សហព័ន្ធស្រូវអង្ករបង្កើតក្រុមការងារដោះស្រាយការនាំអង្ករគេចពន្ធពីរៀតណាម
សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី៩ មីនានេះបានរៀបចំសន្និសីទសារព័ត៌មានស្តីពីបញ្ហាប្រឈមនៃវិស័យស្រូវអង្ករនៅកម្ពុជា។ ថ្លែងនៅក្នុងសន្និសីទ លោក សុខ ពិទ្ធីវុធ ប្រធានសហព័ន្ធស្រូវអង្ករបានលើកឡើងថាការបង្កើតក្រុមការងារនេះគឺដើម្បីដោះស្រាយបញ្ហាស្រូវអង្ករជាបន្ទាន់នៅកម្ពុជា។ ជាបញ្ហាដែលមានការហូរចូលនៃ អង្ករពីប្រទេសជិតខាងជាពិសេសវៀតណាមដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ទីផ្សារអង្ករនៅកម្ពុជា។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០១:៤៥
ក្រុមការងារដោះស្រាយបញ្ហាបន្ទាន់មួយត្រូវបានបង្កើតឡើងដើម្បីដោះស្រាយបញ្ហាស្រូវអង្ករនៅប្រទេសកម្ពុជា។ កម្ពុជាដែលជាប្រទេសផលិតស្រូវ ប៉ុន្តែបច្ចុប្បន្ននេះកំពុងមានបញ្ហាគួរឱ្យកត់សម្គាល់ ព្រោះតែមានការហូរចូលអង្ករពីប្រទេសវៀតណាម ហើយបានប៉ះពាល់ទីផ្សារអង្ករនៅស្រុកខ្មែរ។ ស្រូវស្រុកខ្មែរដែលថ្លៃដើមផលិតមានតម្លៃខ្ពស់ជាងប្រទេសជិតខាង។ លោក សុខពុទ្ធីវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានអះអាងថាក្រុមការងារនេះ មានកិច្ចការងារសំខាន់ចំនួន៥គឺ ការទប់ស្កាត់ការហូរចូលពីប្រទេសវៀតណាម ការជួយគាំពារទៅដល់សមាជិកដែលជារោងម៉ាស៊ីនកិនស្រូវដែលត្រូវការហិរញ្ញប្បទានពីរដ្ឋាភិបាលដើម្បីទិញស្រូវ និងនាំអង្ករចេញជាដើម។
សហព័ន្ធស្រូវអង្ករកម្ពុជាបានបញ្ជាក់ថាបច្ចុប្បន្ននេះដោយសារតែភាពធូររលង់នៅតាមព្រំដែនបានធ្វើឱ្យអង្ករពីប្រទេសវៀតណាមហូរចូលទីផ្សារកម្ពុជាដោយគ្មានការបង់ពន្ធ ឬបង់ពន្ធមិនគ្រប់ជាដើម។ លោក គឹម សាវុធ អនុប្រធានសហព័ន្ធស្រូវអង្ករបានលើកឡើងថា ប្រការនេះបានធ្វើឱ្យរោងម៉ាស៊ីនស្រូវនៅកម្ពុជាមួយចំនួនបានពិបាករកស៊ី និងក្ស័យធន់ជាដើម។ លោក គឹម សាវុធ បានសង្កត់ធ្ងន់ កម្ពុជាមិនបិទទីផ្សារសេរីនោះទេ ប៉ុន្តែរាល់ការនាំចូលទាំងអស់ត្រូវតែគោរពច្បាប់និងមានអាជ្ញាប័ណ្ណ។ យ៉ាងណាក៏ដោយ សហព័ន្ធស្រូវអង្ករមិនបានបញ្ជាក់នោះទេថាតើឈ្មួញបាននាំអង្ករខុសច្បាប់ចូលប្រទេសកម្ពុជាមានទំហំប៉ុណ្ណានោះ។ សម្រាប់សហព័ន្ធស្រូវអង្ករកម្ពុជា ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ គឺមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធដែលរួមមានអាជ្ញាធរ និងរដ្ឋាភិបាលតែប៉ុណ្ណោះ។
សូមរំលឹកថាកម្ពុជាបានបរាជ័យក្នុងការនាំអង្ករចេញឱ្យបានមួយលានតោនក្នុងឆ្នាំ២០១៥កន្លងទៅ។ រដ្ឋាភិបាលក៏ដូចជាសហព័ន្ធស្រូវអង្ករបានលើកពីមូលហេតុពីកត្តាប្រកួតប្រជែងពីខាងក្រៅ និងកត្តាខាងក្នុងប្រទេសខណៈដែលកម្ពុជាមិនអាចមានលទ្ធភាពប្រមូលទិញស្រូវនៅទូទាំងប្រទេសបាននោះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ