពេល​នៃ​ថ្ងៃ​ផ្តើម​ធ្វើ​ទស្សនកិច្ច​​របស់​អ្នក​ស្រី​។

ចំណែក​នៅ​ពេល​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ អ្នកស្រី ស្មីត បាន​រម្លឹក​ពី​បញ្ហា​កកស្ទះ​ចំនួន​អ្នក​ទោស​ក្នុង​ពន្ធនាគារ។ អ្នកស្រី​ស្នើ​ឲ្យ​មាន​តម្លាភាព​សេវា​យុត្តិធម៌​ និង​ការ​អនុវត្ត​ទោស​សហគមន៍ ដោយ​ឲ្យ​អ្នក​ទោស​ស្រាល​ទៅ​ជួយ​ធ្វើ​ការងារ​សង្គម។ លើស​ពីនេះ ​អ្នក​ស្រី​ប្រឆាំង​នឹង​ការ​ពពោះ​ជំនួស ហើយ​អ្នក​ស្រី​គាំទ្រ​ឲ្យ​មាន​ច្បាប់​ទប់​ស្កាត់​​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ