អានតួអត្ថបទ
កម្ពុជា-សង្គម

​សមត្ថ​កិច្ច​ថា នឹ​ង​ស្រាវ​ជ្រាវ និង​ស៊ើប​អង្កេត​រក​ឱ្យ​ឃើញ​មេ​ខ្លោង​គ្រឿង​ញៀន​នៅ​មជ្ឈ​មណ្ឌល​រ៉ុក​

គិត​មក​ដល់​ព្រឹក​ថ្ងៃ​ចន្ទ ទី២៥ កុម្ភៈ​នេះ អាជ្ញាធរ​មាន​សមត្ថកិច្ច កំពុង​តែ​បន្ត​សួរ​ចម្លើយ​លើ​មនុស្ស​ជាង​៣០០​នាក់​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​ពាក់​ព័ន្ធ​បញ្ហា​គ្រឿង​ញៀន​នៅ​ក្នុង​មជ្ឈមណ្ឌល​រ៉ុក​។ អាជ្ញាធរ​បាន​អះអាង​ថា​ អ្វីៗ​កំពុង​ស្ថិត​ក្នុង​ការ​ស៊ើប​អង្កេត​ស្រាវ​ជ្រាវ ដើម្បី​រក​ឱ្យ​ឃើញ​មេ​ខ្លោង​គ្រឿង​ញៀន​នៅ​ក្នុង​មជ្ឈ​មណ្ឌល​រ៉ុក​នេះ យក​ទៅ​ផ្តន្ទា​ទោស​តាម​ច្បាប់​។ 

ជនដែលទៅកំសាន្តនៅឯមជ្ឈមណ្ឌលរ៉ក ហើយត្រូវបានឃាត់ខ្លួន
ជនដែលទៅកំសាន្តនៅឯមជ្ឈមណ្ឌលរ៉ក ហើយត្រូវបានឃាត់ខ្លួន @FB
ផ្សាយពាណិជ្ជកម្ម

លោក​ម៉ក់ ជី​តូ អគ្គ​ស្នងការរង​នគរបាលជាតិ ​និងជា​អគ្គលេខា​ធិការរង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀ​នបាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ថា អាជ្ញាធរ​នឹង​បន្ថែម​ពេល​វេលា​២៤​ម៉ោង​ទៀត ដើម្បី​បន្ត​សាក​សួរ​រក​ចម្លើយ​លើ​ជន​សង្ស័យ​ពាក់​ព័ន្ធ​គ្រឿង​ញឿន​ជាង​៣០០​នាក់​ក្នុង​គោល​បំណង​រក​ឱ្យ​ឃើញ​នូវ​មេខ្លោង​គ្រឿង​ញៀន​នៅ​ក្នុង​មជ្ឈ​មណ្ឌល​រ៉ុក​។ លោក​ថា តុលាការ​ក៏​បាន​ឯក​ភាព​នឹង​អាជ្ញាធរ​ហើយ​ដែរ​ក្នុង​ការ​បន្ថែម​ពេល​វេលា​សាក​សួរ​នេះ​។ យ៉ាង​ណា​ក៏​ដោយ មក​ទល់​នឹង​ពេល​នេះ អាជ្ញាធរ​នៅ​មិន​ទាន់​រក​ឃើញ​ប្រភព​នៃ​ការ​ចែក​ចាយ​គ្រឿង​ញៀន និង​មេ​ខ្លោង​នៅ​ឡើយ​ទេ​។

គួរ​បញ្ជាក់​ថា កង​កម្លាំង​នគរ​បាល​រាជធានី​ភ្នំពេញ​កាល​ពី​យប់​ថ្ងៃ​ទី​២២ កុម្ភៈកន្លងទៅ បាន​ឆ្មក់​ចូល​ទៅ​ចាប់​ឃាត់​ខ្លួន​មនុស្ស​ប្រុស ស្រី ដែល​ភាគ​ច្រើន​ជា​យុវជន​ចំនួន​ជាង​៣០០​នាក់​នៅ​ក្នុង​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក​សង្ស័យ​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​គ្រឿង​ញៀន​។ ក្នុង​នោះ ក៏​មាន​ជន​ជាតិ​ចិន​ចំនួន​១៤​នាក់​ផង​ដែរ​។ បន្ទាប់​ពី​ឃាត់​ខ្លួន សមត្ថកិច្ច​បាន​ដក​ហូត​នូវ​សារ​ធាតុ​ញៀន​ប្រមាណ ៥០ គីឡូ​ក្រាម​ និង​កាំភ្លើង​ខ្លី​មួយ​ដើម​។ ក្រោយ​ប្រតិបត្តិ​ការ​នេះ​មួយ​ថ្ងៃ សមត្ថកិច្ច​ក៏​បាន​សម្រេច​បិទ​មជ្ឈមណ្ឌល​រ៉ុក ដើម្បី​ផ្ដល់​លទ្ធភាព​ឱ្យអាជ្ញាធរ និង តុលា​ការ​បន្ត​នីតិវិធី​ស្រាវជ្រាវរក​ប្រភព​នៃ​ការ​នាំចូល​គ្រឿង​ញៀន​និង​ក្រុម​ជនល្មើស។

ក្រុម​ជន​សង្ស័យ​ទាំង​ជាង​៣០០​នាក់ កំពុង​ស្ថិត​នៅ​ស្នង​ការ​នគរបាល​រាជ​ធានី​ភ្នំពេញ​នៅ​ឡើយ​គិត​ត្រឹម​ថ្ងៃ​នេះ ដើម្បី​បន្ត​សាក​សួរ​ចម្លើយ និង​ស្រាវ​ជ្រាវ​វែក​រក​មុខ​មេខ្លោង​។ បើ​តាម​លោក​ម៉ក់ ជីតូ អាជ្ញាធរ​បាន​ញែក​ក្រុម​ជន​សង្ស័យ​ទាំង​នេះ​ជា​បី​ក្រុម គឺ​ក្រុម​មិន​ជាប់​ពាក់​ព័ន្ធ​គ្រឿង​ញៀន នឹង​ត្រូវ​ធ្វើ​ការ​អប់រំ​ណែ​នាំ​និង​ឱ្យ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​។ រីឯ​ក្រុម​ប្រើប្រាស់​គ្រឿង​ញៀន​នឹង​បញ្ជូន​ទៅ​កាន់​មណ្ឌល​បន្សាប​គ្រឿង​ញៀន ចំណែក​ក្រុម​ចែក​ចាយ​គ្រឿង​ញៀន នឹង​ត្រូវ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​តុលាការ​។ ប៉ុន្តែ​នៅ​ពេល​នេះ លោក​ថា មិន​ទាន់​សរុប​បាន​នៅ​ឡើយ​ទេ ថា​តើ​អ្នក​ណា​ខ្លះ​ជា​អ្នក​ចែក​ចាយ​ អ្នក​ប្រើ​ប្រាស់ និង​អ្នក​មិន​ជាប់​ពាក់​ព័ន្ធ​។

ដោយ​ឡែក ទាក់​ទង​នឹង​វិធាន​ការ​ច្បាប់​ទៅ​លើ​ម្ចាស់​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក​វិញ លោក​ម៉ក់ ជីតូ មិន​អាច​បញ្ជាក់​ឱ្យ​បាន​ច្បាស់​លាស់​នោះ​ទេ ដោយ​លោក​អះអាង​ថា កំពុង​កសាង​សំណុំ​រឿង​ទៅ​កាន់​តុលាការ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ហើយ​រឿង​ឃាត់​ខ្លួន​យ៉ាង​ណា​យ៉ាង​ណី​នោះ គឺ​រង់​ចាំ​មើល​លទ្ធផល​នៃ​ការ​កសាង​សំណុំ​រឿង​នេះ​សិន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ